ជំងឺរលាកថ្លើមប្រភេទ A គឺជាជំងឺឆ្លងដ៏ខ្លាំងមួយ ដែលវាបង្ករោគនៅលើថ្លើម និងបង្កឡើងដោយវីរុស រលាកថ្លើមប្រភេទ A តែម្តង។ វីរុសប្រភេទនេះ នឹងបង្កជាការរលាក និងប៉ះពាល់ដល់សមត្ថភាព ក្នុងការបំពេញមុខងាររបស់ថ្លើម។ អ្នកទំនងជាអាចនឹង ឆ្លងជំងឺរលាកថ្លើមប្រភេទ A ពីចំណីអាហារ ឬទឹកដែលមានមេរោគ ឬអ្នកជំងឺ។ ករណីជំងឺតិចតួចនោះ គឺមិនមានទាមទារ ការព្យាបាលអ្វីទាំងអស់ ហើយអ្នកជំងឺភាគច្រើន នឹងជាមកវិញ មួយរយភាគរយ ដោយគ្មានការខូចខាតថ្លើមអ្វីទាំងអស់។
ការថែរក្សាអនាម័យល្អ ដូចជា ការលាងសម្អាតដៃញឹកញាប់ គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីការពារខ្លួន ពីជំងឺរលាកថ្លើមប្រភេទ A។ ចំពោះវ៉ាក់ស៊ាំជំងឺនេះ គួរតែប្រើលើអ្នក ដែលប្រឈមនឹងជំងឺនេះ ខ្លាំងបំផុតប៉ុណ្ណោះ។ រោគសញ្ញា របស់ជំងឺរលាកថ្លើមប្រភេទ A ជាធម្មតា មិនចេញជារោគសញ្ញាភ្លាមទេ រហូតដល់ពីរបីសប្តាហ៍ ក្រោយឆ្លងឯណោះ ៖
• អស់កម្លាំង
• ចង្អោរ និងក្អួត
• ឈឺពោះ ឬមិនស្រួលក្នុងពោះ ជាពិសេស នៅតំបន់ថ្លើមតែម្តង
• អត់ឃ្លានអាហារ
• ក្តៅខ្លួនស្ទេញៗ
• ទឹកនោមពណ៌ខ្មៅ
• ឈឺសន្លាក់
• ស្បែក និងភ្នែកទៅជាលឿង។
បើសិនជាអ្នក មានជំងឺរលាកថ្លើមប្រភេទ A អ្នកប្រហែលជាមិនឈឺធ្ងន់ទេ ដែលវានឹងបាត់វិញ ក្នុងរយៈពេលពីរទៅបីសប្តាហ៍ ឬឈឺធ្ងន់ធ្ងរ រយៈពេលច្រើនខែ។ មិនមែនអ្នកជំងឺគ្រប់គ្នា សុទ្ធតែមានរោគសញ្ញាទាំងអស់ទេ។
ចូរធ្វើការណាត់ជួប ជាមួយគ្រូពេទ្យ បើសិនជាអ្នក មានរោគសញ្ញា របស់ជំងឺរលាកថ្លើមប្រភេទ A៕