ចម្លើយមួយយ៉ាងខ្លី គឺគ្មានទេ។
ខណៈពេលដែលមានមតិយោបល់ជាច្រើន បានយល់ថា របបអាហារដ៏ល្អរបស់ស្ត្រី នៅក្នុងអំឡុងពេលមានគភ៌ អាចកំណត់ភេទរបស់ទារកបាន។ ដូចគ្នានេះដែរ មានក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការកំណត់ពេលវេលាការរួមភេទដែលទាក់ទងទៅនឹងការបញ្ចេញពងអូវុលដូចជា ការរួមភេទនៅមុនថ្ងៃ ដែលមានការបញ្ចេញពងអូវុល អាចមានគភ៌ជាកូនប្រុស ឬការរួមភេទនៅក្រោយថ្ងៃ ដែលមានការបញ្ចេញពងអូវុល អ្នកអាចទទួលបានកូនស្រី។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏ពុំទាន់មានភស្ដុតាងជាក់លាក់ណាមួយ បានបង្ហាញនៅឡើយទេ។
គូស្វាមីភរិយាភាគច្រើន មិនបានដឹងថាតើ ពួកគេបានចំលងលក្ខណៈហ្សែនភេទជាក់លាក់ណាមួយទៅឱ្យទារកនោះទេ។ ប៉ុន្តែ គូស្វាមីភរិយាបច្ចុប្បន្ន អាចប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីកំណត់ភេទនៃការមានគភ៌បានដូចជា ៖
• ការធ្វើរោគវិនិច្ឆ័យហ្សែន មុនពេលមានការបង្កកំណើត គឺជាបច្ចេកទេសមួយ ដោយធ្វើការរួមបញ្ចូលគ្នា នៃមេជីវិតញី និងឈ្មោលនៅក្រៅស្បូន ដើម្បីទទួលបានអំប្រ៊ីយ៉ុងមួយ ហើយគេនឹងធ្វើតេស្តហ្សែន ដើម្បីកំណត់លក្ខខណ្ឌជាក់លាក់នៃភេទរបស់ទារក នៅមុនពេលដែលគេបានដាក់វា ឱ្យតោងជាប់ទៅក្នុងស្បូនរបស់ស្ត្រី។
• ការកំណត់ភេទនៃមេជីវិតឈ្មោល គឺជាបច្ចេកទេសសិប្បនិម្មិតមួយ ដើម្បីធ្វើការបង្កកំណើតនៅខាងក្រៅរាងកាយ ដែលអាចកាត់បន្ថយការចម្លងជំងឺហ្សែនមួយចំនួន ក៏ដូចជាការជ្រើសរើសភេទរបស់ទារក៕