តាមការសិក្សាថ្មីមួយបានអោយដឹងថា ការទទួលបានពន្លឺព្រះអាទិត្យចាំងខ្លួន មិនគ្រាន់តែជារឿងដែលល្អចំពោះអ្នក នៅពេលក្រោកពីគេងនៅព្រឹកឡើងទេ តែវាក៏អាចជួយសម្រកទម្ងន់បានផងដែរ។

អ្នកស្រាវជ្រាវបានធ្វើការសាកល្បងលើមនុស្សចំនួន ៥៤ នាក់ ដែលមានអាយុជាមធ្យម ៣០ ឆ្នាំ ដោយអោយពួកគាត់ពាក់ឧបករណ៍មួយនៅចង្កេះ ដើម្បីតាមដានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក រយៈពេល ៧ ថ្ងៃ។ អ្នកចូលរួមសាកល្បងទាំងអស់ក៏ត្រូវបានកត់ត្រានូវចំនួនអាហារ និងជាតិកាឡូរីដែលខ្លួនទទួលទានផងដែរ។
ក្រោយមក លទ្ធផលបានបង្ហាញថា អ្នកដែលទទួល ឬប៉ះពាល់ពន្លឺព្រះអាទិត្យនៅពេលព្រឹកច្រើន គឺមានកម្រិតទម្ងន់ធៀបនឹងកំពស់ទាបជាងអ្នកដែលមិនសូវប៉ះពាល់ពន្លឺព្រះអាទិត្យ ហើយនេះយើងមិនបានគិតអំពីអាយុ ភាពសកម្មភាពរបស់ពួកគេ និងអ្វីដែលពួកគាត់ញ៉ាំទេ។
ដូច្នេះ តើអ្វីទៅជាមូលហេតុពិតប្រាកដដែលធ្វើអោយអ្នកប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅពេលព្រឹកស្រកទម្ងន់ទៅ?




មានហេតុផលពីរយ៉ាង ៖
ទីមួយ ៖ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅព្រឹកឡើង វានឹងជួយអោយរាងកាយខាងក្នុងរៀបចំពេលវេលាគេង និងក្រោកបានត្រឹមត្រូវតាមបែបធម្មជាតិ។ ហេតុនេះហើយ ការដែលមានពេលវេលាគេងបានត្រឹមត្រូវនឹងជួយធ្វើអោយការរំលាយអាហារកាន់តែមានប្រសិទ្ធភាព និងនាំអោយស្រកទម្ងន់បានទៀត។
ទីពីរ ៖ ការប៉ះពាល់ពន្លឺព្រះអាទិត្យនៅពេលព្រឹក ប្រហែលជាជួយអោយអ្នកមានរាងស្លីមបាន។ ពន្លឺព្រះអាទិត្យបែបធម្មជាតិមានថាមពលខ្លាំងជាងពន្លឺនៅពេលរសៀល ឬល្ងាច។ នេះដោយសារតែពន្លឺព្រះខៀវដ៏ច្រើននៅពេលព្រឹក គឺមានឥទ្ធិពលខ្លាំងបំផុតសម្រាប់ផ្លាស់ប្តូរចង្វាក់ចលនាក្នុងរាងកាយ។
អ្នកគ្រាន់តែត្រូវការពេលវេលាពី ២០ ទៅ ៣០ នាទីប៉ុណ្ណោះសម្រាប់ទទួលយកពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ៨ ព្រឹកដល់ ១២ ថ្ងៃត្រង់ ព្រោះវាជាពេលវេលាដែលព្រះអាទិត្យផ្តល់ប្រយោជន៍។ បើសិនជាអ្នកមិនមែនជាអ្នកធ្វើការនៅពេលព្រឹកទេ ចូរសាកល្បងភ្ញាក់ពីគេងអោយបានព្រឹកបន្តិច និងរីករាយនូវការញ៉ាំកាហ្វេនៅខាងក្រៅផ្ទះជាមួយនឹងការចាំងពន្លឺព្រះអាទិត្យលើមុខរបស់អ្នកទៅ៕