រាងកាយរបស់មនុស្សយើងម្នាក់ៗ នឹងបាត់បង់ជាតិទឹក តាមរយៈការបែកញើស និងទឹកនោមរាល់ថ្ងៃ ហេតុដូច្នេះហើយ ទើបតម្រូវឲ្យអ្នក បន្តញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ឡើងវិញ ដើម្បីជំនួសនូវជាតិទឹកដែលបានបាត់បង់។
ចំពោះភេសជ្ជៈផ្សេងៗដូចជា ភេសជ្ជៈមានជាតិហ្គាស កាហ្វេ និងទឹកផ្លែឈើ មិនគួរណាជាតម្រូវការរបស់អ្នក ដើម្បីបង្គ្រប់ជាតិទឹកទេ។ កាហ្វេ និងភេសជ្ជៈមានជាតិហ្គាស សម្បូរជាតិកាហ្វេអ៊ីនណាស់ ហើយក៏ដើរតួនាទីជាសារធាតុបញ្ចុះទឹកនោម ធ្វើឲ្យខ្សោះជាតិទឹកដែរ។ ទឹកផ្លែឈើ និងភេសជ្ជៈមានជាតិផ្អែម សុទ្ធតែជាប្រភេទដ៏សំខាន់នៃជាតិស្ករប្រភេទ Fructose តែវាគ្រាន់តែជួយធ្វើឲ្យ សុខភាពអ្នកទ្រុតទ្រោមប៉ុណ្ណោះ។
ប៉ុន្តែ ការញ៉ាំទឹកក្នុងទម្រង់មួយសុទ្ធធម្មតា គឺជារបស់ដ៏សំខាន់ ដើម្បីបង្គ្រប់ជាតិទឹកអ្នកបាន។ ប៉ុន្តែ តើធ្វើម៉េចទើបដឹងថា រាល់ថ្ងៃនេះ អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់ទៅ? តាមក្បួនដ៏ល្អមួយនិយាយថា អ្នកគួរតែញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែរឿងនេះ ប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់មនុស្សមួយចំនួន ហើយក៏អាចច្រើនពេកដែរ។
តម្រូវការជាតិទឹករបស់មនុស្សម្នាក់ អាចមានលក្ខណៈខុសៗគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យទៅតាមកត្តាជាច្រើន ដូចជា កម្រិតនៃការធ្វើសកម្មភាពនានា និងអាកាសធាតុជាដើម។ រាងកាយអ្នកក៏អាចប្រាប់ឲ្យអ្នកដឹងថា ពេលណាអ្នកត្រូវបង្គ្រប់ជាតិទឹកដោយខ្លួនឯង ដោយការញ៉ាំទឹកដែរនោះ គឺជាការស្រេកទឹកតែម្តង។ សំណាងដែរ មានវិធីសាស្ត្រមួយចំនួន ដែលអាចបញ្ជាក់ថា អ្នកត្រូវការញ៉ាំទឹកបន្ថែម ឬក៏អត់ បើសិនជាអ្នកមិនមានអារម្មណ៍ស្រេកទឹកផងនោះ។
សញ្ញាដែលបញ្ជាក់ថា អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ ៖
នោមញឹក
ជាមធ្យម មនុស្សមានសុខភាពល្អម្នាក់ ត្រូវការនោមប្រហែលជា ៧ ទៅ ៨ ដងក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិននោមសោះ ក្នុងរយៈពេលច្រើនម៉ោងនោះ វាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែញ៉ាំទឹកមិនបានគ្រប់គ្រាន់ហើយ។
ស្បែកស្ងួត
