អ្នកជំនាញខាងអាហាររូបត្ថម្ភបានអោយដឹងថា វាគឺជារឿងសំខាន់ណាស់ដែលមនុស្សយើងត្រូវទទួលទានទឹកទៅតាមរបៀបរស់នៅ ហើយចៀសវាងក្បួនញ៉ាំទឹក ៨ កែវក្នុងមួយថ្ងៃ។ ទឹក គឺជាសមាសធាតុគីមីដ៏សំខាន់របស់រាងកាយ ហើយវាក៏មានតួនាទីចម្រោះជាតិពុលបែបធម្មជាតិមួយដែរ ប៉ុន្តែ មនុស្សជាច្រើនមិនបានដឹងទេថាតើ ពួកគេគួរទទួលទានទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្បួនដ៏ពេញនិយមមួយនិយាយថា “ចូរទទួលទានអោយបាន ៨ កែវក្នុងមួយថ្ងៃ” ប្រហែលជាមិនមែនសាកសមសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែ ពួកគេគួរតែញ៉ាំទឹកអោយបានយ៉ាងហោចណាស់ ២,៥ លីត្រដែរជារៀងរាល់ថ្ងៃ។
ទទួលទានទឹកតាមរបៀបរស់នៅ
របៀបរស់នៅរបស់មនុស្សម្នាក់ដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបរិមាណទឹកដែលគេគួរទទួលទាន។ បើសិនជាអ្នកមានរបៀបរស់នៅបែបស៊ីដេកៗ និងធ្វើការនៅក្រោមម៉ាស៊ីនត្រជាក់ ដែលអាចគេចផុតពីការបែកញើសបាន អ្នកមិនគួរណាទទួលទានទឹកច្រើនជាង ២ ទៅ ២,៥ លីត្រទេ ព្រោះកាលណាអ្នកទទួលទានទឹកច្រើនក្នុងស្ថានភាពបែបនេះ វានឹងចាល់ទឹកទៅក្នុងតម្រងនោម និងបង្កជាការហើមបាន។ ចំពោះអ្នកធ្វើការក្នុងកម្រិតមធ្យមដូចជា អ្នកលក់ទំនិញ ដែលត្រូវការសកម្មភាពរាងកាយច្រើន យកល្អ គួរតែទទួលទានទឹកអោយបានយ៉ាងហោចណាស់ ៣ លីត្រដែរ។




ការទទួលទានទឹកនៅរដូវក្តៅ
ជាមួយគ្នានេះដែរ យកល្អគួរតែផ្លាស់ប្តូរទម្លាប់នៃការទទួលទានទឹកទៅតាមការប្រែប្រួលនៃរដូវកាលផងដែរ។ ឧទាហរណ៍ យកល្អ គួរតែធ្វើអោយរាងកាយមានជាតិទឹកគ្រប់គ្រាន់នៅរដូវក្តៅ។ បើសិនជាអ្នកមិនមានបញ្ហាដោយសារជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមទេ អ្នកអាចទទួលទានភេសជ្ជៈដែលមានជាតិផ្អែម ឬជាតិអេឡិចត្រូលីត្រ។ វាមិនត្រឹមតែជួយធ្វើអោយអ្នកស្រស់ស្រាយទេ តែក៏ជួយបង្កើនថាមពលអ្នកបានដែរ។ ក្រៅពីនេះ យកល្អ អ្នកគួរតែទទួលទានទឹកអោយបានច្រើនបំផុតនៅពេលព្រឹក។ ក្រោយភ្ញាក់ពីគេង វាគឺជារឿងសំខាន់ណាស់ដែលត្រូវទទួលទានទឹកអោយបានពី ២ ទៅ ៤ កែវ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារ ឬទឹកឃ្មុំបានផងដែរ។