មូលហេតុមួយចំនួន ដែលអាចបណ្តាលអោយ បែកញើសយប់ រួមមាន ៖
អស់រដូវ ៖ ការក្តៅក្រហាយ ដែលទាក់ទងទៅនឹងការអស់រដូវ អាចកើតមានឡើងនៅពេលយប់ ហើយបណ្តាលអោយបែកញើស។ នេះគឺជាមូលហេតុទូទៅ នៃការបែកញើសយប់ ចំពោះស្ត្រី។

ជំងឺ idiopathic hyperhidrosis ៖ ជំងឺនេះ គឺជាជំងឺដែលខ្លួនប្រាណ ផលិតញើសច្រើន ដោយមិនដឹងពីមូលហេតុ។
ជំងឺឆ្លង ៖ របេង គឺជាជំងឺឆ្លង ដែលត្រូវបានផ្សារភ្ជាប់ទូទៅបំផុត ជាមួយនឹងការបែកញើសយប់។ ប៉ុន្តែ ការឆ្លងមេរោគបាក់តេរីដទៃទៀត ដូចជា ជំងឺឆ្លងមេរោគលើប្រឹសបេះដូង ជំងឺឆ្លងមេរោគលើឆ្អឹង និងបូស ក៏អាចបណ្តាលអោយបែកញើសយប់ផងដែរ។ ការបែកញើសយប់ ក៏ជាសញ្ញាមួយ នៃការឆ្លងមេរោគអេដស៍ផងដែរ។
ជំងឺមហារីក ៖ ការបែកញើសយប់ គឺជាសញ្ញាដំបូង នៃជំងឺមហារីកមួយចំនួន។ ប្រភេទទូទៅបំផុត នៃជំងឺមហារីក ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការបែកញើសយប់នោះ គឺជំងឺ Lymphoma។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានជំងឺមហារីក ដែលមិនទាន់ត្រូវបានគេធ្វើរោគវិនិច្ឆ័យនោះ មានរោគសញ្ញាដទៃទៀតផងដែរ ដូចជា ស្រកទម្ងន់ដោយមិនមានមូលហេតុ និងគ្រុនក្តៅ។
ថ្នាំ ៖ ការប្រើប្រាស់ថ្នាំមួយចំនួន អាចនាំអោយបែកញើសយប់។ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត គឺជាប្រភេទនៃថ្នាំទូទៅមួយ ដែលអាចនាំអោយបែកញើសយប់។ ពី ៨ ទៅ ២២ ភាគរយនៃអ្នកដែលប្រើថ្នាំនេះ មានការបែកញើសយប់។ ថ្នាំជំងឺផ្លូវចិត្តដទៃទៀត ក៏ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការបែកញើសយប់ផងដែរ។ ថ្នាំដែលត្រូវបានលេប ដើម្បីបន្ថយកម្តៅ ដូចជា ថ្នាំអាស្ពីរីន និងថ្នាំអាសេតាមីណូហ្វេន ជួនកាល ក៏អាចនាំអោយបែកញើសផងដែរ។ ថ្នាំដទៃទៀតជាច្រើន អាចបណ្តាលអោយបែកញើសយប់ និងមុខ ឬខ្លួនឡើងក្រហម។
ការថយចុះជាតិស្ករនៅក្នុងឈាម ៖ ការថយចុះជាតិស្ករនៅក្នុងឈាម អាចបណ្តាលអោយបែកញើស។ អ្នកដែលប្រើថ្នាំអាំងស៊ុយលីន ឬប្រើថ្នាំគ្រាប់ជំងឺទឹកនោមផ្អែម អាចមានការថយចុះជាតិស្ករ នៅក្នុងឈាមនៅពេលយប់ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការបែកញើសយប់។
ជំងឺអ័រម៉ូន ៖ ការបែកញើស ឬខ្លួនឡើងក្រហម អាចត្រូវបានជួប នៅក្នុងជំងឺនៃអ័រម៉ូនធ្ងន់ធ្ងរ។
ជំងឺប្រព័ន្ធប្រសាទ ៖ បញ្ហាប្រព័ន្ធប្រសាទរួមមាន ជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាលជាដើម អាចបណ្តាលអោយកើនឡើង នៃការបែកញើស និងអាចនាំអោយបែកញើសខ្លាំង នៅពេលយប់៕