ក្លិនមាត់អាក្រក់ អាចជារឿងមួយគួរឱ្យខ្មាស់ និងពេលខ្លះ នាំឱ្យកើតជំងឺថប់អារម្មណ៍ទៀតផង។ វាគ្មានអ្វី ដែលគួរឱ្យឆ្ងល់នោះទេ ក្នុងការប្រើប្រាស់ផលិតផលជាប្រភេទ ស្ករកៅស៊ូ ទឹកលាងមាត់ និងផលិតផលផ្សេងៗទៀត ដើម្បីបំបាត់បញ្ហាក្លិនមាត់អាក្រក់។ ប៉ុន្តែ ភាគច្រើន ផលិតផលទាំងនេះ គ្រាន់តែមានប្រសិទ្ធភាព បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះវាមិនអាចទៅលុបបំបាត់ អ្វីដែលជាមូលហេតុរបស់វាបានទេ។
អាហារដែលអ្នកទទួលទាន បញ្ហាសុខភាព និងទម្លាប់រស់នៅ គឺជាមូលហេតុមួយចំនួន នៃបញ្ហាក្លិនមាត់អាក្រក់តែម្តង។ ករណីភាគច្រើន អ្នកអាចពង្រឹងសុខភាពមាត់ធ្មេញបាន តាមរយៈការរក្សាអនាម័យមាត់ធ្មេញ។ បើសិនជាការប្រើប្រាស់ វិធីសាស្ត្រថែរក្សាដោយខ្លួនឯង បែបធម្មតាៗ មិនអាចដោះស្រាយបញ្ហាបានទេនោះ ចូរទៅពិគ្រោះជាមួយពេទ្យធ្មេញ ឬគ្រូពេទ្យ ដើម្បីប្រាកដថា អ្នកមិនមានជំងឺអ្វីធ្ងន់ធ្ងរ កំពុងនាំឱ្យមានក្លិនមាត់អាក្រក់ទេ។
ភាគច្រើន ក្លិនមាត់អាក្រក់ ចាប់ផ្តើមពីក្នុងមាត់ ហើយក៏មានរឿង ផ្សេងៗជាច្រើនទៀតដែរ ដូចជា ៖
អាហារ
ក្រោយពីបំបែកចំណីអាហារ ទៅជាភាគល្អិតតូចៗ ក្នុងមាត់រួចមក វានឹងបង្កើនចំនួនបាក់តេរី និងធ្វើឱ្យមានក្លិនស្អុយ។ ការញ៉ាំអាហារដូចជា ខ្ទឹមបារាំង ខ្ទឹមស និងបន្លែផ្សេងៗទៀត ព្រមទាំងគ្រឿងផ្សំដែរនោះ សុទ្ធតែធ្វើឱ្យមាន ក្លិនមាត់អាក្រក់បានទាំងអស់។ ក្រោយពីរំលាយអាហាររួច វានឹងចូលទៅក្នុងចរន្តឈាម ដើម្បីដឹកនាំទៅសួត និងបន្តប៉ះពាល់ដល់ក្លិនមាត់ទៀត។
បារី
ការជក់បារី នឹងបង្កើតបានជាក្លិនមាត់អាក្រក់ ស្រាប់ទៅហើយ។
កង្វះអនាម័យមាត់ធ្មេញ
បើសិនជាអ្នក មិនដុសសម្អាតធ្មេញរាល់ថ្ងៃទេ កំទិចកំទីអាហារ ដែលនៅសល់ក្នុងមាត់ នឹងធ្វើឱ្យមានក្លិនមាត់អាក្រក់បាន។ កំណកធ្មេញដែលគ្មានពណ៌ នឹងមិនបាត់ទៅណាឡើយ បើសិនជាអ្នក មិនដុសសម្អាតធ្មេញ ដូច្នេះ វាងាយនឹងបង្កការរលាកអញ្ចាញធ្មេញ និងចន្លោះធ្មេញខ្លាំងណាស់។
ក្រៅពីនេះ មូលហេតុផ្សេងៗទៀត នៅតែចោទជាមូលហេតុដដែល ដូចជា ៖
• ស្ងួតមាត់
• ការបង្ករោគនៅក្នុងមាត់
• ជំងឺនៅមាត់ ច្រមុះ និងបំពង់ក
• ការប្រើថ្នាំ
• ជំងឺផ្សេងៗដូចជា ជំងឺមហារីកជាដើម៕