ការរលាកលំពែង ចែកចេញជាពីរប្រភេទ គឺរលាកស្រួចស្រាវ និងរលាករ៉ាំរ៉ៃ។ ការរលាកស្រួចស្រាវមានន័យថា វាកើតឡើងភ្លាមៗ និងមានរយៈពេលយូរ។ ចំណែករលាករ៉ាំរ៉ៃវិញ កើតឡើងរយៈពេលច្រើនឆ្នាំ។
ករណីរលាកលំពែងតិចតួច ប្រហែលជាបាត់ទៅវិញ ដោយមិនបាច់ព្យាបាល ប៉ុន្តែ ករណីធ្ងន់ធ្ងរអាចគម្រាមកំហែង ដល់អាយុជីវិតដោយសារតែ ផលវិបាករបស់វាតែម្តង។ ការរលាកលំពែង កើតឡើងនៅពេលអង់ស៊ីមរំលាយអាហារ ដែលលំពែងខ្លួនឯងផលិតនោះ បែរជាមានសកម្មភាពក្នុងលំពែង ដែលជាហេតុធ្វើឲ្យខ្លួនឯងមានរបួស ឬខូចខាត។

ក្នុងដំណើរនៃការរំលាយអាហារធម្មតា អង់ស៊ីមរបស់លំពែង មិនមានសកម្មភាពអ្វីទេ ពេលបញ្ចេញក្នុងបំពង់បង្ហូររបស់វា និងធ្វើដំណើរទៅក្នុងពោះវៀនតូច ទើបមានសកម្មភាពរំលាយអាហារបាន។ ការរលាកលំពែង មានន័យថា អង់ស៊ីមរបស់លំពែង ទៅជាមានសកម្មភាព ក្នុងពេលដែលវាស្ថិតក្នុងលំពែងនៅឡើយ ដូច្នេះ វានឹងធ្វើឲ្យរលាកកោសិកាលំពែង និងបង្កជារោគសញ្ញា នៃការរលាកលំពែងតែម្តង។
ការរលាកលំពែងម្តងហើយម្តងទៀត ការខូចខាតអាចនឹងកើតឡើង ហើយក៏ទៅជារលាកលំពែងរ៉ាំរ៉ៃដែរ។ ជាលិកាសម្លាក ប្រហែលជាកើតមានក្នុងលំពែង ដែលជាហេតុនាំឲ្យបាត់បង់មុខងាររបស់វា។ លំពែងដែលមានមុខងារចុះខ្សោយ នឹងបណ្តាលឲ្យមានបញ្ហា ដល់ការរំលាយអាហារ និងជំងឺទឹកនោមផ្អែម។
ចំពោះមូលហេតុ របស់ជំងឺរលាកលំពែងវិញ មានដូចជា ៖
• ញៀនការផឹកស្រា
• មានគ្រួសក្នុងថង់ទឹកប្រមាត់
• វះកាត់ពោះ
• ប្រើប្រាស់ថ្នាំ
• ជក់បារី
• រលាកប្លោកនោម
• ការថតឆ្លុះ Endoscopic Retrograde Cholangiopancreatography (ERCP) សម្រាប់ព្យាបាលជំងឺគ្រួសក្នុងថង់ទឹកប្រមាត់
• គ្រួសារធ្លាប់មានប្រវតិ្តកើតជំងឺរលាកលំពែង
• មានចំនួនជាតិកាល់ស្យូមក្នុងឈាមច្រើន
• មានចំនួនជាតិខ្លាញ់ Triglyceride ច្រើនក្នុងឈាម
• មានការបង្ករោគ
• របួសនៅពោះ
• មហារីកលំពែង៕