វាគឺជាការពិតណាស់ដែលថា ផ្លែឈើដែលមានរសជាតិជូរៗ តែងធ្វើឲ្យអ្នកជ្រួញចិញ្ចើម ពេលញ៉ាំម្តងៗ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកយល់ដឹងកាន់តែច្រើន អំពីអត្ថប្រយោជន៍របស់ផ្លែឈើទាំងនេះ អ្នកនឹងញញឹមទទួលស្គាល់វាជាមិនខានទេ។
មនុស្សគ្រប់គ្នាតែងដឹងថា ផ្លែឈើជូរៗ តែងផ្ទុកទៅដោយវីតាមីន C សម្រាប់ការពារអ្នក ពីជំងឺផ្តាសាយ ក្អក និងផ្តាសាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ និងបន្សាបជាតិពុលក្នុងខ្លួនទៀតផង។ ផ្លែឈើជូរនីមួយៗ គឺមានប្រយោជន៍ខ្លាំងណាស់ ហើយក៏សម្រាប់ព្យាបាលជំងឺទៀតផង។

ក្រូចឆ្មារ
ក្រូចឆ្មារ ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន ហើយក៏ជួយកុំឲ្យធ្វើអុកស៊ីតកម្មខ្លាញ់ដែរ ដូច្នេះ វានឹងជួយគ្រប់គ្រងចំនួនកូឡេស្តេរ៉ុល និងសម្ពាធឈាម។ ក្រូចឆ្មារ ត្រូវបានគេស្គាល់ថា មានប្រយោជន៍ច្រើន សម្រាប់អ្នកឈឺបំពង់ក និងរលាកប្រហោងឆ្អឹងមុខ ព្រោះតែសម្បូរវីតាមីន C តែម្តង។
ក្រូចឆ្មារ ក៏ជួយបំបាត់ការឈឺចាប់ ដោយសារតែជំងឺសន្លាក់ហ្គោដ និង ជំងឺ Rheumatism ដែរ។ ចំពោះអ្នកមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬងាយនឹងមានគ្រួសក្នុងតម្រងនោម គួរតែញ៉ាំផ្លែឈើជូរៗទាំងនេះ។
ទំពាំងបាយជូរ
ប្រព័ន្ធភាពស៊ាំអ្នក អាចនឹងមានសមត្ថភាពច្រោះជាតិពុលបាន ដោយសារតែឥទ្ធិពលរបស់ផ្លែទំពាំងបាយជូរនេះដែរ។ ផ្លែឈើមួយនេះ ត្រូវបានគេណែនាំឲ្យញ៉ាំ ចំពោះអ្នកមានបញ្ហាស្ត្រេសច្រើន ព្រោះថាវាមានវីតាមីន C និងអង់ទីអុកស៊ីដង់ច្រើន ដែលជួយដល់ការជាសះស្បើយរបស់កោសិកា។ ទឹកផ្លែទំពាំងបាយជូរ គឺជាឱសថដ៏អស្ចារ្យមួយ សម្រាប់បន្សាបអ្នកស្រវឹងស្រា។ ចំពោះសម្បកផ្លែទំពាំងបាយជូរវិញ ក៏មានឥទ្ធិពលធ្វើឲ្យមានអារម្មណ៍ល្អដែរ ដូច្នេះ នៅពេលអ្នកយល់ថា មិនស្រួលក្នុងអារម្មណ៍ អ្នកគួរតែញ៉ាំផ្លែទំពាំងបាយជូរទាំងសម្បកទៅ។
ក្រូច
អ្នកដែលកំពុងតែព្យាយាមសម្រកទម្ងន់ គួរតែញ៉ាំផ្លែក្រូចឲ្យបានច្រើន ព្រោះវានឹងជួយដល់ការរំលាយជាតិខ្លាញ់។ ក្រៅពីនេះ វាក៏ជួយច្រោះជាតិពុលពីក្នុងពោះវៀន ព្រមទាំងធ្វើឲ្យដុះក្បាលពោះដែរ ដូច្នេះ អ្នកមិនត្រូវញ៉ាំច្រើនពេកទេ។ ផ្លែក្រូច ក៏ល្អចំពោះអ្នកដែលមានបញ្ហាហើមពោះ និងផោមច្រើនដែរ។
ក្រូចខ្វិច
ការញ៉ាំក្រូចខ្វិច ត្រូវបានគេណែនាំ ចំពោះអ្នកដែលផោមច្រើន ទល់លាមក ឬរាគ ព្រោះតែផ្លែឈើប្រភេទនេះ នឹងក្លាយទៅជាអាល់កាឡាំង នៅពេលចូលក្នុងរាងកាយមនុស្ស ហើយវាក៏ដើរតួនាទីជា ភ្នាក់ងារប្រឆាំងការរលាកដែរ។ ផ្លែឈើមួយនេះ មានវីតាមីន C ខ្ពស់ ហើយក៏ល្អបំផុត សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សដែរ៕