ថ្លើមដើរតួនាទីច្រើនណាស់ក្នុងរាងកាយមនុស្សយើង។ ថ្លើមដែលមានសុខភាពល្អមានសារៈសំខាន់ណាស់ចំពោះការរំលាយអាហារប្រកបដោយសុខភាព និងត្រឹមត្រូវ។ ថ្លើមក៏ជួយថែរក្សាប្រព័ន្ធភាពស៊ាំឱ្យមានសុខភាពល្អ បញ្ចេញជាតិពុល និងរក្សាទុកជីវជាតិសំខាន់ៗជាច្រើនដែលរាងកាយត្រូវការ និង ផលិតជាទឹកប្រមាត់ដើម្បីរំលាយអាហារ ផងដែរ។
បើគ្មានថ្លើមដ៏មានសុខភាពល្អទេ រាងកាយអាចនឹងមានភាពទ្រុតទ្រោមលឿន។ ជំងឺថ្លើមបង្កឱ្យមានបញ្ហាផ្សេងៗច្រើនណាស់ ព្រោះថ្លើមជាអ្នកទ្រទ្រង់ដល់រាងកាយទាំងមូលតាមវិធីសាស្ត្ររបស់វាជាច្រើន។
ជំងឺថ្លើមអាចបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A, B និង C។ ជំងឺថ្លើមផ្សេងៗទៀតអាចកើតឡើងដោយសារមហារីក ហ្សែន ឬការញ៉ាំគ្រឿងស្រវឹង ឬឱសថច្រើន។ ជំងឺ Hemochromatosis គឺជាជំងឺតពូជ ឯជំងឺក្រិនថ្លើម កើតឡើងដោយសារជាលិកាថ្លើមទៅជាសម្លាក។ ការកើតលឿងក៏មានមូលហេតុរបស់វាច្រើនណាស់ដែរដូចជា ជំងឺឈាម ជំងឺថ្លើមផ្សេងៗ ការបង្ករោគ ឬប្រើថ្នាំជាដើម។
អាការៈល្ហិតល្ហៃ មិនឃ្លានអាហារ និងឈឺពោះផ្នែកខាងលើ ព្រមទាំងស្បែកឡើងលឿងទៀតនោះសុទ្ធតែជាសញ្ញាដំបូងគេនៃជំងឺថ្លើមហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលអាចជួយថែរក្សាថ្លើមឱ្យនៅមានសុខភាពល្អបាន។
ខ្ទឹមស
ខ្ទឹមសគឺជាអាហារដ៏អស្ចារ្យមួយដែលជួយដោះស្រាយជំងឺជាច្រើនបាន ហើយក្នុងនោះក៏មានថ្លើមផងដែរ។ ដោយសារតែវាមានសារធាតុសេឡេញ៉ូមខ្ពស់ ដូច្នេះវានឹងជួយសម្អាតថ្លើមបាន។ ខ្ទឹមសជួយច្រោះជាតិពុលពីក្នុងខ្លួន និងបង្កើតអត់ស៊ីមរបស់ថ្លើម។
ចូរញ៉ាំខ្ទឹមសពីរបីកំពឹងពេលនៅពោះទទេ
បញ្ចូលខ្ទឹមសទៅក្នុងអាហារផង ប៉ុន្តែការញ៉ាំឆៅគឺមានប្រយោជន៍ច្រើនជាង។
ល្ហុង
ល្ហុងស្រស់អាចជួយបញ្ហាក្រិនថ្លើមបាន។ គ្រាប់ល្ហុងក៏អាចប្រើ ព្យាបាលជំងឺដោយខ្លួនឯងដ៏មានប្រយោជន៍ណាស់ដែរ។
ចូរញ៉ាំល្ហុងស្រស់សម្រាប់អាហារពេលព្រឹករាល់ថ្ងៃ ហើយវាក៏ជាទម្លាប់ជួយឱ្យសុខភាពល្អបានយូរដែរ
ញ៉ាំទឹកល្ហុងលាយនឹងទឹកក្រូចឆ្មារដើម្បីព្យាបាលអាការៈក្រិនថ្លើមកាន់តែមានប្រសិទ្ធភាព
យកទឹកដែលចម្រាញ់ចេញពីគ្រាប់ល្ហុងលាយញ៉ាំជាមួយទឹកក្រូចឆ្មារ។
រមៀត
សមាសធាតុប្រឆាំងនឹងមេរោគ និងអង់ទីអុកស៊ីដង់របស់រមៀតល្អបំផុតសម្រាប់ថ្លើម។
ចូរញ៉ាំរមៀតជាមួយទឹកដោះគោ ឬទឹកឃ្មុំ
ចូរប្រើវាសម្រាប់ចំអិនអាហារឱ្យបានច្រើនតាមតែអាចធ្វើបានរាល់ថ្ងៃ។
ផ្លែបឺរ
ផ្លែឈើសម្បូរជាតិខ្លាញ់មួយនេះនឹងជួយដល់ការផលិត Glutathione ដែលអាចជួយថ្លើមច្រោះជាតិពុលបាន។
ចូរញ៉ាំផ្លែឈើមួយនេះជាអាហារសម្រន់
ចូរប្រើវាសម្រាប់ធ្វើជាបង្អែម។
ផ្លែប៉ោម
សារធាតុ Pectin ក្នុងផ្លែប៉ោមនឹងជួយបញ្ចេញជាតិពុលពីក្នុងផ្លូវរំលាយអាហារ ដូច្នេះវាក៏ជួយកាត់បន្ថយការធ្វើការងារហួសហេតុរបស់ថ្លើមបានដែរ។
ចូរញ៉ាំផ្លែប៉ោមក្រោយពីញ៉ាំអាហារពេលយប់រួច ឬញ៉ាំទឹកផ្លែប៉ោមយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីថ្លើមមានសុខភាពល្អ
ប្រើប្រាស់ផ្លែប៉ោមធ្វើជាសាឡាត់ និងបង្អែម៕