ខណ:ដែលប្រទេសកម្ពុជាកំពុងតែពង្រឹងដល់ការលើកកម្ពស់សុខភាពប្រជាជននោះ ក្រុមហ៊ុន ឱសថដ៏ធំមួយ គឺសហគ្រាសផលិតឱសថប៉េប៉េអឹម (PPM) បានផ្តួចផ្តើមទៅលើការ លើកកម្ពស់ ការស្រាវជ្រាវផ្នែកឱសថ និងវេជ្ជសាស្ត្រដើម្បីលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយអោយបង្កើនការស្រាវជ្រាវលើវិស័យដ៏សំខាន់នេះ។

សហគ្រាសឱសថប៉េប៉េអឹមរួមនឹងក្រុមហ៊ុនខន់ហ្វីរ៉ែលបានគាំទ្រដល់មូលនិធិគីណាល់ដើម្បីរៀបចំជាការប្រឡងអត្ថបទស្រាវជ្រាវក្នុងចំណោមនិស្សិតឱសថសាស្ត្រ និងវេជ្ជសាស្ត្រ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានផ្តល់សារសំខាន់ទៅលើការប្រឡងស្នាដៃស្រាវជ្រាវនេះ ហើយលោកសប្បាយចិត្តដែលមានយុវនិស្សិតជាច្រើនបានចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ ពានរង្វាន់គីណាល់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតផ្នែកសុខាភិបាលក្នុងប្រទេសកម្ពុជាឲ្យចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវស្របទៅតាមបទដ្ឋានវិទ្យាសាស្ត្រ អន្តរជាតិ ធ្វើឲ្យនិស្សិតមានសមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងមុខជំនាញរបស់ពួកគេ ក្រៅពីនេះក៏ចង់ឲ្យនិស្សិតផ្នែកសុខាភិបាលទទួលបានការងារ ដែលសមស្របទៅនឹងទេពកោសល្យ នៅពេលដែលចាប់ផ្តើមមុខរបរ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រក្នុងប្រទេសកម្ពុជា។

ក្នុងឆ្នាំនេះ មានបេក្ខជនចូលរួមចំនួន ២៦ ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ផ្សេងគ្នា ដូចជាសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យន័រតុន សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ និងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ ក្រោមប្រធានបទឈ្មោះថា “ឱសថសម្រាប់ជំងឺគ្រុនក្តៅ និងការថែទាំ”។

ការស្រាវជ្រាវដែលបានឈ្នះការប្រកួតឆ្នាំនេះ រួមមាន:

1. ការសិក្សាអំពីរុក្ខជាតិឱសថបុរាណក្នុងការព្យាបាលជំងឺគ្រុនក្តៅក្នុងចំណោមមនុស្សចាស់ក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវប្រទេសកម្ពុជា

2. ការសិក្សាទៅលើរុក្ខជាតិឱសថសម្រាប់ព្យាបាលនិងវិធីសាស្ត្រថែទាំចំពោះអាការៈគ្រុនក្តៅ ក្នុងខេត្តកំពង់ស្ពឺឆ្នាំ 2018

3.ការសិក្សាអំពីការប្រើប្រាស់ឱសថបញ្ចុះកំដៅមិនបានត្រឹមត្រូវចំពោះកូនក្មេងនៅក្នុងឱសថស្ថានសហគមន៍ខេត្តកំពង់ចាម 2018៕