តើអ្នកមានអារម្មណ៍ថា ខ្លួនឯងកំពុងតែធ្វើខុស នៅពេលផឹកស្រាបៀរមួយកែវពីរ ហើយមែនទេ? មិនបាច់គិតច្រើនទេ។ ការទទួលទានស្រាបៀរ ត្រឹមកម្រិតមធ្យម ពិតជាមានអត្ថប្រយោជន៍ល្អ ចំពោះអ្នកណាស់។ វិទ្យាសាស្ត្របានឱ្យដឹងថា ស្រាបៀរអាចនាំមកនូវអត្ថប្រយោជន៍ ចំពោះសុខភាពយ៉ាងអស្ចារ្យ ទោះបីជាវា ច្រើនតែមិនផ្តល់សុខភាពក៏ដោយ។ ចូរចាំថា អ្វីដែលយើងខ្ញុំនិយាយនេះ គឺការទទួលទានស្រាបៀរ ក្នុងកម្រិតមធ្យមទេ (សម្រាប់ស្ត្រី មួយកែវក្នុងមួយថ្ងៃ និងបុរស អាចរហូតដល់ពីរកែវ)។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ របស់ស្រាបៀរហើយ។

អាចបន្ថយការប្រឈម នឹងជំងឺបេះដូង
ការសិក្សាមួយបានឱ្យដឹងថា អ្នកដែលផឹកស្រាបៀរមួយកែវ ជារៀងរាល់ថ្ងៃ អាចបន្ថយឱកាស កើតជំងឺបេះដូងបានរហូតដល់ ៣១ ភាគរយ នេះដោយសារតែ សារធាតុអង់ទីអុកស៊ីដង់ម្យ៉ាង ឈ្មោះថា Phenol ដែលមានក្នុងស្រាបៀរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សា ក៏បានបង្ហាញនូវកត្តាប្រឈម នឹងជំងឺបេះដូង មានការកើនឡើង លើមនុស្សដែលទទួលទានស្រាបៀរ ក្នុងចំនួនច្រើនៗដែរ។
អាចការពារជំងឺភ្លេចភ្លាំង ដោយសារចាស់ជរាបាន
តាមការស្រាវជ្រាវ បានឱ្យដឹងថា អ្នកទទួលទានស្រាបៀរ ក្នុងកម្រិតមធ្យមទាំងអស់ ទំនងជាតិចជាង ២៣ ភាគរយ ដែលកើតជាជំងឺភ្លេចភ្លាំង វង្វេងស្មារតី និងខូចការយល់ដឹង ដូចជា ជំងឺភ្លេចភ្លាំងដោយសារចាស់ជរាជាដើម។ សារធាតុ Silicon ក្នុងស្រាបៀរ ត្រូវបានគេយល់ថា ជួយការពារខួរក្បាល ពីឥទ្ធិពលដ៏គ្រោះថ្នាក់ នៃការកើនឡើងរបស់សារធាតុ អាឡូមីញ៉ូមក្នុងរាងកាយ ដែលជាមូលហេតុនាំឱ្យកើត ជំងឺភ្លេចភ្លាំងពេលចាស់ជរា។
បន្ថយការប្រឈម នឹងជំងឺទឹកនោមផ្អែម
តាមការសិក្សាមួយ លើបុរសវ័យកណ្តាលប្រមាណ ៣៨.០០០ នាក់បានឱ្យដឹងថា អ្នកដែលផឹកស្រាបៀរ ពីមួយទៅពីរកែវជារៀងរាល់ថ្ងៃ អាចបន្ថយការប្រឈម នឹងជំងឺទឹកនោមផ្អែម ប្រភេទទី ២ រហូតដល់ ២៥ ភាគរយ នេះដោយសារតែធាតុផ្សំរបស់ស្រាបៀរ ជួយបង្កើនភាពងាយទទួលយក របស់អាំងស៊ុយលីន។ ក្រៅពីនេះ ស្រាបៀរ ក៏ជាប្រភពដ៏ល្អមួយនៃជាតិសរសៃ ដែលដើរតួនាទីដ៏សំខាន់ ក្នុងរបបអាហារដ៏មានសុខភាព របស់អ្នកជំងឺទឹកនោមផ្អែមដែរ។
បង្ការគ្រួសក្នុងតម្រងនោម
ការសិក្សាមួយបានឱ្យដឹងថា ការទទួលទានស្រាបៀរ ក្នុងកម្រិតមធ្យមរាល់ថ្ងៃ អាចបន្ថយការប្រឈម នឹងជំងឺគ្រួសក្នុងតម្រងនោម បាន ៤០ ភាគរយ។ អត្ថប្រយោជន៍បែបនេះ ដោយសារតែស្រាបៀរ ផ្សំឡើងដោយជាតិទឹកខ្ពស់ (ប្រហែល ៩៣ ភាគរយ) ដូច្នេះ វានឹងជួយច្រោះជាតិពុល ចេញពីរាងកាយ និងរក្សាមុខងាររបស់តម្រងនោម បានយ៉ាងល្អ។
កាត់បន្ថយ ការប្រឈមជំងឺមហារីក
ស្រាបៀរ ផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដ៏សំខាន់មួយឈ្មោះថា Xanthohumol ដែលគេស្គាល់ថា មានសមាសធាតុ ប្រឆាំងនឹងជំងឺមហារីក និងជួយកំចាត់ចោល នូវអង់ស៊ីមបង្កមហារីក ក្នុងរាងកាយទៀតផង។ អ្វីដែលពិសេសនោះគឺថា ត្រឹមតែញ៉ាំស្រាបៀរកម្រិតមធ្យម នឹងជួយបង្ការប្រតិកម្មគីមីដែលអាចនាំឱ្យកើត មហារីកក្រពេញប្រូស្តាតទៀតផង។ ស្រាបៀរ ក៏ត្រូវបានគេដឹងថា ជួយបន្ថយការកើតជំងឺមហារីកសុដន់ដែរ៕