ប្រសិនបើមនុស្សម្នាក់ ត្រូវបានឆ្លងជំងឺរលាកថ្លើមប្រភេទ C ហើយមានការខូចខាត ទៅលើថ្លើម នោះគ្រូពេទ្យ នឹងផ្តល់អនុសាសន៍អោយព្យាបាល ជាមួយនឹងថ្នាំ។ សម្រាប់ប៉ុន្មានឆ្នាំនេះ ស្តង់ដារនៃការព្យាបាល ទៅលើជំងឺរលាកថ្លើមប្រភេទ C គឺតម្រូវអោយផ្សំថ្នាំចូលគ្នា រវាងថ្នាំចាក់ អ៊ីនធឺហ្វេរ៉ូន អាល់ហ្វា (Interferon Alpha) និងថ្នាំលេប រីបាវីរីន (Ribavirin) សម្រាប់ប្រឆាំងនឹងមេរោគ។

ទម្រង់នៃការផ្សំថ្នាំចូលគ្នានេះ គឺត្រូវបានអនុញ្ញាតិអោយប្រើ ហើយគេអាចហៅទម្រង់នៃការព្យាបាលនេះបានថា រីប៊ីត្រុន (Rebetron)។ ថ្មីៗនេះ មានទម្រង់ថ្នាំ អ៊ីនធឺហ្វេរ៉ូនផ្សេងទៀតដូចជា ភីជអ៊ីនធឺហ្វេរ៉ូន (Piginterferon) ឬក៏ភីជីលេត អ៊ីនធឺហ្វេរ៉ូន (Pegylated Interferon) បានក្លាយជាស្តង់ដារនៃការព្យាបាល។ អ៊ីនធឺហ្វេរ៉ូន ត្រូវបានបង្កើតឡើង ពីប្រូតេអ៊ីនធម្មជាតិយ៉ាងជាក់លាក់ សម្រាប់ប្រឆាំងទៅនឹងមេរោគ។ ភីជអ៊ីនធឺហ្វេរ៉ូន ឬ ភីជីលេត អ៊ីនធឺហ្វេរ៉ូន ត្រូវបានផ្លាស់ប្តូរ ដូច្នេះហើយ វាអាចនៅក្នុងខ្លួនយើងបានយូរជាង អ៊ីនធឺហ្វេរ៉ូន ពីមុន។ អ្នកជំងឺត្រូវការចាក់ថ្នាំតែ ១ ម្ជុលទេ ក្នុង ១ សប្តាហ៍ តែមានប្រសិទ្ធភាព ស្មើនឹង ៣ ម្ជុល ពីព្រោះថា កម្រិតនៃសារធាតុថ្នាំក្នុងឈាម គឺវានៅថេរបានច្រើន។
មេរោគអាចកំចាត់ចេញពីក្នុងឈាមបានប្រមាណជា ៥៥ ភាគរយ សម្រាប់អ្នកដែលទទួលការព្យាបាលជាមួយ ភីជអ៊ីនធឺហ្វេរ៉ូន និង រីបាវីរីន។ ៧០ ទៅ ៨០ ភាគរយ នៃប្រជាជនដែលមានជំងឺរលាកថ្លើម C ប្រភេទទី ២ និង ទី ៣ គឺត្រូវបានជាសះស្បើយ ជាមួយនឹងការព្យាបាល។ ៤០ ភាគរយនៃប្រជាជនដែលមានជំងឺរលាកថ្លើម C ប្រភេទទី ១ ត្រូវបានជាសះស្បើយឡើងវិញ។
ការព្យាបាល ក៏អាចទាក់ទងនឹងការប្រើប្រាស់ថ្នាំផ្សេងទៀតផងដែរ សម្រាប់រារាំងការធ្លាក់នូវចំនួនកោសិកាគ្រាប់ឈាម ដែលអាចកើតឡើង ពេលណាដែលយើងប្រើ អ៊ីនធឺហ្វេរ៉ូន។ រីបាវីរីន ខ្លួនវាផ្ទាល់ មិនអាចជួយបានទេ។ អ៊ីនស៊ីវិក (Incivek) និងវិចទ្រីលីស (Victrelis) ត្រូវបានយល់ព្រមអោយដាក់ចូល ក្នុងការព្យាបាល ដែលវាអាចបង្កើនឱកាស ក្នុងការជាសះស្បើយសម្រាប់ជំងឺរលាកថ្លើម C បាន។ ថ្នាំទាំងអស់នេះ បានទៅបំផ្លាញអង់ស៊ីមរបស់មេរោគរលាកថ្លើមប្រភេទ C (HCV protease enzyme) ធ្វើអោយមេរោគស្ទើរតែមិនអាចបំបែកខ្លួនបាន។ ទោះបីយ៉ាងណាក៏ដោយ មេរោគនៅតែអាចទប់ទល់ជាមួយនឹងថ្នាំនោះបាន ប្រសិនណាបើយើងប្រើថ្នាំតែ ១ មុខ ការព្យាបាលដោយផ្សំថ្នាំចូលគ្នារវាង អ៊ីនធឺហ្វេរ៉ូន និងរីបាវីរីន អាចបង្ខាំងមេរោគរលាកថ្លើមប្រភេទ C នេះបាន៕