ស្ត្រេស គឺជាជំងឺដែលកើតមានជាញឹកញាប់បំផុតលើមនុស្សគ្រប់រូប។ រាងកាយរបស់យើងត្រូវបានបង្កើតឡើង ដើម្បីអោយមានអារម្មណ៍ស្ត្រេស និងមានប្រតិកម្មទៅលើវាតែម្តង។ វាធ្វើអោយយើងប្រុងប្រយ័ត្ន និងត្រៀមខ្លួន ដើម្បីចៀសផុតពីគ្រោះថ្នាក់។ ប៉ុន្តែ វាមិនមែនតែងតែអាចជៀសផុត ឬផ្លាស់ប្តូរព្រឹត្តិការដែលអាចបង្កទៅជាស្ត្រេសទាំងអស់នោះទេ ហើយវាងាយនឹងធ្វើអោយយើងមិនអាចគេចផុតថែមទៀតផង។

នៅពេលស្ត្រេសកើតមានជាប់រហូត វាអាចប៉ះពាល់ដល់រាងកាយ និងធ្វើអោយឈឺចាប់បាន។ គន្លឹះសំខាន់ក្នុងការចៀសផុតពីស្ត្រេសបាន គឺត្រូវសម្គាល់ទៅលើមូលហេតុរបស់វាក្នុងឆាកជីវិតរបស់អ្នក និងសិក្សាពីរបៀបកាត់បន្ថយវាដោយផ្ទាល់តែម្តង។
ការសិក្សាដើម្បីអោយខ្លួនឯងមានអារម្មណ៍ធូរស្បើយ គឺជារឿងចាំបាច់។ ចូរផ្តល់អោយខ្លួនឯងនូវពេលវេលាស្ងប់ស្ងាត់មួយចំនួន ទោះបីជាមានពេលតែពីរបីនាទីក៏ដោយ។ ចូរពិនិត្យ និងផ្លាស់ប្តូរការគិត ជាពិសេស ការរំពឹងទុកដែលមិនមែនជាការពិតតែម្តង។ ការស្វែងរកជំនួយពីអ្នកឯកទេស ក៏អាចជួយអោយអ្នកទទួលបានប្រយោជន៍ថ្មីពីរបៀបគ្រប់គ្រងស្ថានភាពស្ត្រេសដែលលំបាកៗបានផងដែរ។
វិធីសាស្ត្រផ្សេងៗទៀត ដើម្បីបំបាត់ស្ត្រេសមានដូចជា ៖
• មានគំនិតវិជ្ជមាន និងជឿជាក់លើខ្លួនឯង
• យល់ស្របថា មានរឿងជាច្រើន ដែលយើងមិនអាចគ្រប់គ្រងវាបាន
• ប្តូរពីឆេវឆាវ ទៅជាមានទំនុកចិត្តលើខ្លួនឯងវិញ
• រៀនពីរបៀបបន្ធូរអារម្មណ៍
• ហាត់ប្រាណអោយទៀងទាត់
• ញ៉ាំអាហារអោយមានតុល្យភាព
• ឈប់ជក់បារី
• កាត់បន្ថយ ឬចៀសវាងការប្រើប្រាស់ជាតិស្រា និងកាហ្វេអ៊ីន
• បង្កើតគម្រោង ឬការរំពឹងទុកដែលពិតប្រាកដ
• សម្រាកអោយបានគ្រប់គ្រាន់
• មិនត្រូវពឹងផ្អែកលើស្រា ឬថ្នាំដើម្បីបន្ថយស្ត្រេសឡើយ
• សិក្សាពីរបៀបប្រើប្រាស់វិធីគ្រប់គ្រងស្ត្រេស និងយន្តការជៀសវាងវាដូចជា ការដកដង្ហើមអោយបានជ្រៅៗជាដើម៕