ថ្លើមគឺជាសរីរាង្គមួយក្នុងចំណោមសរីរាង្គសំខាន់ៗរបស់រាងកាយមនុស្សយើង។ ចំណីអាហារទាំងអស់ដែលយើងបរិភោគត្រូវឆ្លងកាត់ថ្លើមសិន មុននឹងត្រូវបានបញ្ជូនទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ថ្លើមមានមុខងារជាច្រើន ហើយដើរតួជាពិសេសនៅក្នុងដំណើរការសរីរសាស្ត្រផ្សេងៗ ដូចជាមុខងារមេតាបូលីស និងការបំបាត់ជាតិពុលក្នុងឈាម ជាដើម។
ដោយហេតុនេះ សុខភាពរបស់យើងមានការទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការរបស់ថ្លើម។ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍ដល់ទេ មិនតែប៉ុណ្ណោះបានទាំងប្រកាន់យកទម្លាប់មិនល្អមួយចំនួនថែមទៀត ដែលមានការប៉ះពាល់យ៉ាងខ្លាំងទៅលើថ្លើម៖
១- ការសេពសុរាច្រើនខ្លាំងពេក
ការសេពសុរាច្រើនពេកធ្វើឱ្យមុខងារបំបាត់ជាតិពុលរបស់ថ្លើមថយចុះ ព្រោះថ្លើមបានប្រមូលកម្លាំងទាំងអស់មកលើការបន្សាបសុរា ហើយទម្លាក់មុខងារបំបាត់ជាតិពុលផ្សេងៗទៀតចោល រួចក៏រងប្រតិកម្មគីមីដែលបំផ្លាញកោសិកាខ្លួនឯង ទៅជាមានរោគក្រិនថ្លើមទៅ។
២- ការប្រើឱសថច្រើនខ្លាំងពេក
ថ្លើមមានតួនាទីរំលាយអ្វីៗទាំងអស់ដែលយើងអាស្រ័យចូលទៅ រួមទាំងឱសថផង។ បើកាលណាយើងលេបឱសថច្រើនខ្លាំងពេក បើទោះបីជាឱសថធម្មជាតិក៏ដោយ ថ្លើមក៏នឹងរងការខូចខាតដែរ។
៣- បារី
បារីមានជាតិពុលដែលប៉ះពាល់ទៅដល់កោសិកាថ្លើម ព្រោះបង្កអ្វីដែលគេហៅថា stress oxydatif ដែលធ្វើឱ្យថ្លើមមានប្រតិកម្មតបដើម្បីការពារខ្លួន ហើយមានដំណើរការខុសប្រក្រតី។
៤- ការដេកមិនគ្រប់គ្រាន់
ការដេកមិនគ្រប់គ្រាន់ក៏អាចបង្ក stress oxydatif លើថ្លើមបានដែរ ធ្វើឱ្យមេតាបូលិសដំណើរការមិនល្អ មានការកកជាតិខ្លាញ់កាន់តែច្រើនឡើង។ ម្យ៉ាងទៀត កាលណាយើងដេកមិនគ្រប់គ្រាន់ ការជួសជុលផ្សេងៗដែលប្រព្រឹត្តទៅនៅពេលដេកលក់ ក៏មិនអាចកើតមានបានដែរ។
៥- ការធាត់ដុះពោះ និងចំណីអាហារខ្វះសុខភាព
ការធាត់ខ្លាំងពេកមានអំពើដូចជាការសេពសុរាដែរ ព្រោះធ្វើឱ្យមានការកកជាតិខ្លាញ់នៅក្នុងថ្លើម ហើយថ្លើមក៏លែងអាចត្រួតពិនិត្យជាតិស្ករនៅក្នុងឈាមបាន៕