ក្នុងពេលសម្រាកធម្មតា ចង្វាក់បេះដូងមនុស្សធំមានសុខភាពល្អ គឺលោតចាប់ពី ៦០ ទៅ ១០០ ដងក្នុងមួយនាទី។ បើសិនជាអ្នក មានបញ្ហាបេះដូងដើរញាប់ មានន័យថា អត្រានៃការលោតបេះដូង គឺច្រើនជាង ១០០។ ចង្វាក់បេះដូង ត្រូវបានគ្រប់គ្រងដោយចរន្តអគ្គិសនីជាច្រើន ដែលរត់នៅក្នុងជាលិកាបេះដូង។ បេះដូងដើរញាប់ អាចកើតឡើងនៅពេលដែល មានអ្វីមួយខុសធម្មតាក្នុងបេះដូង ដែលនាំឲ្យមានចរន្តអគ្គិសនីរត់ញាប់ពេក។

ករណីខ្លះ បេះដូងដើរញាប់ ប្រហែលជាមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ។ ទោះបីជាយ៉ាងនេះក្តី បេះដូងដើរញាប់ អាចនាំឲ្យរំខានដល់មុខងារបេះដូងយ៉ាងធ្ងន់ធ្ងរ បង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងស្លាប់។ ការព្យាបាល ប្រហែលជាអាចគ្រប់គ្រង បញ្ហាដើរញាប់របស់បេះដូង ឬគ្រប់គ្រងជំងឺដែលនាំឲ្យបេះដូងដើរញាប់បាន។
មានបញ្ហាច្រើនណាស់ ដែលដាក់សម្ពាធលើបេះដូង ឬការខូចជាលិកាបេះដូង អាចនាំឲ្យបេះដូងអ្នកដើរញាប់បាន។ ការផ្លាស់ប្តូររបៀបរស់នៅ ឬការព្យាបាលជំងឺ ប្រហែលជាអាចបន្ថយការប្រឈមមុខ ដូចខាងក្រោមនេះបាន ៖
• ជំងឺបេះដូង
• លើសសម្ពាធឈាម
• ជក់បារី
• ញ៉ាំគ្រឿងស្រវឹងច្រើន
• ញ៉ាំជាតិកាហ្វេអ៊ីនច្រើន
• ប្រើប្រាស់ថ្នាំ
• មានបញ្ហាផ្លូវចិត្តដូចជា ស្ត្រេស ឬថប់អារម្មណ៍
• កង្វះគ្រាប់ឈាម។
កត្តាផ្សេងៗទៀត ដែលអាចប្រឈមនឹងបេះដូងដើរញាប់ដែរនោះ មានដូចជា ៖
• អាយុច្រើន
• គ្រួសារធ្លាប់មាននរណាម្នាក់ មានបញ្ហាបេះដូងដើរញាប់៕