​នៅក្នុង​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​មាន​ការសិក្សា​អំពី​កាហ្វេ​ជាច្រើន ដែល​បង្ហាញឲ្យឃើញថា កាហ្វេ​មាន​ផល​ល្អ​និង​ផល​អាក្រក់​របស់​វា​មកលើ​សុខភាព​របស់​យើង​។​

១- អត្ថប្រយោជន៍​របស់​កា​ហ្វេ​

  • ​ជំនួយ​ដល់​ខួរក្បាល​៖ ការសិក្សា​បាន​បញ្ជាក់​ឲ្យដឹងថា ការ​ផឹក​កាហ្វេ​ក្នុង​បរិមាណ​ល្មម​គឺ​ពី ១ ទៅ ៥​ពែ​ង ក្នុង​១​ថ្ងៃ អាច​ជួយ​កាត់បន្ថយ​ភាព​វិកលចរិត (dementia) ការចុះ​ខ្សោយ​នៃ​ការចងចាំ (Alzheimer’s disease) និង​ជំងឺ​ញ័រញាក់ (Parkinson’s disease) បាន​។ ពួក​អ្នកជំនាញ​បាន​ពន្យល់ថា អង់​ទី​អុកស៊ី​ដង់​របស់​កាហ្វេ​អាច​ជួយ​បង្ការ​មិន​ឲ្យ​កោសិកា​ខួរក្បាល​ខូចខាត​ទៅបាន ហើយ​អាច​ជួយ​ជម្រុញ​សកម្មភាព​របស់​ណឺរ៉ូ​ត្រង់​ស្មី​ទ័រ (neurotransmitters) ដែល​មាន​ការពាក់ព័ន្ធ​ដល់​មុខងារ​ស្គាល់​ឬ​ដឹង​។ ការសិក្សា​ខ្លះ​បានបញ្ជាក់​ថា កាលណា​គេ​ផឹក​កាហ្វ​កាន់តែច្រើន អត្រា​នៃ​ឧប្បត្តិហេតុ​កើត​ជម្ងឺមហារីក​ខួរក្បាល (glioma) ក៏​ថយចុះទៅ​ដែរ​។ ម្យ៉ាងទៀត កាហ្វេ​ក៏​អាច​ធ្វើឲ្យ​មាន​ការជួសជុល​ប្រូតេអ៊ីនឌី​អិន​អេ​នៅក្នុង​កោសិកា (DNA-repairing protein in cells) ផងដែរ ជួយ​បង្ការ​មិនឲ្យ​មាន​ការខូចខា​ត​ឌី​អិន​អេ ដែល​ធ្វើឲ្យ​កោសិកា​ក្លាយទៅជា​មហារីក​នោះ​។​
  • ជំនះ​ជំងឺ​ទឹកនោម​ផ្អែម​៖ ការសិក្សា​បាន​ផ្សារភ្ជាប់​ការផឹក​កាហ្វេ (៤​ពែង​ក្នុង​១​ថ្ងៃ​) ទៅ​នឹង​ហានិភ័យ​ថយ​ចុះ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​។ គេ​និយាយថា អង់​ទី​អុកស៊ី​ដង់​របស់​កាហ្វេ គឺ​cholorogenic acid និង quinides អាច​ជម្រុញ​ឲ្យ​កោសិកា​មាន​វេទយិត​ជាមួយនឹង​អាំង​ស៊ុយ​លីន ដែលជា​អ្នក​ចាត់ចែង​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ហេតុការណ៍​នេះ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើង​ថែម​ទៀត កាលណា​គេ​បាន​ដក​យកជាតិ​កាហ្វេ​អ៊ី​ន​ចេញ​(decaf)​។​
  • ​អត្ថប្រយោជន៍​ចំពោះ​បេះដូង​៖ មាន​ការសិក្សា​ខ្លះ​បង្ហាញថា អ្នក​ដែល​ផឹក​កាហ្វេ​ក្នុង​កម្រិត​ល្មមៗ គឺ​ពី ១ ទៅ ៣​ពែ​ង ក្នុង​១​ថ្ងៃ មាន​អត្រា​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (stroke) តិច​ជាង​អ្នក​ដែល​មិន​ផឹក​កាហ្វេ​សោះ​។ នេះ​គឺ​ដោយសារ​អង់​ទី​អុកស៊ី​ដង់​របស់​កាហ្វេ​បាន​ជួយ​បំបាត់​ការ​រលាក​របស់​សរសៃ​អា​ទែរ (arteries) ហើយ​បង្កើន​សកម្មភាព​របស់ nitric oxide ដែល​ធ្វើឲ្យ​សរសៃឈាម​រីកធំឡើង ម្ល៉ោះហើយ​ក៏​ធ្វើឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ទៅ​ដែរ​។​
  • ជួយ​ការពារ​ថ្លើម​៖ គេ​សង្កេតឃើញថា កាលណា​គេ​ផឹក​កាហ្វ​កាន់តែច្រើន ឧប្បត្តិហេតុ​នៃ​ការ​ក្រិន​ថ្លើម​ក៏​ថយ​ចុះ​ទៅ​ដែរ​។ ការវិភាគ​លើ​ការ​សិក្សា​ចំនួន ៩ បាន​រកឃើញថា ការ​ផឹក​កាហ្វេ​២​ពែ​ង ក្នុង​១​ថ្ងៃ បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​បាន​ដល់​ទៅ ៤៣%​។ គេ​ពន្យល់​ថា នេះ​គឺ​មក​ពី​ជាតិ​កាហ្វេ​អ៊ី​ន និង chlorogenic and caffeic acids បាន​ជួយ​បង្ការ​មិន​ឲ្យ​ថ្លើម​រលាក និង​ជួយ​លប់បំបាត់​កោសិកា​មហារីក​ចេញ​។​

