​ការ​លើស​ជាតិ​កាល់ស្យូម​នេះ សម្តៅ​ទៅ​លើ​ចំនួន ជាតិ​កាល់ស្យូម​ក្នុង​ឈាម ច្រើន​ជាង​ធម្មតា​។ កាលណា​កាល់ស្យូម​ក្នុង​ឈាមមាន​ច្រើន អាច​ធ្វើឱ្យ​ឆ្អឹង​ខ្សោយ បង្ក​គ្រួស​ក្នុង​តម្រងនោម និង​រំខាន​ដល់​ការងារ​របស់​បេះដូង និង​ខួរក្បាល​បាន​។

​ការ​លើស​ជាតិ​កាល់ស្យូម ច្រើន​តែ​បណ្តាលមកពី ក្រពេញ​ប៉ា​រ៉ា​ទី​រ៉ូ​អ៊ីត ធ្វើការ​ច្រើន​ជ្រុល​។ ក្រពេញ​តូចៗ​ទាំង​បួន​នេះ ស្ថិតនៅក្នុង ឬ​ក្បែរ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ មូលហេតុ​ផ្សេងៗ​ទៀត មានដូចជា មហារីក ជំងឺ​អ្វី​ផ្សេង ថ្នាំ​មួយចំនួន និង​ការប្រើប្រាស់​ថ្នាំ​បំប៉ន​កាល់ស្យូម និង​វីតាមីន D ច្រើនពេក​។
​ចំពោះ​រោគសញ្ញា របស់​អា​ការៈនេះ មាន​ការប្រែប្រួល​មិន​ទៀងទាត់ រាប់​ចាប់ពី​គ្មាន​រោគសញ្ញា រហូតដល់​មាន​សញ្ញា​ធ្ងន់ធ្ងរ ហើយ​ការព្យាបាល ក៏​អាស្រ័យ​ទៅតាម មូលហេតុ​របស់​វា​ដែរ​។ ចំពោះ​ផលវិបាក របស់​អាការៈ​នេះ​វិញ មានដូចជា ៖

​ពុក​ឆ្អឹង​
​បើសិន​ជា​ឆ្អឹង ចេះ​តែ​បន្ត​បញ្ចេញ​ជាតិ​កាល់ស្យូម ទៅក្នុង​ឈាម អ្នក​នឹង​មាន​ជំងឺ​ពុក​ឆ្អឹង ជាមិនខាន ហើយ​វា ក៏​នាំ​ឱ្យ​ឆ្អឹង​ទៅជា​បាក់ កោង​ឆ្អឹង​កង​ខ្នង និង​មាន​កម្ពស់​ទាប​ជាង​មុន​។

​គ្រួស​ក្នុង​តម្រង​នោម​
​បើសិនជា​ទឹកនោម​អ្នក មាន​ជាតិ​កាល់ស្យូម​ច្រើនពេក សារធាតុ​គ្រី​ស្តាល់ ប្រហែល​ជា​កើត​មាន​ក្នុង​តម្រងនោម​បាន​។ រយៈពេល​យូរៗ​ទៅ ជាតិ​គ្រី​ស្តាល់​នោះ ប្រហែល​ជា​តោង​ជាប់​គ្នា បង្កើតបាន​ជា​គ្រួស ក្នុង​តម្រងនោម​បាន​។ ការធ្លាក់​គ្រួស​ក្នុង​តម្រងនោម អាច​បង្ក​ជា​ការឈឺចាប់​ធ្ងន់ធ្ងរ​។

​ខ្សោយ​តម្រងនោម​
​ការ​លើស​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ អាច​បង្ក​ការខូចខាត ដល់​តម្រងនោម កាត់បន្ថយ​សមត្ថភាព ក្នុង​ការលាង​សម្អាត​ឈាម និង​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។

​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​
​ការ​លើស​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ អាច​បណ្តាលឱ្យ​មាន​អាការៈ​វង្វេងវង្វាន់ ភ្លេច​ភ្លាំង និង​សន្លប់ ដែល​អាច​គ្រោះថ្នាក់​ដល់ អាយុជីវិត​បាន​។

​បេះដូង​ដើរ​ខុស​ចង្វាក់​
​ការ​លើស​កាល់ស្យូម​ក្នុង​ឈាម អាច​ប៉ះពាល់​ដល់​ចរន្ត​អគ្គិសនី ដែល​សម្រួល​ដល់​ចង្វាក់​បេះដូង ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​បេះ​ដូង ដើរ​ខុស​ចង្វា​ក់បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង