ការទទួលទានទឹកក្រូចឆ្មារ គឺជាការពេញនិយម របស់ប្រជាពលរដ្ឋខ្មែរ ដែលជាញឹកញាប់ ក្នុងពេលញ៉ាំអាហារ សម្រាប់ចម្រោះជាតិពុល ឬសម្រាប់ប្រើជាផ្នែកមួយក្នុងការសម្រកទម្ងន់។ ទឹកក្រូចឆ្មារ មានជីវជាតិច្រើនណាស់ ដែលរាងកាយត្រូវការដូចជាវីតាមីន C ប៉ូតាស្យូម និងជាតិសរសៃ។ ទោះបីជាយ៉ាងណាក៏ដោយ ភេសជ្ជៈមួយនេះក៏ប្រហែលជាបណ្តាលអោយមានផលរំខានច្រើនដែរ បើសិនជាទទួលទានវាច្រើនពេក។ ចូរពិគ្រោះជាមួយគ្រូពេទ្យសិន មុនពេលផឹកទឹកក្រូចឆ្មារ។

ពុកធ្មេញ
ការទទួលទានអាហារ ឬភេសជ្ជៈដែលមានជាតិអាស៊ីតច្រើនពេកដូចជា ទឹកក្រូចឆ្មារ នឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងនូវជាតិអាស៊ីតរបស់វាទៅលើធ្មេញរបស់អ្នក។ ដូច្នេះ វានឹងទៅបំផ្លាញស្រទាប់ធ្មេញខាងក្រៅ និងធ្វើអោយស្រៀវធ្មេញ ជាពិសេស ពេលញ៉ាំអាហារដែលត្រជាក់ ឬក្តៅតែម្តង។ ដើម្បីការពារធ្មេញ ចូរផឹកភេសជ្ជៈមានជាតិអាស៊ីតជាមួយនឹងបំពង់បឺត។ បើសិនជាអ្នកកំពុងតែជួបបញ្ហាពុកធ្មេញហើយនោះ ចូរពិគ្រោះជាមួយពេទ្យធ្មេញដែលអាចណែនាំនូវការព្យាបាលដល់អ្នកបាន។
ក្រហាយដើមទ្រូង
ការផឹកទឹកក្រូចឆ្មារច្រើនពេក ប្រហែលជាអាចបណ្តាលអោយក្រហាយដើមទ្រូង ឬធ្វើអោយអាការៈនោះកាន់តែធ្ងន់ធ្ងរ បើសិនជាអ្នកធ្លាប់មានបញ្ហានេះពីមុនមក។ ការក្រហាយដើមទ្រូង នឹងកើតឡើងនៅពេលដែលសាច់ដុំខ្ជឹបបំពង់អាហារមិនធ្វើការបានល្អ និងធ្វើអោយទឹកអាស៊ីតចេញពីក្រពះច្រាលចេញរួច។ ការកាត់បន្ថយអាហារ និងភេសជ្ជៈមានជាតិអាស៊ីតអាចជួយបង្ការ និងបំបាត់រោគសញ្ញានៃការក្រហាយដើមទ្រូងបាន។
នោមញឹក និងខ្សោះជាតិទឹក
ស្ថិតក្នុងករណីដែលកម្រនោះ ទឹកក្រូចឆ្មារប្រហែលជាមានឥទ្ធិពលជាថ្នាំបញ្ចុះទឹកនោម។ ក្រូចឆ្មារ មានវីតាមីន C ឬ Ascorbic Acid ខ្ពស់ ដែលវាត្រូវបានគេស្គាល់ថា មានសមាសធាតុជាថ្នាំបញ្ចុះទឹកនោម ដូច្នេះ វានឹងបង្កើនការផលិតទឹកនោមក្នុងតម្រងនោម និងធ្វើអោយរាងកាយបញ្ចេញជាតិទឹក និងសូដ្យូមកាន់តែច្រើន។ បើសិនជាអ្នកចាប់ផ្តើមខ្សោះជាតិទឹកក្រោយពីទទួលទានទឹកក្រូចឆ្មារច្រើននោះ ចូរពិចារណាកាត់បន្ថយការទទួលទានទឹកក្រូចឆ្មាខ្លះទៅ៕