ការស្រាវជ្រាវថ្មីមួយ បានព្រមានថា ការជក់បារី អាចបង្កើនហានិភ័យ នៃការស្លាប់មុនអាយុ ចំពោះអ្នកដែលបានរស់រានមានជីវិត ពីជំងឺមហារីកពោះវៀនធំ។
អ្នកស្រាវជ្រាវ បានមើលទៅលើអ្នករស់រានមានជីវិត ពីជំងឺមហារីកពោះវៀនធំ ជាង ២.៥០០ នាក់នៅសហរដ្ឋអាមេរិក។ ជាង ១.១០០ នាក់ បានស្លាប់អំឡុងពេលនៃការតាមដាន ក្នុងរយៈពេលជាមធ្យម ៧,៥ ឆ្នាំ ដែលរួមមានប្រហែល ៤៥០ នាក់ បានស្លាប់ដោយសារតែ ជំងឺមហារីកពោះវៀនធំនោះ។
ការស្រាវជ្រាវបានរកឃើញថា ធៀបទៅនឹងអ្នកមិនជក់បារី អ្នកជំងឺមហារីកដែលបានជក់បារី ហាក់ដូចជាមានឱកាសទ្វេដង ក្នុងស្លាប់ដោយសារមូលហេតុនានា ឬពីជំងឺមហារីកពោះវៀនធំ អំឡុងពេលនៃការតាមដាននោះ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Clinical Oncology។
អ្នកស្រាវជ្រាវបាននិយាយថា អ្នកជក់បារី អាចមានជំងឺមហារីកកាចសាហាវជាង ឬការជក់បារី អាចបន្ថយប្រសិទ្ធភាព នៃការព្យាបាលជំងឺមហារីកពោះវៀនធំនោះ។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវទៅថ្ងៃក្រោយ គឺចាំបាច់ ដើម្បីយល់បន្ថែមថាតើ ការជក់បារី អាចបង្កើនហានិភ័យ នៃការស្លាប់ដោយអ្នកជំងឺមហារីកពោះវៀនធំ យ៉ាងដូចម្តេច និងកំណត់ថាតើ ការផ្តាច់បារី ក្រោយពីធ្វើរោគវិនិច្ឆ័យឃើញ អាចបន្ថយហានិភ័យ នៃការស្លាប់ ឬយ៉ាងណា៕