អាហារខ្លះ ផ្ទុកទៅដោយសារធាតុជាច្រើន ដែលអាចកែប្រែក្លិនញើសរបស់អ្នកបាន។ ញើស គឺគ្មានក្លិនឡើយ ប៉ុន្តែ នៅពេលបាក់តេរី ចាប់ផ្តើមបំបែកអាស៊ីតអាមីណេក្នុងញើសអ្នកហើយ វានឹងអាចកើតជាក្លិនមិនល្អបាន។ អាហារដែលច្រើនតែ ធ្វើឲ្យមានក្លិនខ្លួនមិនល្អជាញឹកញាប់នោះ មានដូចជា ៖
សាច់ក្រហម
អាស៊ីតអាមីណេប្រភេទ Carnitine ដែលមានក្នុងសាច់ក្រហម ដូចជា សាច់ជ្រូក និងសាច់គោនោះ ត្រូវបានគេដឹងថា បន្សល់កាកសំណល់របស់វាក្នុងពោះវៀន។ ការសំណល់នេះ នឹងត្រូវបានអង់ស៊ីមមួយឈ្មោះថា Monooxygenases បំផ្លាញ ដើម្បីបញ្ចេញចោលដោយគ្មានក្លិន។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិនខ្លួនមិនល្អ អាចកើតមាននៅពេលដែលបាក់តេរីក្នុងពោះវៀន មានចំនួនតិចតួច ឬបាត់បង់ច្រើន។
បន្លែមួយចំនួន
ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម និងស្លឹកខ្ទឹម សុទ្ធតែជាបន្លែស្ថិតក្នុងត្រកូលក្លិនមិនល្អ ព្រោះវាផ្ទុកទៅដោយជាតិស្ពាន់ធ័រ ដែលអាចផ្តល់ក្លិនដូចគ្នា នឹងស៊ុតស្អុយរលួយអញ្ជឹង។ ជាតិស្ពាន់ធ័រទាំងនេះ អាចចូលទៅក្នុងចរន្តឈាម និងផ្លាស់ប្តូរក្លិនខ្លួនរបស់អ្នកបាន។
គ្រឿងស្រវឹង
ថ្លើមអ្នកនឹងរំលាយជាតិអាល់កុល ទៅជាអាស៊ីតអាសេទិច។ សារធាតុនេះ មានមួយចំនួនបញ្ចេញទៅក្នុង ប្រព័ន្ធរំលាយអាហារ និងញើស។ ដូច្នេះ នៅពេលអ្នកញ៉ាំគ្រឿងស្រវឹងច្រើនពេក អ្នកមិនត្រឹមតែមានក្លិនមាត់មិនល្អទេ ក្លិនខ្លួនក៏អាក្រក់ដែរ។
អាហារមានជាតិកាបូអ៊ីដ្រាតទាប
អ្នកដែលញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតទាប ប្រហែលជាសម្គាល់ឃើញថា ខ្លួនរបស់គេមានក្លិន ដូចជាស៊ុត ឬអាម៉ូញ៉ាក់។ នេះដោយសារតែរាងកាយ ផលិតសារធាតុ Acidic ដែលមានលក្លិនជាកេតូន នៅពេលកង្វះជាតិកាបូអ៊ីដ្រាត៕