មានហេតុផលជាច្រើនដែលជំងឺរលាកទងសួតច្រើនតែមានលក្ខណៈដូចជាជំងឺផ្តាសាយ។ វាជាធម្មតាបង្កឡើងដោយវីរុស ដូច្នេះហើយ ថ្នាំសម្លាប់បាក់តេរីមិនមានប្រសិទ្ធភាពក្នុងការព្យាបាលនោះទេ។ ពេលខ្លះ ជំងឺរលាកទងសួតអាចបណ្តាលមកពីបាក់តេរី ក្នុងករណីនេះការប្រើថ្នាំសម្លាប់បាក់តេរីសម្រាប់ព្យាបាលនឹងទទួលបាននូវលទ្ធផលល្អ។
ជំងឺរលាកទងសួតស្រួចស្រាវ ជាញឹកញាប់នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយទៅពីរសប្តាហ៍។ ប៉ុន្ដែ មនុស្សដែលមានជំងឺរលាកទងសួតរ៉ាំរ៉ៃអាចនឹងក្អក ដកដង្ហើមតឹងៗ ឬដកដង្ហើមមានឮសំលេងក្នុងរយៈពេលរាប់ខែបន្តទៀត។
បើទោះបីជាអ្នកមានជំងឺរលាកទងសួតក៏ដោយ ជាការពិតណាស់មានវិធីមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីអោយការដកដង្ហើមបានងាយស្រួល ខណៈពេលដែលអ្នកមានជំងឺ។
• ឈប់ជក់បារី ៖ វាជារឿងដ៏សំខាន់បំផុត ជាពិសេសប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ។ ឈប់ជក់បារី គឺជាឱកាសរបស់អ្នកដើម្បីអោយខ្លួនឯងចេញផុតពីជំងឺរលាកទងសួត។ ពី ៩០ ទៅ ៩៥ ភាគរយនៃអ្នកជំងឺរលាកទងសួតរ៉ាំរ៉ៃ គឺដោយសារតែការជក់បារី។
• ញ៉ាំទឹកអោយបានច្រើន ៖ ញ៉ាំសារធាតុរាវៗអាចជួយធ្វើអោយស្លេសក្លាយទៅជារាវ និងធ្វើអោយកាន់តែងាយស្រួលក្នុងការក្អកចេញមកក្រៅ។ ញ៉ាំទឹក ៤ ទៅ ៦ កែវក្នុងមួយថ្ងៃ ដែលអាចជាទឹកក្តៅ ឬទឹកធម្មតា តែសូមជៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល ព្រោះពួកវាធ្វើអោយអ្នកនោមច្រើន ជាហេតុធ្វើអោយបាត់បង់សារធាតុរាវជាងអ្វីដែលអ្នកបានញ៉ាំចូល៕