ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតា អ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជា អតុល្យភាពនៃអ័រម៉ូន, តំណពូជ, ជំងឺអញ្ចាញធ្មេញ, ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណា កុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖

១. តែបៃតង

តែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ជំងឺជាច្រើន រួមបញ្ចូលទាំងបញ្ហាខើចអញ្ចាញ។ តែបៃតងអាចជួយកាត់បន្ថយការរលាកនៃអញ្ចាញ ក៏ដូចជាកម្ចាត់នូវពពួកបាក់តេរីក្នុងមាត់ដែលបណ្ដាលឲ្យកើតជំងឺរលាកអញ្ចាញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែបៃងរៀងរាល់ព្រឹក ដើម្បីរក្សាសុខភាពធ្មេញ និងអញ្ចាញ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដុសសម្អាតធ្មេញដូចពេលធម្មតាជាមុនសិន សឹមខ្ពុរមាត់ជាមួយប្រេងដូងសុទ្ធ។ អ្នកក៏អាចប្រើប្រាស់ប្រេងល្ងជំនួសបានដែរ។

៣. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺជ្រើសរើស​ប្រើប្រាស់នូវថ្នាំដុសធ្មេញ ឬទឹកខ្ពុរមាត់ណាដែលមានផ្ទុក ឬផ្សំឡើងពីប្រទាលកន្ទុយក្រពើ។

៤. វីតាមីន C 

កង្វះនៃវីតាមីន C អាចនាំឲ្យកើតបញ្ហាអញ្ចាញដូចជា ខើចអញ្ចាញ ហូរឈាមអញ្ចាញ និងរលាក។ ដូច្នេះអ្នកគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C រួមបញ្ចូលទាំងបន្លែផ្លែឈើស្រស់ៗដូចជា ម្ទេសផ្លោក, បន្លែបៃតង និងផ្លែឈើមានរសជាតិជូរ (ក្រូច, ទំពាំងបាយជូរ, ស្វាយ ជាដើម)។

៥. ប្រេងផ្កាក្លាំងពូ

អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ប្រេងផ្កាក្លាំងពូជាទឹកខ្ពុរមាត់ ដោយបន្ថែមប្រេងនេះពី ៥ ទៅ ៦ ដំណក់ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។

– កត្តាមួយចំនួនដូចជា តំណពូជ គឺមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានទេ ប៉ុន្តែមិនមែនមានន័យថា អ្នកមិនអាចទប់ស្កាត់ពីកត្តាផ្សេងទៀតដែលបណ្ដាលឲ្យកើតមានបញ្ហាខើចអញ្ចាញបានដែរ! ដូចឃ្លាដែលចាស់ៗឧស្សាហ៍និយាយ ការពារប្រសើរជាងព្យាបាល។ កុំដុសធ្មេញខ្លាំងៗពេក, ត្រូវដុសឲ្យស្របនឹងខ្សែអញ្ចាញ ហើយជ្រើសរើសច្រាសដុសធ្មេញប្រភេទណាដែលសមស្របមិនធំ ឬតូចពេក និងគួរប្រើខ្សែរ៉ូតសម្អាតចន្លោះធ្មេញជាប្រចាំទើបអាចរក្សាបាននូវសុខភាពមាត់ធ្មេញ រួមទាំងអញ្ចាញល្អប្រសើរ៕