អ្នកស្រាវជ្រាវជាច្រើនបានសម្គាល់ដឹងនូវដំណាក់កាលទាំងបួននៃការឆ្លើយតបខាងផ្លូវភេទលើបុរស និងស្ត្រីដែលមានដូចជា៖ Arousal (ដំណាក់កាលស្រើបស្រាល) Plateau (ដំណាក់កាលតម្រេក) Orgasm (ដំណាក់កាលចំនុចកំពូលឬសម្រេចកាម) Resolution (ដំណាក់កាលវិលមករកធម្មតាវិញ)។
១, ដំណាក់កាលស្រើបស្រាល (Arousal or Excitement)
បុរសម្នាក់ទទួលបាននូវការឡើងនៃលិង្គដោយការភ្ញោចខាងផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរ។ ករណីនេះធ្វើអោយលំហូរឈាមហូរចូលទៅក្នុងតំបន់ស្ពោធទាំងបី (ឬហៅថា Corpora) កាន់តែខ្លាំង ដែលវាជាហេតុផលមួយធ្វើអោយលិង្គរបស់គាត់លូតវែង។
ស្បែកនៅលើលិង្គទៅជាធូរ និងមានចលនា ដើម្បីអោយលិង្គរបស់គាត់លូតវែងបាន។ ថង់ពងស្វាស (ដែលមានពងស្វាសក្នុងនោះ) ទៅជាតឹងខ្លាំងជាងមុន ដូច្នេះធ្វើអោយពងស្វាសនោះមានសភាពរុញឡើងទៅខាងលើ។
២, ដំណាក់កាលតម្រេក (Plateau)
ស្ថិតក្នុងដំណាក់កាលនេះ ក្បាលរបស់លិង្គទៅជាធំជាងមុន ហើយសរសៃឈាមនៅក្នុង និងជុំវិញលិង្គត្រូវបានផ្ទុកទៅដោយឈាមដ៏ច្រើន។ ហេតុនេះហើយទើបធ្វើអោយមានពណ៌ដិតខ្លាំង ហើយពងស្វាសក៏រីកធំជាងមុនរហូតដល់ ៥០%ដែរ។
ពងស្វាសចេះតែបន្តរីកធំទៅៗ ព្រមទាំងមានអារម្មណ៍ថាតំបន់នៅចន្លោះពងស្វាស និងរន្ធគូថកាន់តែក្តៅទៅៗ។ ចង្វាក់បេះដូងដើរញាប់ សម្ពាធឈាមឡើងខ្ពស់ ការដកដង្ហើមទៅជាលឿនជាងមុន ហើយភ្លៅក៏ដូចជាកំប៉េះគូថរបស់គាត់តឹងរឹងរឹតតែខ្លាំង។ នេះមានន័យថាគាត់កំពុងតែជិតឈានទៅដល់ចំនុចកំពូលនៃការរួមភេទហើយ។
៣, ដំណាក់កាលចំនុចកំពូលនៃការរួមភេទ ឬការបាញ់ចេញទឹកកាម (Orgasm)
ប្រភេទនៃការកន្ត្រាក់មួយប្រភេទដើម្បីបង្ខំអោយទឹកកាមចូលទៅក្នុងបង្ហូរនោម (បំពង់បង្ហូរទឹកនោមនៅក្នុងលិង្គ)។ ការកន្ត្រាក់ទាំងនេះកើតមាននៅក្នុងសាច់ដុំអាងត្រគៀក បំពង់សម្រាប់ដឹកនាំមេជីវិតឈ្មោលពីពងស្វាសចូលទៅក្នុងលិង្គ (Vas Deferens) ថង់សេមីណាល់ និងក្រពេញប្រូស្តាត ដែលកន្លែងទាំងពីរនេះសម្រាប់បន្ថែមនូវទឹករំអិលជំនួយដល់មេជីវិតឈ្មោលពេលបាញ់ចេញមកក្រៅ។ ការលាយឡំគ្នានៃមេជីវិតឈ្មោល (5%) និងទឹករំអិល (95%) ហៅថា ទឹកកាម។
ការកន្ត្រាក់ទាំងនេះគឺជាផ្នែកមួយនៃការដល់ចំនុចកំពូលនៃការរួមភេទ ហើយមនុស្សប្រុសឈានទៅដល់ចំនុចមួយដែលគាត់មិនអាចបញ្ឈប់នូវការបាញ់ទឹកកាមបានទេ។ ការកន្ត្រាក់នៃក្រពេញប្រូស្តាត និងសាច់ដុំកម្រាលក្នុងអាងត្រគៀកធ្វើអោយការបាញ់ទឹកកាមកើតមានឡើង នោះគឺទឹកកាមត្រូវបានបង្ខំចេញពីលិង្គរបស់គាត់។
៤, ដំណាក់កាលវិលមករកធម្មតាវិញ (Revolution)
ឥឡូវនេះបុរសវិលមករកដំណាក់កាលធម្មតាវិញហើយគឺនៅពេលដែលលិង្គ និងពងស្វាសចាប់ផ្តើមរួញស្វិតមកសភាពធម្មតាវិញ។ គាត់កំពុងតែដកដង្ហើមខ្លាំងៗ និងញាប់ៗ បេះដូងលោតយ៉ាងញាប់ ព្រមទាំងបែកញើស។
ក្រោយពីបាញ់ទឹកកាមរួច មនុស្សប្រុសមិនអាចទទួលបាននូវចំនុចកំពូលមួយទៀតទេ។ ភាពប្រែប្រួលមួយនេះមានលក្ខណៈខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ អាចចាប់ផ្តើមពីពីរបីនាទី ទៅពីរបីម៉ោង ឬច្រើនថ្ងៃ។ ជាទូទៅពេលវេលាអាចកាន់តែយូរនៅពេលបុរសមានវ័យកាន់តែចាស់។
ប្រសិនបើបុរសម្នាក់ទទួលបាននូវការស្រើបស្រាល ប៉ុន្តែមិនអាចបាញ់ទឹកកាមបាន នោះដំណាក់កាលវិលមករកធម្មតាវិញអាចចំនាយពេលយូរទើបមកដល់ ហើយពងស្វាស និងអាងត្រគៀករបស់គាត់ប្រហែលជាមានការឈឺចាប់។