ជម្លោះក្នុងទំនាក់ទំនងស្នេហាសុទ្ធតែកើតមានឡើងចំពោះគ្រប់ដៃគូទាំងអស់។ មិនដែលមានដៃគូណាដែលអាចរស់នៅពេញមួយជីវិតដោយមិនមានជម្លោះនោះទេ។ ប៉ុន្តែជម្លោះរវាងដៃគូអាចគ្រប់គ្រងបានប្រសិនបើអ្នកមានការបើកចំហរផ្លូវចិត្តនិងគំនិត និងសុខចិត្តប្រឈមមុខដោះស្រាយដើម្បីសម្រួលទំនាក់ទំនងរបស់អ្នក។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនក្នុងការគ្រប់គ្រងនិងដោះស្រាយជម្លោះក្នុងទំនាក់ទំនងស្នេហា៖

និយាយពាក្យសុំទោស!
១. ជម្លោះឬការខ្វែងសម្តីគ្នាធម្មតាអាចដោះស្រាយបានគ្រាន់តែនិយាយពាក្យសាមញ្ញគឺ “សុំទោស”។ ពេលខ្លះ វាគឺជាអ្វីដែលត្រូវចំណាយដើម្បីធ្វើឱ្យមានអារម្មណ៍ល្អឡើងវិញនិងបន្តជីវិតទៅមុខទៀត។
២. ពេលខ្លះ ការគេចវេះពីជម្លោះគឺជារឿងល្អមួយ។ ប៉ុន្តែការគេចវេះនេះប្រហែលជាអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមិនល្អ។ ប្រសិនបើអ្នកខឹង វាប្រហែលជាល្អបំផុតប្រសិនបើអ្នកប្រាប់ភាគីម្ខាងទៀតពីអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកមិននិយាយពីបញ្ហារបស់អ្នកទេ អ្នកអាចបង្ហាញការខឹងសម្បាររបស់អ្នកតាមវិធីផ្សេងទៀតដូចជាការប្រើកាយវិការ។
៣. វាគឺជារឿងធម្មតាដែលអ្នកមានអារម្មណ៍អន់ចិត្តឬខឹង ប៉ុន្តែអ្នកគួរផ្តល់ពេលវេលាដល់ខ្លួនឯងដើម្បីធ្វើចិត្តឱ្យត្រជាក់។ ប្រសិនបើវាមានន័យថាអ្នកគួរចំណាយពេលដើរដើម្បីបន្ធូរអារម្មណ៍ អ្នកគួរតែធ្វើវា។ ពេលត្រលប់មកវិញអ្នកនឹងមានអារម្មណ៍ល្អជាងមុន ដោយមិនមានអារម្មណ៍មួរម៉ៅក្តៅក្រហាយដូចមុន ដូច្នេះអ្នកនឹងអាចដោះស្រាយបញ្ហាបានល្អជាងមុន។
៤. ដឹងថាអ្វីដែលធ្វើឱ្យអ្នកខឹង ឬមូលហេតុដែលបង្ករឱ្យមានជម្លោះ។ តើវាគឺជាការងារ លុយកាក់ បញ្ហាផ្លូវភេទ ការកុហកបោកប្រាស់ ឬបញ្ហាផ្សេងទៀត ដែលបង្ករឱ្យមានជម្លោះ។ អ្នកត្រូវព្យាយាមស្វែងយល់ និងប្រឈមមុខនឹងបញ្ហាជាជាងការគេចវេះពីវា។
៥. ចូរស្តាប់ការបកស្រាយរបស់ភាគីម្ខាងៗ ព្រោះគ្មាននរណាម្នាក់ដែលខុសទាំងស្រុងឬត្រូវទាំងស្រុងនោះទេ។ ចូរស្តាប់នូវហេតុផលរបស់គ្នាទៅវិញទៅមក ដោយមិនត្រូវឱ្យអារម្មណ៍របស់អ្នកគ្រប់គ្រងជម្លោះឡើយ។
ប្រយ័ត្ននូវអ្វីដែលអ្នកនិយាយ
៦. អ្នកត្រូវដឹងថា ពាក្យសម្តីអាចធ្វើឱ្យមនុស្សមានការឈឺចាប់និងអាចចងចាំបានក្នុងរយៈពេលវែង។ ដូច្នេះ អ្នកគួរគ្រប់គ្រងអារម្មណ៍របស់អ្នក ព្រោះគ្មាននរណាម្នាក់ចង់ឱ្យគេស្រែកគំហកដាក់នោះទេ។
៧. ថយក្រោយមួយជំហាននៅពេលដែលអ្នកកំពុងខឹង។ អ្នកគួរដកខ្លួនចេញពីជម្លោះប៉ុន្មានវិនាទីឬនាទី ហើយពិនិត្យមើលអារម្មណ៍របស់អ្នក បន្ទាប់មកប្រឈមមុខនឹងបញ្ហាដោយប្រើដំណោះស្រាយដ៏ល្អបំផុត។ ភាពតានតឹង (ស្ត្រេស) និងកំហឹង អាចធ្វើឱ្យអ្នកចង់និយាយពាក្យដែលអ្នកមិនអាចយកវាត្រលប់មកវិញ។
៨. ដោះស្រាយជម្លោះរបស់អ្នក ដោយព្យាយាមសម្រួលសម្រួលម្នាក់ពាក់កណ្តាល ដើម្បីឈានទៅដល់ការយល់ពីគ្នានិងការយល់ព្រម។ សុខចិត្តចុះចាញ់បន្តិចដើម្បីទទួលបានច្រើន។
ពាក្យទូន្មាន៖ ស្តាប់គ្នាទៅវិញទៅមក ព្យាយាមស្វែងយល់ថាអ្វីដែលបង្ករឱ្យមានជម្លោះកើតឡើង និងដោះស្រាយបញ្ហា។