​បើសិន​ជា​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អស់កម្លាំង​ជាង​ធម្មតា វា​ប្រហែល​ជា​ដល់ពេល ដែល​ត្រូវ​បង្កើន​កម្រិត​ថាមពល​វិញ​ហើយ​។ អ្នក​អាច​ធ្វើ​វា​បាន តាមរបៀប​ធម្មជាតិ ពី​ការផ្លាស់ប្តូរ​របប​អាហារ របៀប​រស់នៅ ញ៉ាំ​ថ្នាំ​បំប៉ន ហាត់​យូ​ហ្គា និង​ចៀសវាង​រឿង​ទាំងឡាយណា ដែល​អាច​ឆាប់​ឱ្យ​អ្នក​អស់កម្លាំង​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប នៃ​ការ​ញ៉ាំ​អាហារ តាម​បែប​ធម្មជាតិ ដើម្បី​ឱ្យ​ឆាប់​មាន​កម្លាំង​។​

​ញ៉ាំ​អាហារ​ពេលព្រឹក រាល់ថ្ងៃ​

​ការ​ញ៉ាំ​អាហារ​ពេលព្រឹក មានន័យ​ថា ជាការ​ប៉ះប៉ូវ​នូវ​អ្វី ដែល​បាត់បង់​ពេល​សម្រាក​។ នៅ​ពេល​ភ្ញាក់​ពី​គេង រាងកាយ​ត្រូវការ​ថាមពល​ដើម្បី​ធ្វើការ និង​សកម្មភាព​ជា​ទម្លាប់​។ ពិតណាស់ ចូរ​ព្យាយាម​កុំ​បង្អត់អាហារ​អី ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​នឹង​បន្ថយថាមពល​វិញ​។

​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​
​បន្លែ និង​ផ្លែឈើ សម្បូរ​ទៅដោយ​ប្រភព​ថាមពល​ណាស់​។ ជាតិ​ស្ករ​ពី​ធម្មជាតិ ដែល​មាន​ក្នុង​បន្លែ និង​ផ្លែឈើ អាច​បង្កើន​ថាមពល​បាន​យ៉ាង​ល្អ ជាង​ការ​ញ៉ាំ​ជាតិ​ស្ករ​ពី​នំ​ខេ​ក ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទៅ​ទៀត​។ នេះ​ដោយសារ​តែ​ជាតិ​ស្ករ​ពី​ធម្មជាតិ ងាយស្រួល​ឱ្យ​រាងកាយ បឺត​ស្រូប​ទៅ​ប្រើប្រាស់​។ ផ្លែ​ឈើ​ដែល​ជួយ​បង្កើន​ថាមពល មានដូចជា ចេក ក្រូច ទំពាំងបាយជូ​រ ផ្លែ​ប៉ោម ល្ហុង ក្រូចឆ្មារ ផ្លែឈើ​រី ឪឡឹក និង​បឺ​រី​ពណ៌​ខៀវ​។ បន្លែ​ដែល​ជួយ​បង្កើន​ថាមពល មានដូចជា ការ៉ុត ប្រូ​ខូលី ដំឡូង​ផ្អែម ស្ពៃ​ស្ពីណា​ច និង​ត្រសក់​។​

អាហារសម្រន់​
​សណ្តែកដី មាន​ប្រូតេអ៊ីន​ម្យ៉ាង ដែល​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ថាមពល នោះ​គឺ Coenzyme Q10 សម្រាប់​ជួយ​ជំរុញ​ដល់​កោសិកា​ផលិត​ថាមពល​។ សណ្តែកដី ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បីដែរ ក្នុង​ការបង្កើន​ថាមពល​រាងកាយ​។ ក្រៅពីនេះ ក៏​មាន​អាហារសម្រន់​ផ្សេងៗ​ទៀត ដែល​ជួយ​ផ្តល់​ថាមពល​ដែរ​ដូចជា ៖
•​ ​ផ្លែ​អាល់​ម៉ុន​
•​ ​គ្រាប់ស្វាយ​ចាន់ទី​។​

​ញ៉ាំ​ខ្លាញ់​ដែល​ផ្តល់​សុខភាព​
​រាងកាយ​អ្នកប្រើប្រាស់​ខ្លាញ់ ជា​ប្រភព​នៃ​ថាមពល​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ខ្លាញ់​តែ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ ដែល​ល្អ​ក្នុង​ការបង្កើន​ថាមពល​។ ខ្លាញ់​ដែល​បានមក​ពី​អាហារ​មិនល្អ គួរតែ​ចៀសវាង ប៉ុន្តែ គួរតែ​ញ៉ាំ​អាហារ ដូចខាងក្រោម​នេះ​វិញ ៖
•​ ​អាហារ​មាន​ជាតិ​ខ្លាញ់​អូ​មេហ្គាបី​ដូចជា ត្រី សណ្តែកដី និង​ប្រេង​ខាន​ណូ​ឡា​
•​ ​ខ្លាញ់​ប្រភេទ Monounsaturated ដូចជា​ប្រេង​អូ​លីវ ផ្លែ​ប័រ ផ្លែ​អាល់​ម៉ុន និងប័រ​សណ្តែក​
•​ ​ខ្លាញ់​ប្រភេទ Polyunsaturated ដូចជា​ប្រេង​សណ្តែកសៀង ទឹក​សណ្តែកសៀង និង​តៅហ៊ូ​។​

​រក្សា​ជាតិ​ទឹក ក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​
​ការ​ញ៉ាំ​ទឹកបាន​តិច នឹង​ធ្វើឱ្យ​ខ្សោះ​ជាតិ​ទឹក ហើយ​វា​ក៏​ជា​ហេតុផល​នាំ​ឱ្យ​អស់កម្លាំង​ដែរ​។ ដើម្បី​បង្កើន​ថាមពល​រាងកាយ យក​ល្អ គួរតែ​ធ្វើ​យ៉ាងណា បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​។ វិធី​ដ៏​ល្អ​បំផុត​នោះ គឺ​ការ​ញ៉ាំ​ទឹក​ច្រើន​ជាង​រៀងរាល់ថ្ងៃ​។ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន​យ៉ាងហោច​ណាស់ ពី​មួយ​លីត្រ​កន្លះ​ទៅ​ពីរ​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ នៅពេល​ហាត់ប្រាណ ចូរ​ក្រេបទឹក​ញ៉ាំ​ឱ្យបាន​រាល់ ១៥ នាទី​ម្តង ដើម្បី​ជំនួស​នូវ​ជាតិ​ទឹក ដែល​អ្នក​បាត់បង់ ពី​ការ​ហាត់ប្រាណ​។ ចូរ​បង្កើន​ចំនួន​នៃ​ការ​ញ៉ាំ​ទឹក នៅ​ពេល​អាកាសធាតុ​កាន់តែ​ក្តៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង