​វា​អាច​ក្លាយទៅជា​រឿង​មួយ​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន បើសិនជា​ខ្នែងពោះវៀន​របស់​អ្នក​បែក ប៉ុន្តែ គ្រូពេទ្យ​ច្រើនតែ​វះកាត់​វា​ចេញ​មុន​ពេល​រឿងនេះ​កើតឡើង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការកំណត់​រោគវិនិច្ឆ័យ​អាចជា​រឿង​ពិបាក​។ វា​គឺជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​មនុស្ស​ភាគច្រើន​ក៏​មិន​មាន​រោគសញ្ញា​បញ្ជាក់​អោយចំ​ថា​ជា​ជំងឺ​នេះដែរ​។ ដូច្នេះហើយ យើង​ត្រូវតែ​ដាក់​ដៃ​ស្ទាប​ក្បាលពោះ ដើម្បី​អោយបាន​ច្បាស់​។ ខាងក្រោម​នេះ គឺជា​សញ្ញា​ដែល​អាច​បញ្ជាក់​ថា វា​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន ៖

​ឈឺចាប់​នៅ​តំបន់​ជុំវិញ​ផ្ចិត​
​ការឈឺចាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន ច្រើន​តែ​កើត​ឡើង​នៅ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ​នៃ​ពោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រោគសញ្ញា​ដំបូង​គេ​ច្រើន​តែ​មាន​អា​ការៈមិន​ស្រួល​នៅ​តំបន់​ជុំវិញ​វិញ​ផ្ចិត បន្ទាប់មក ទើប​ឈឺ​ដល់​ផ្នែក​ខាងក្រោម​នៃ​ពោះ​ទៀត​។ ​អ្នកខ្លះ ទាំង​ក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ ប្រហែល​ជា​ធ្លាប់មាន​អា​ការៈឈឺចាប់​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​ពោះ ឬ​ផ្នែក​ចំហៀង​ពោះ​។ ការឈឺចាប់​ក៏​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ដែរ បើសិន​ជា​អ្នក​ធ្វើ​ចលនា​ជើង ឬ​ពោះ ក្អក ឬក៏​កណ្តាស់​។

​ការឈឺចាប់​ឆាប់​ធ្ងន់ធ្ងរ​ខ្លាំង​
​ការឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​អាច​មាន​សភាព​ឈឺចាប់​ខ្លាំង​បំផុត​បាន​។ ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​នឹង​ធ្វើអោយ​អ្នកជំងឺ​ភ្ញាក់​ពី​គេង​ហើយ​។ នៅពេល​ដែល​វា​ធ្វើ​ទុក្ខ​ម្តងៗ ភាព​ធ្ងន់ធ្ងរ​នៃ​ការឈឺចាប់​អាច​នឹង​កើនឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​ក្តៅខ្លួន​ជាប់​រហូត​
​រោគសញ្ញា​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​ប្រហែល​ជា​ស្រដៀង​នឹង​ការ​ឈឺក្រពះ​ដែរ ដូចជា ក្តៅខ្លួន​ស្ទិញៗ និង​គ្រុនញាក់​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ឈឺ​ក្រពះ ហើយ​កម្តៅ​ឡើងដល់ ៣៧,៧ អង្សារ​សេ វា​ប្រហែលជា​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ​។ ប៉ុន្តែ បើសិន​ជា​អ្នក​ក្តៅខ្លួន​ដល់ ៣៩,៤ អង្សារ​សេ ហើយ​ការ​ឈឺក្រពះ​នោះ គឺ​ធ្ងន់ធ្ងរ​ដែល​ធ្វើអោយ​អ្នក​មិន​អាច​ងើបឈរ​ត្រង់​បាន​នោះ វា​ប្រហែល​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។

​ក្អួតចង្អោរ ឬ​លែង​ឃ្លាន​អាហារ​
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ប្រហែលជា​ជួប​បញ្ហា​មិន​សូវ​ឃ្លាន​អាហារ​រយៈពេល​ពីរ​ថ្ងៃ ជាមួយនឹង​ការ​ចង្អោ​រ និង​ក្អួត​តិច​តូច ដែល​វា​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​អ្នកមាន​ក្នុងពេល​មាន​បញ្ហា​ក្រពះ​ដែរ​។ ​ប៉ុន្តែ បើសិនជា​វា​ចេះ​តែ​បន្ត ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ជា​ពិសេស​មាន​អាការៈ​ក្តៅខ្លួន និង​ឈឺពោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​ទៀត​នោះ អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​អោយ​ហើយ​ទៅ​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ក្អួត​ច្រើនជាង ១២ ម៉ោង ឬ​រាគ​យូរ​ជាង​ពីរ​ថ្ងៃ អ្នក​ក៏​គួរតែ​ទៅរក​ពេទ្យ​ពិនិត្យ​ដែរ​។

​ទល់​លាមក ឬ​រាគ​
​វា​មិន​ខុសគ្នា​នឹង​រោគសញ្ញា​ផ្សេងៗ​ទៀត​ទេ រោគសញ្ញា​ទាំងនេះ​ប្រហែលជា​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ក៏​ប្រហែលជា​មិន​កើតឡើង​ក្រោយ​ពី​អ្នក​ជួប​បញ្ហា​ឈឺពោះ​ហើយ​ដែរ​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​អាការៈរាគ​តិចតួច ជា​ពិសេស​មាន​សំបោរ​ច្រើន បូករួម​នឹង​ឈឺពោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​ទៀត​នោះ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​អោយ​ហើយ​ទៅ​។

​សញ្ញា Rebound Tenderness
​ពាក្យ​ថា Rebound Tenderness កើតឡើង​នៅពេល​ដែល​អ្នក​សង្កត់​ពោះ​ផ្នែក​ខាងក្រោម និង​ស្តាំ ហើយ​ព្រលែង​វិញ​អោយ​លឿន នោះ​អ្នកនឹង​ឈឺ​ខ្លាំង​។ បើសិនជា​វា​ឈឺ ចូរ​កុំ​ធ្វើ​ម្តង​ទៀត​អី ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ជំងឺ​រលាក​ខ្នែង​ពោះវៀន ជា​ពិសេស​ពេល​មាន​អាការៈ​ក្តៅខ្លួន ក្អួតចង្អោរ ឬ​សញ្ញា​ផ្សេងៗ​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង