ជាក់ស្ដែងណាស់ បើអ្នកឈឺជង្គង់ ឬមានរបួសជង្គង់ អ្នកប្រាកដជាបារម្ភថា ការធ្វើលំហាត់ប្រាណ គឺអាចនឹងធ្វើឲ្យអ្នកមានគ្រោះថ្នាក់ ឬកាន់តែឈឺឡើង។ ប៉ុន្ដែ ការយល់ឃើញបែបនេះ គឺជាគំនិតមួយ ដែលខុសផ្ទុយស្រលះតែម្ដង។ ការធ្វើលំហាត់ប្រាណ ឬការធ្វើចលនា ដើម្បីពង្រឹងសាច់ដុំនៅនឹងជង្គង់ និងការធ្វើចលនាចុះឡើង គឺជាវិធីមួយដែលល្អបំផុត ក្នុងការជួយការពារមុខរបួសរបស់អ្នក កុំឲ្យវិវត្តកាន់តែធ្ងន់ធ្ងរ។

អ្នកអាចចាប់ផ្ដើមដោយ ធ្វើចលនាយឺតៗ តាមតែអាចធ្វើទៅបាន។ វាជារឿងធម្មតាទេ ដែលអ្នកមានអារម្មណ៍ឈឺចាប់ខ្លះ នៅពេលធ្វើចលនាម្ដងៗ។ ជាទូទៅ ការធ្វើចលនាដើម្បីពង្រឹងសាច់ដុំ នៅនឹងជង្គង់បែបនេះ គឺអាចជួយកាត់បន្ថយការចាប់បានខ្លះ ប៉ុន្តែ បើអ្នកធ្វើទៅហើយ បែរជាមិនទទួលបានផលអ្វីទេនោះ ឬវាបែរជាធ្វើឲ្យស្ថានភាពឈឺរបស់អ្នក កាន់តែធ្ងន់ទៅវិញនោះ អ្នកអាចបញ្ឈប់ការធ្វើចលនានោះភ្លាម ហើសរួសរាន់ទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ៕