ការជ្រុះសក់ បណ្តាលមកពីមូលហេតុច្រើនណាស់ដូចជា របបអាហារ កង្វះជាតិរ៉ែ ការប្រើថ្នាំ ស្ត្រេស ការស្រូបជាតិពុលច្រើន និងហ្សែន។ ការពាក់មួកធម្មតា និងមួកសុវត្ថិភាពច្រើន ក៏អាចធ្វើឱ្យសក់ជ្រុះច្រើនដែរ។ មានប្រជាជនរហូតដល់មួយភាគបីហើយ ដែលកំពុងតែជួបបញ្ហាសក់ជ្រុះនេះ ហើយបីភាគនោះ គឺរាប់ពាន់នាក់ ជាមនុស្សស្រី។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីគម្រោងរបបអាហារមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីបង្ការកុំឱ្យជ្រុះសក់កាន់តែច្រើន។
ញ៉ាំអាហារ ដើម្បីបង្កើនសក់
ជីវជាតិ ដែលមានតួនាទី ដើម្បីការពារសក់ជ្រុះ គឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែចង់បាន ដើម្បីឱ្យសក់របស់ពួកគេ មានសុខភាពល្អ។ ហើយកាលណាសក់មានសុខភាពល្អ ដោយសារតែជីវជាតិទាំងអស់នោះហើយ សុខភាពទូទៅ ក៏ល្អទៅតាមគ្នាដែរ។ អាការៈជ្រុះសក់ នឹងថយចុះបាន នៅពេលញ៉ាំអាហារណា ដែលផ្តល់សុខភាព ជាពិសេសបន្លែ និងផ្លែឈើតែម្តង។
ខាងក្រោមនេះ គឺជាតម្រូវការជីវជាតិ ដែលអាចក្លាយទៅជាប្រភពដ៏គ្រប់គ្រាន់ ដើម្បីបង្ការ ឬកាត់បន្ថយការជ្រុះសក់បានច្រើនបំផុត ៖
• ជាតិដែក ៖ ជីវជាតិនេះ អ្នកអាចរកបានពីអាហារដូចជា ថ្លើមសត្វ សាច់ជ្រូក សាច់គោ ត្រី បន្លែពណ៌បៃតង គ្រាប់ធញ្ញជាតិ សណ្តែក និងគ្រាប់ល្ពៅ។
• ប្រូតេអ៊ីន ៖ ប្រូតេអ៊ីន គឺជាសារធាតុដ៏សំខាន់ សម្រាប់ធ្វើឱ្យសក់រឹងមាំ ប៉ុន្តែ ក្រៅពីសាប៊ូកក់សក់ អ្នកក៏អាចរកបានពីចំណីអាហារផងដែរ ដូចជា អាហារសមុទ្រ សាច់បក្សី ទឹកដោះគោ ទឹកដោះគោជូរ ស៊ុត សណ្តែកសៀង សាច់គោ សណ្តែក អង្ករសម្រូត ប្រូខូលី ដំឡូងបារាំង។
• វីតាមីន C ៖ អាហារសម្បូរវីតាមីន C នឹងជួយឱ្យការបឺតស្រូបជាតិដែកកាន់តែល្អ។ ចូរព្យាយាមញ៉ាំអាហារមានជាតិដែក និងវីតាមីន C ជាមួយគ្នាទៅ។ ប្រភពអាហារមានវីតាមីន C ដ៏ល្អនោះមានដូចជា ផ្លែឈើជូរៗ បន្លែពណ៌បៃតង សាឡាត់ ដំឡូងដុត និងប៉េងប៉ោះជាដើម។
• អាស៊ីតខ្លាញ់អូមេហ្គាបី ៖ ខ្លាញ់ទាំងនេះ នឹងជួយឱ្យសក់មានសុខភាពល្អ និងបង្ការកុំឱ្យសក់ផុយ និងស្ងួតទៀត។ ប្រភពនៃខ្លាញ់នេះមានដូចជា ត្រីសាលម៉ុង ត្រីធូណា និងសណ្តែកដី។
• ជាតិ Biotin ៖ នេះជាវីតាមីនមួយប្រភេទ ដែលមានសារៈសំខាន់ សម្រាប់សុខភាពសក់។ ប្រភពដ៏ល្អនៃជីវជាតិនេះ មានដូចជា គ្រាប់ផ្កាឈូករ័ត្ន សណ្តែកសៀង និងសណ្តែកដី។
• ជាតិស័ង្គសី ៖ ស័ង្គសី មានសារៈសំខាន់ណាស់ សម្រាប់ចិញ្ចឹមដល់សរសៃសក់។ ប្រភពដ៏ល្អរបស់ជីវជាតិនេះគឺ អយស្ទើ សាច់គោគ្មានខ្លាញ់ ប័រសណ្តែក គ្រាប់ល្ពៅ៕