ខ្នែងពោះវៀន គឺជារចនាសម្ព័ន្ធដ៏តូចទ្រវែងមួយ ដែលមានប្រវែងប្រហែល ៨,៥ សង់ទីម៉ែត្រ ដែលស្ថិតនៅគល់នៃដើមពោះវៀនធំ។ អ្នកអាចរកវាឃើញ នៅផ្នែកខាងក្រោម ឈាងខាងស្តាំនៃពោះ ប៉ុន្តែ គ្មាននរណាម្នាក់ អាចប្រាប់ឲ្យដឹងថា ហេតុអ្វីបានជាខ្នែងពោះវៀនហ្នឹងនៅទីនោះទេ។ កាពិតនោះគឺថា អ្នកអាចរស់នៅក្នុងជីវិតមួយធម្មតា ដោយមាន ឬគ្មានវត្តមានខ្នែងពោះវៀននេះ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្នែងពោះវៀនប្រហែលជាត្រូវស្ទះ មានការបង្ករោគ និងហើម ដែលនាំឲ្យវាទៅជារលាក។ ករណីបែបនេះ គឺជាជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ដោយវះកាត់យកខ្នែងពោះវៀននេះចេញ។ ក្រៅពីនេះ វាអាចនឹងធ្លាយ និងបញ្ចេញបាក់តេរី ចូលទៅក្នុងស្រោមពោះទៀត ដែលនាំឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតបាន បើសិនជាមិនបានព្យាបាល ដោយថ្នាំផ្សះដែលខ្លាំងទេនោះ។
រោគសញ្ញាសំខាន់ៗ ដែលអាចបញ្ជាក់ថា រលាកខ្នែកពោះវៀននោះ គឺការឈឺជាប់ក្នុងផ្នែកខាងលើនៃពោះ ឬជិតផ្ចិត។ ការឈឺចាប់នេះ គឺខ្លាំងក្លា ព្រមទាំងប្តូរមកឈឺ នៅផ្នែកខាងក្រោមនៃពោះវិញ។ ពេលខ្លះ ក៏មានការឈឺចាប់នៅខ្នង និងរន្ធគូថដែរ។ ខាងក្រោមនេះ គឺជាសញ្ញាផ្សេងៗទៀត នៃជំងឺរលាកខ្នែងពោះវៀន ៖
• ចង្អោ និងក្អួតភ្លាមៗ ក្រោយពីឈឺចាប់ជាប់
• ហើមនៅតំបន់ពោះ
• ពិបាកផោម
• មិនឃ្លានអាហារ
• ក្តៅខ្លួនស្ទិញៗ។
ការនោមឈឺ ឈឺពោះបែបរមួល និងរាក ឬទល់លាមក ក៏អាចជាសញ្ញារបស់ ជំងឺរលាកខ្នែងពោះវៀនដែរ។ កាលណាមានសញ្ញា នៃជំងឺរលាកខ្នែងពោះវៀន កាន់តែលឿន យកល្អ គួរតែស្វែងរកការយកចិត្តទុកដាក់ ពីគ្រូពេទ្យភ្លាមៗ ព្រោះការកំណត់រោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុត៕