ជាការពិតណាស់ ការគេងបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់សុខភាព ប៉ុន្ដែ ការគេងលើសម៉ោងត្រូវបានផ្សារភ្ជាប់ជាមួយជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងការកើនឡើងហានិភ័យនៃការស្លាប់។ អ្នកជំនាញបានផ្ដល់អនុសាសន៍ថា ជាធម្មតាមនុស្សពេញវ័យគួរគេងចន្លោះពី ៧ ទៅ ៩ ម៉ោងរាល់យប់។

ជំងឺដែលទាក់ទងទៅនឹងការគេងលើសម៉ោង៖
• ជំងឺទឹកនោមផ្អែម ៖ ការសិក្សាបានបង្ហាញថា ការគេងយូរពេក ឬគេងមិនគ្រប់គ្រាន់រាល់យប់អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមបាន។
• ជំងឺធាត់លើសទំងន់ ៖ គេងច្រើនពេក ឬតិចពេកអាចធ្វើអោយអ្នកមានឡើងទម្ងន់ផងដែរ។ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលគេងលើសពី ១០ ម៉ោងរាល់យប់មានអត្រា ២១ ភាគរយនឹងវិវត្តទៅជាធាត់ច្រើនជាងអ្នកដែលគេងពី ៧ ទៅ ៨ ម៉ោង។
• ឈឺក្បាល ៖ ចំពោះមនុស្សមួយដែលងាយនឹងឈឺក្បាល ការគេងយូរជាងធម្មតានៅចុងសប្តាហ៍ ឬវិស្សមកាលអាចបង្កអោយឈឺក្បាល។ ក្រុមអ្នកស្រាវជ្រាវជឿថា នេះគឺដោយសារតែការគេងយូរពេកមានផលប៉ះពាល់ទៅលើប្រព័ន្ធបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាល រួមទាំងសារធាតុសេរូតូនីន (Serotonin) ផងដែរ។ អ្នកដែលគេងច្រើនពេកពេលថ្ងៃនឹងរំខានដល់ការគេងពេលយប់ ដែលជាហេតុធ្វើអោយអ្នកឈឺក្បាលនៅពេលព្រឹក៕