២- ផល​អាក្រក់​របស់​កាហ្វេ​

  • ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​អាច​ធ្វើឲ្យ​យើង​ឆាប់​ខឹង​ឬ​ថប់​អារម្មណ៍​បាន បើ​ផឹក​កាហ្វេ​ច្រើនពេក​។ ពីព្រោះ​ថា​កាហ្វេ​អ៊ី​ន​នេះ​វា​ដូច​គ្នា​ខ្លាំងណាស់​ទៅនឹង adenosine ដែល​ជា​សារ​ជាតិគីមី​ម្យ៉ាង​ដែល​ធ្វើឲ្យ​ខួរក្បាល​ថមថយ​ចុះ ហើយ​មាន​ការទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ដំណេក​និង​ការ​បន្ធូរ​សរសៃឈាម​។ កាហ្វេ​អ៊ី​ន​ត្រូវបាន​ចង​ជាប់​ទៅ​នឹង adenosine នៅលើ​សរសៃប្រសាទ ហើយ​មិន​បាន​លែង adenosine ទៅវិញ​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​សរសៃប្រសា​ទមាន​សកម្មភាព​កើនឡើ​ង ហើយ​សរសៃឈាម​ក៏​កន្ត្រាក់​ញាប់​ឡើង​ដែរ​។​
  • ​ម្យ៉ាងទៀត បើសិន​ជា​អ្នក​ផឹក​កាហ្វេ​ជាប់​រាល់ថ្ងៃ អ្នក​អាច​នឹង​បង្កើត​ភាព​អត់ឱន (tolerance) ចំពោះ​កាហ្វេ​អ៊ី​ន ហើយ​ត្រូវ​ផឹក​កាហ្វេ​ឲ្យ​គ្រប់​កម្រិត​ទើប​អាច​មាន​សភាព​រហ័សរហួន​បាន​។ បើ​មិន​បាន​ផឹក​កាហ្វេ​ទេ នោះ​វា​ហាក់ដូចជា​រសេះរសោះ​មិន​ស្រួល​ក្នុង​ខ្លួន​ទេ​។​
  • ធ្វើ​មិន​ឲ្យ​ងងុយដេក​: ជាទូទៅ កាហ្វេ​អ៊ី​ន​អស់​ឥទ្ធិពល​ទៅ​ក្នុង​ពេល ៦​ម៉ោង ក្រោយមក​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​បញ្ហា​ក្នុងការ​ដេក សូម​ផឹក​កាហ្វេ​តែ​នៅ​ពេល​ព្រឹក​បាន​ហើយ​។ ឥទ្ធិពល​របស់​កាហ្វេ​ទៅលើ​ដំណេក​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ កាលណា​គេ​កាន់តែ​ចាស់​ទៅៗ​។​
  • ធ្វើឲ្យ​កើន​កូលេ​ស្តេ​រ៉ុល​: កាហ្វេ​មាន​ជាតិ cafestol ដែល​ធ្វើឲ្យ​កម្រិ​ត​កូលេ​ស្តេ​រ៉ុល​មិនល្អ (LDL – “bad” cholesterol) កើនឡើង​។​
  • ឥទ្ធិពល​ទៅលើ​គភ៌​និង​ការ​បំបៅកូន​: បើ​តាម​សាលា American College of Obstetrics and Gynecology នារី​មាន​ផ្ទៃពោះ​អាច​ផឹក​កាហ្វេ​បាន​តិចតួច (​មិន​លើស​ពី ២​ពែ​ង ក្នុង​១​ថ្ងៃ​) ហើយ​វា​ហាក់ដូចជា​ថា​ការ​ផឹក​កាហ្វេ​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​កូន​រលូត​បាន​។ ម្យ៉ាងទៀត នារី​បំបៅ​ដោះកូន​មិន​ត្រូវ​ផឹក​កាហ្វេ​ច្រើនទេ ព្រោះ​វា​អាច​ជ្រាប​ចូលទៅក្នុង​ទឹក​ដោះ​បាន​។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង