ជំងឺរលាកថ្លើមប្រភេទ B គឺជាការឆ្លងមេរោគលើថ្លើមដែលគំរាមកំហែងដល់អាយុជីវិត។ វាដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B (Hepatitis B Virus)។ វាគឺជាបញ្ហាសុខភាពដ៏ធំមួយនៅលើពិភពលោក។ វាអាចបណ្តាលអោយមានជំងឺថ្លើមរ៉ាំរ៉ៃ និងធ្វើអោយមនុស្សស្ថិតក្នុងហានិភ័យខ្ពស់នៃការស្លាប់ពីជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើម។ មានមនុស្សច្រើនជាង ២៤០ លាននាក់មានការឆ្លងមេរោគរលាកថ្លើមរ៉ាំរ៉ៃ។

ហើយប្រហែលជា ៦០០.០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែផលវិបាកធ្ងន់ធ្ងរ ឬស្រួចស្រាវនៃជំងឺរលាកថ្លើមប្រភេទ B នេះ។ វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេយកមកប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ។ វ៉ាក់សាំងនៃជំងឺរលាកថ្លើមប្រភេទ B មានប្រសិទ្ធភាព ៩៥% ក្នុងការការពារការឆ្លងមេរោគរ៉ាំរ៉ៃ និងផលវិបាករបស់វា និងជាវ៉ាក់សាំងដំបូងគេ ដែលប្រឆាំងនឹងជំងឺមហារីករបស់មនុស្ស។




មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវនោះទេ។ ការថែទាំអាចជួយរក្សាអ្នកជំងឺអោយស្រួលរស់នៅ និងរក្សាតុល្យភាពអាហាររូបត្ថម្ភអោយបានគ្រប់គ្រាន់ ដែលរួមមានការបំពេញបន្ថែមនូវសារធាតុរាវដែលត្រូវបានបាត់បង់ពីការក្អួត និងរាគជាដើម។ មនុស្សមួយចំនួនដែលមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃអាចត្រូវការការព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមមានពពួកអាំងតែហ្វ័រោន (Interferon) និងថ្នាំសម្រាប់ប្រឆាំងវីរុស។ ការព្យាបាលអាចពន្យឺតការវិវត្តនៃជំងឺក្រិនថ្លើម កាត់បន្ថយអត្រាគ្រោះថ្នាក់នៃការកើតជំងឺមហារីកថ្លើម និងធ្វើអោយអ្នកមានអាយុរស់នៅបានយូរ។
ជំងឺមហារីកថ្លើម តែងតែបណ្តាលអោយស្លាប់ ហើយជាញឹកញាប់មានការកើតឡើងនៅលើមនុស្សដែលមានវ័យសកម្មក្នុងការរកចំនូល និងមានបន្ទុកក្នុងគ្រួសារ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មនុស្សភាគច្រើនដែលមានជំងឺមហារីកថ្លើមស្លាប់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីធ្វើរោគវិនិច្ឆ័យ។ ចំនែកឯនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់វិញ ការវះកាត់ និងការព្យាបាលដោយការប្រើសារធាតុគីមីអាចពន្យារជីវិតបានរហូតដល់ទៅពីរបីឆ្នាំផងដែរ។ មនុស្សដែលមានជំងឺក្រិនថ្លើមអាចមានការប្តូរថ្លើមដែលអាចមានភាពជោគជ័យខុសៗគ្នា៕