ចូរចាំថា ស្បែកដែលមានសុខភាពល្អ គឺស្បែកដែលមានសំណើមជាតិទឹកគ្រប់គ្រាន់។ ស្បែកដែលស្ងួត ក៏ជាសញ្ញាមួយនៃការខ្សោះជាតិទឹកដែរ។ បើសិនជាអ្នកតែងតែប្រើប្រាស់ក្រែមលាបមាត់ និងឡូសិននោះ មានន័យថា អ្នកនៅតែមានស្បែកស្ងួតដដែលទេ ដូច្នេះ អ្នកពិតជាអាចកើតបញ្ហាខ្សោះជាតិទឹកហើយ។
ឈឺក្បាល
ការឈឺក្បាលតិចតួច ឬកម្រិតមធ្យម ជាពិសេស មានផ្សំជាមួយនឹងរោគសញ្ញានៃការខ្សោះជាតិទឹកនោះ វាអាចជាសញ្ញាមួយផ្សេងទៀតហើយ ដែលអ្នកត្រូវការញ៉ាំទឹកបន្ថែម។ បើសិនជាអ្នកកំពុងតែមាន បញ្ហាឈឺក្បាលតិចៗជាប់នោះ រាងកាយអ្នកប្រហែលជាកំពុងតែ ព្យាយាមប្រាប់ឲ្យញ៉ាំទឹកច្រើនបន្តិចហើយ។
ស្ងួតមាត់
មាត់ដែលស្ងួត ប្រហែលជាបញ្ជាក់ឲ្យដឹងថា អ្នកខ្សោះជាតិទឹកតិចតួច ដូច្នេះ អ្នកត្រូវតែញ៉ាំទឹកបន្ថែមហើយ។ ប៉ុន្តែ ចូរចាំថា ថ្នាំមួយចំនួន ប្រហែលជាធ្វើឲ្យស្ងួតមាត់ដែរ ដូច្នេះ វាគ្រាន់តែជាផលរំខានមួយរបស់ថ្នាំប៉ុណ្ណោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែដាក់ទឹកមួយដបតាមខ្លួន គ្រប់ពេលដែលអ្នកចេញដំណើរទៅគ្រប់ទីកន្លែង។
ពណ៌ទឹកនោម
បើសិនជាអ្នកកំពុងតែមានបញ្ហា ដោយសារតែការខ្សោះជាតិទឹកនោះ ទឹកនោមអ្នកអាចនឹងមានពណ៌ចាស់។ បើសិនជាទឹកនោមមានពណ៌លឿងចាស់នោះ មានន័យថា អ្នកកំពុងតែខ្សោះជាតិទឹកហើយ ដូច្នេះ គួរតែញ៉ាំទឹកឲ្យបានច្រើនទៅ។
ឃ្លាន
ការឃ្លានតិចតួច គឺជាសញ្ញាមួយផ្សេងទៀតដែលបញ្ជាក់ថា អ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់តែ។ មុនពេលឈានដល់ការញ៉ាំអាហារសម្រន់នោះ ចូរព្យាយាមញ៉ាំទឹកមួយកែវសិនទៅ។ បើសិនជាការឃ្លានរបស់អ្នក បាត់ទៅវិញក្រោយពីញ៉ាំទឹករួច នោះមានន័យថា អ្នកមិនមែនឃ្លានទេ គឺស្រេកទឹក។
វិលមុខ
ការវិលមុខ គឺជាសញ្ញាមួយនៃការញ៉ាំទឹកមិនបានគ្រប់គ្រាន់។ រឿងនេះប្រហែលជាដោយសារតែការប្រើប្រាស់ថ្នាំដែរ ប៉ុន្តែ បើសិនជាវាមានជាប់ទាក់ទងនឹង សញ្ញាខាងលើថែមទៀត នោះមានន័យថា អ្នកកំពុងតែខ្សោះជាតិទឹកហើយ។
រោគសញ្ញារបស់អាការៈខ្សោះជាតិទឹក ភាគច្រើន គឺស្រេកទឹក ទឹកនោមពណ៌ចាស់ ស្បែកស្ងួត និងអស់កម្លាំង។ ប៉ុន្តែ មានរោគសញ្ញាដែលគេមើលរំលងច្រើនណាស់ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាខ្សោះជាតិទឹកដូចជា ៖
• ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
• ឆាប់ចាស់
• វង្វេងវង្វាន់ និងថប់អារម្មណ៍
• កូឡេស្តេរ៉ុលឡើងខ្ពស់
• មានបញ្ហានៅផ្លូវរំលាយអាហារ ដូចជា ទល់លាមក និងក្រហាយដើមទ្រូង៕