​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មានន័យ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (​គ្លុយកូស​) ចុះ​ទាប​ខុស​ពី​ធម្មតា​។ ជាតិ​ស្ករ​គឺជា​ប្រភព​ថាមពល​ដ៏​សំខាន់​ដែល​រាងកាយ​របស់​យើង​ត្រូវការ​។ ខ្វះ​ជាតិ​ស្ករ ជាទូទៅ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការព្យាបាល​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។

ទោះជា​យ៉ាងណា បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ក៏​អាច​បណ្តាល​អោយ​ជាតិ​ស្ករ​ចុះ​ទាប​ផង​ដែរ​។ ភ្ជាប់​ជាមួយ​នឹង​អាការៈ​គ្រុនក្តៅ ការខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​មិនមែន​ជា​ជំងឺ​នោះ​ទេ តែ​វា​ជា​ការចង្អុលបង្ហាញ​នៃ​បញ្ហា​សុខភាព​ណាមួយ​។ ការព្យាបាល​ជាបន្ទាន់​នូវ​ការ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ធ្វើ​យ៉ាងណា​ជួយ​អ្នកជំងឺ​អោយបាន​រហ័ស ដើម្បី​ទទួល​បាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឡប់​ទៅ​រក​កម្រិត​ធម្មតា​វិញ​ប្រហែលជា ៧០ ទៅ ១០០ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម តាមរយៈ​ការផ្តល់​នូវ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​ជា​ថ្នាំ​។

ការព្យាបាល​រយៈពេល​វែង​តម្រូវ​អោយមាន​ការកំណត់ និង​ការព្យាបាល​នូវ​មូលហេតុ​របស់​វា​។ រាងកាយ​របស់​អ្នកត្រូវការ​ការផ្គត់ផ្គង់​ដែល​មាន​ស្ថេរភាព​នៃ​ជាតិ​ស្ករ (​គ្លុយកូស​) ដើម្បី​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​។

ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ពេក វា​អាច​មាន​ផល​ប៉ះពាល់​ទៅលើ​ខួរក្បាល​ដែល​អាច​ធ្វើអោយ​មាន​រោគសញ្ញា​ដូចជា ៖
•​    ​ការភាន់ច្រឡំ ឥរិយាបថ​មិនធម្មតា ឬ​ទាំង​ពីរ​ដូចជា ការ​អសមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​តាម​ទម្លាប់​
•​    ​បញ្ហា​ក្នុង​ការមើលឃើញ​ដូចជា​មើលឃើញ​ពីរ និង​ស្រវាំងភ្នែក​
•​    ​ប្រកាច់ (​កម្រ​)
•​    ​សន្លប់ (​កម្រ​)​។​

​វា​ក៏​អាច​បណ្តាលអោយមាន​រោគសញ្ញា​ផ្សេង​ទៀត​ផង​ដែរ​ដែល​មាន​ដូចជា ៖
•​    ​ញ័រ​ទ្រូង​
•​    ​ញ័រ​ដៃ
•​    ​ថប់​បារម្ភ​
•​    ​បែក​ញើស​
•​    ​ឃ្លាន​អាហារ​ខ្លាំង​
•​    ​មាន​អារម្មណ៍​ថា​ចាក់​ឈៀបៗ​នៅ​ជុំវិញ​មាត់​។​

​រោគសញ្ញា​ទាំងនេះ​គឺ​មិន​មាន​ភាពជាក់លាក់​សម្រាប់​ការខ្វះ​ជាតិ​ស្ករ​នោះទេ​។ បញ្ហា​ដទៃ​ទៀត​ក៏​បង្ក​ជា​រោគសញ្ញា​ប្រហាក់ប្រហែល​នេះ​ផង​ដែរ​។ ការ​ធ្វើតេស្ត​ឈាម​មើល​កម្រិត​ជាតិ​ស្ករ​នៅពេល​មាន​រោគសញ្ញា គឺជា​វិធី​តែមួយគត់ ដើម្បី​ដឹង​អោយបាន​ច្បាស់​ពី​មូលហេតុ​នៃ​រោគ​សញ្ញា​ដែល​អ្នក​កំពុងតែ​មាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង