សហគ្រិនភាគច្រើន ត្រូវការពេលវេលាច្រើនថ្ងៃ ដើម្បីបំពេញការងាររបស់ពួកគេ ទៅតាមកាលវិភាគដែលបានកំណត់រួច។ តើអ្នកនឹងត្រូវធ្វើអ្វីខ្លះទៅ សម្រាប់រាងកាយ ដើម្បីអាចចំណាយពេលវេលាច្រើន ក្នុងការបំពេញការងារ ក្នុងការិយាល័យរបស់អ្នក?
ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរតែបន្ថែម ទៅក្នុងរបបអាហារប្រចាំថ្ងៃ បើសិនជាអ្នកចង់រក្សា ចំហេះនៃភាពឆ្លាតវៃរបស់អ្នកជាប់រហូត។ អាហារទាំងនេះ ប្រហែលជាមិនធ្វើឲ្យអ្នក ឆ្លាតជាងមុនទេ ប៉ុន្តែ វានឹងជួយធ្វើឲ្យអ្នក រក្សាបានការគិតដ៏ល្អ និងត្រឹមត្រូវ ជាពិសេស ពេលអ្នកត្រូវអង្គុយនៅតុជាប់រហូតដល់ ១២ ម៉ោង។
ត្រីសាលម៉ុង
នេះគឺជាអាហារដ៏ល្អបំផុត សម្រាប់សុខភាពខួរក្បាល ព្រោះតែវាសម្បូរជាតិអូមេហ្គាបី ដែលជាខ្លាញ់អាស៊ីតដ៏សំខាន់ ក្នុងការជំរុញដល់ភាពចងចាំ និងឆ្លាតវៃ។ មួយវិញទៀត អូមេហ្គាបី ក៏មានសមាសធាតុប្រឆាំងនឹងការរលាក ដែលត្រូវបានគេបង្ហាញថា អាចកាត់បន្ថយជំងឺបេះដូង មហារីក និងជំងឺភ្លេចភ្លាំង ពេលចាស់ជរាបានដែរ។ ចូរធ្វើយ៉ាងណា ញ៉ាំត្រីនេះឲ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
បឺរីពណ៌ខៀវ
ផ្លែបឺរីប្រភេទនេះ ផ្ទុកទៅដោយសារធាតុ អង់ទីអុកស៊ីដង់មួយប្រភេទ ឈ្មោះថា Flavonoids ដែលមាននាទីជួយពង្រឹង ដល់សមត្ថភាពនៃការរៀនសូត្រ និងជំរុញដល់ជំនាញធ្វើការងារ។ សារធាតុនេះ ក៏ជួយការពារជំងឺខូចខួរក្បាល ដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។ ដូច្នេះ ចូរញ៉ាំអាហារនេះ ជាអាហារសម្រន់នៅពេលរសៀលទៅ។
សណ្តែកដី និងគ្រាប់ធញ្ញជាតិ
អាហារសម្រន់ សម្រាប់ថ្ងៃរសៀលដ៏ល្អបំផុតមួយនេះ គឺជាប្រភពនៃអូមេហ្គាបី និងប្រាំមួយដ៏ល្អមួយ ដែលអាចពង្រឹងដល់សមត្ថភាពខួរក្បាលបាន។ សណ្តែកដី មានអូមេហ្គាបី ដែលជួយការពារខួរក្បាល ពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។ គ្រាប់ស្វាយចន្ទី និងគ្រាប់ផ្កាឈូករ័ត្ន ផ្ទុកទៅដោយអាស៊ីតអាមីណេ ដែលអាចជួយបង្កើនចំនួនសារធាតុ Serotonin និងបន្ថយស្ត្រេស។
ស៊ុត
ស៊ុត គឺជាប្រភេទនៃសារធាតុខូលីនដ៏អស្ចារ្យមួយ ហើយក៏មានសារៈសំខាន់ ក្នុងការបង្កើតសារធាតុចម្លងសរសៃប្រសាទ Acetylcholine ដើម្បីជាជំនួយដល់ការផ្ចង់អារម្មណ៍ និងចង់ចាំរឿងចាស់ៗ។ ការសិក្សាបានឲ្យដឹងថា អ្នកដែលមានជំងឺភ្លេចភ្លាំងពេលចាស់ជរា ច្រើនតែថយចុះចំនួនសារធាតុ ចម្លងសរសៃប្រសាទមួយនេះ។
បន្លែពណ៌បៃតងចាស់
ស្ពៃស្ពីណាច និងបន្លែពណ៌បៃតងចាស់ផ្សេងៗទៀត ផ្ទុកទៅដោយវីតាមីន B ដោយរួមទាំង Folic Acid ទៀតនោះ គឺអាចជួយការពារខួរក្បាល ពីឥទ្ធិពលនៃភាពចាស់បាន។ បន្លែទាំងនេះ ក៏សម្បូរអង់ទីអុកស៊ីដង់ ដែលការពារខ្លួនពីជំងឺបេះដូង និងមហារីកបាន។ ចូរញ៉ាំបន្លែពណ៌បៃតងចាស់ ឲ្យបានរាល់ថ្ងៃ៕