ការគេងមិនបានគ្រប់គ្រាន់ គឺជារឿងមួយដែលកើតមានជាញឹកញាប់បំផុតលើមនុស្សគ្រប់វ័យនាពេលបច្ចុប្បន្ននេះ។ ការប្រើថ្នាំងងុយគេងនឹងអាចបង្កជាគ្រោះថ្នាក់។ ដូច្នេះ តើហេតុអ្វីបានជាអ្នកមិនព្រមសាកល្បងតាមរបៀបធម្មជាតិ ហើយផ្តល់សុខភាពល្អវិញទៅ? បើយើងគិតអំពីវិធីសាស្ត្រធម្មជាតិ និងផ្តល់សុខភាពនោះ គឺធ្វើយ៉ាងណាជ្រើសរើសរបបអាហារអោយបានត្រឹមត្រូវទើបជាការល្អ។

ផ្លែចេក
ចេកផ្ទុកទៅដោយជាតិប៉ូតាស្យូម ដែលជួយធ្វើអោយសាច់ដុំធូរ។ វីតាមីន B6 ដែលមានក្នុងផ្លែចេកក៏ជួយបង្កើនចំនួនរបស់សារធាតុ Melatonin ក្នុងរាងកាយផងដែរ ដូច្នេះ វានឹងជួយព្យាបាលបញ្ហាគេងមិនលក់រ៉ាំរ៉ៃបាន។
ផ្លែឈើរី
ការទទួលទានទឹកផ្លែឈើរីនៅពេលព្រឹកនឹងជំនួយដល់ការទទួលទានដំណេកពេលយប់ ព្រោះវាផ្ទុកទៅដោយសារធាតុ Melatonin ដ៏ច្រើនសម្រាប់ជួយបង្កើនថាមពល និងការគេងរបស់រាងកាយបានយ៉ាងទៀងទាត់។ ទំពាំងបាយជូរក៏ជាផ្លែឈើសម្បូរជាតិ Melatonin នេះដែរ។
ផ្លែអាល់ម៉ុន
ផ្លែអាល់ម៉ុនសម្បូរជាតិម៉ាញ៉េស្យូម សម្រាប់ជួយសម្រួលដល់ការគេង និងបន្ធូរសាច់ដុំ។ វាក៏ទៅផ្គត់ផ្គង់ជាតិប្រូតេអ៊ីនសម្រាប់ថែរក្សាលំនឹងជាតិស្ករក្នុងឈាមក្នុងពេលដែលអ្នកកំពុងតែគេងផងដែរ។

ដំឡូងឈ្វា
ដំឡូងឈ្វាសម្បូរទៅដោយជាតិប៉ូតាស្យូម និងប្រូតេអ៊ីនកំផ្លេចសម្រាប់ជួយអោយសាច់ដុំសម្រាក និងជម្រុញដល់ការគេងលក់។ ការទទួលទានដំឡូងរាល់ថ្ងៃជាប្រចាំនឹងជួយអោយការគេងលក់កាន់តែប្រសើរជាងមុន។
ទឹកដោះគោ
ការទទួលទានទឹកដោះគោក្តៅដ៏ល្អមួយកែវពិតជាមានប្រសិទ្ធភាពអស្ចារ្យមែន។ តាមការស្រាវជ្រាវបានរកឃើញថា ការផ្សំចូលគ្នានៃទឹកដោះគោជាមួយអាហារសម្បូរជាតិកាបូអ៊ីដ្រាតនឹងបង្កើនប្រសិទ្ធភាពរបស់វាកាន់តែច្រើនថែមទៀត។ ទឹកដោះគោក៏សម្បូរជាតិកាល់ស្យូម និងជាតិរ៉ែផ្សេងៗទៀតសម្រាប់ជួយអោយបន្ធូរអារម្មណ៍ផងដែរ។
ទឹកឃ្មុំ
ជាតិស្ករដែលមានយ៉ាងច្រើនក្នុងទឹកឃ្មុំនឹងប្រាប់ខួរក្បាលកុំអោយបង្កើតសារធាតុ Orexin ដែលជាធាតុគីមីជួយអោយមនុស្សភ្ញាក់រហូត។ ប៉ុន្តែ មិនត្រូវទទួលទានវាច្រើនពេកទេ គ្រាន់តែមួយស្លាបព្រាបាយ គឺគ្រប់គ្រាន់សម្រាប់ការគេងនៅពេលយប់ទៅហើយ៕