ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកលើសទម្ងន់ដែលឈានចូលជំងឺទឹកនោមផ្អែម អាចបន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ដោយសម្រកទម្ងន់របស់ពួកគេ។
ការស្រាវជ្រាវបានរកឃើញថា អ្នកដែលសម្រកទម្ងន់បានលើសពី១០%នៃទម្ងន់របស់ពួកគេ មានហានិភ័យទាបដល់ទៅ៨៥%ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមអំឡុងពេល៣ឆ្នាំ ខណៈពេលអ្នកដែលសម្រកទម្ងន់បាន៥% ទៅ៧%នៃទម្ងន់របស់ពួកគេមានការថយចុះហានិភ័យត្រឹមតែ ៥៤%ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបង្ហាញមធ្យោបាយអោយគ្រូពេទ្យ និងអ្នកជំងឺដឹងពីការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងរយៈពេលខ្លីអាចទាក់ទងទៅនឹងសុខភាពល្អរយៈពេលយូរ។
វេជ្ជបណ្ឌិត នីសា ម៉ារ៉ាធួ (Nisa Maruthur) ជាសាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins បាននិយាយថា យើងបានដឹងពីពេលមួយចំនួនដែលការសម្រកទម្ងន់ច្រើនប៉ុណ្ណា, ហានិភ័យនៃជំងឺទឹកនោមផ្អែមមានតិចប៉ុណ្ណោះ។
ម៉ារ៉ាធួបាននិយាយថា ឥលូវយើងដឹងថា យើងអាចឃើញច្បាស់ពីអត្ថប្រយោជន៍នៃការសម្រកទម្ងន់។ ការសម្រកទម្ងន់ក្នុងរយៈពេលខ្លីក៏គួរតែការពារជំងឺទឹកនោមផ្អែមផងដែរ។
ការស្រាវជ្រាវបានមើលទៅលើអ្នកជំងឺជាង៣.០០០នាក់ដែលត្រូវបានគេណែនាំអោយរស់នៅក្នុងរបៀបរស់នៅមួយចំនួន ឬប្រើថ្នាំទឹកនោមផ្អែម metformin ឬប្រើ placebo។ ថ្នាំ metformin ត្រូវបានគេប្រើដើម្បីបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។
អ្នកជំងឺទាំងអស់សុទ្ធតែឈានចូលជំងឺទឹកនោមផ្អែមដែលមានន័យថា កម្រិតជាតិស្ករនៅក្នុងឈាមរបស់ពួកគេគឺខ្ពស់ជាងធម្មតា ប៉ុន្តែមិនទាន់ទៅដល់កម្រិតតម្លៃនៃជាតិស្ករនៅក្នុងឈាមដែលបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមនោះទេ។
អ្នកដែលធ្វើអន្តរាគមន៍លើរបៀបរស់នៅត្រូវបានគេផ្តល់ដំបូន្មានអំពីទម្លាប់នៃការញ៉ាំអាហារដែលផ្តល់នូវសុខភាព, បានប្រាប់ពីការធ្វើលំហាត់ប្រាណអោយបាន១៥០នាទីក្នុងមួយសប្តាហ៍ និងបានផ្តល់ដំបូន្មានក្នុង៦ខែដំបូង។
ខណៈពេលអ្នកជំងឺដែលប្រើថ្នាំ metformin មិនសម្រកទម្ងន់របស់ពួកគេនោះ, កម្រិតជាតិស្ករនៅក្នុងឈាមរបស់ពួកគេបានឡើងក្រោយពី៦ខែ និងពួកគេមានហានិភ័យតិចតួចក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២។
ហានិភ័យទាបបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទត្រូវបានគេឃើញក្នុងចំនោមអ្នកជំងឺដែលសម្រកទម្ងន់ ហើយក៏បានបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមរបស់ពួកគេផងដែរ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of General Internal Medicine៕