ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សធាត់ ជាពិសេសអ្នកដែលមានដុះក្បាលពោះធំៗ អាចប្រឈមមុខនឹងការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺស្ទះសួតរ៉ាំរ៉ៃ។
អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីដែលមានទំហំចង្កេះលើសពីមួយម៉ែត្រ និងបុរសដែលមានទំហំចង្កេះលើសពី ១,១ ម៉ែត្រ អាចនឹងកើនឡើងហានិភ័យ ២% ក្នុងការវិវត្តទៅជាជំងឺសួតនេះ បើធៀបទៅនឹងអ្នកដែលមានទំហំចង្កេះធម្មតា។

ជំងឺស្ទះសួតរ៉ាំរ៉ៃ (ត្រូវបានគេស្គាល់ថា ជាជំងឺខ្យល់ក្នុងសួត និងជំងឺរលាកទងសួតរ៉ាំរ៉ៃ) គឺជាមូលហេតុទីបីនៃការស្លាប់នៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត ហ្គាន់ដុយឡា បេរ៉េន (Gundula Behrens) បាននិយាយថា ជំងឺស្ទះសួតរ៉ាំរ៉ៃ អាចត្រូវបានការពារដោយការជៀសវាងការជក់បារី ការស្រូបយកខ្យល់ពុល និងធូលីផ្សេងៗដែលបណ្តាលអោយខូចសួត។
លោក Behrens បាននិយាយទៀតថា ប៉ុន្តែ ការរក្សារង្វង់ចង្កេះធម្មតា និងកម្រិតនៃការធ្វើលំហាត់ប្រាណដែលគេបានណែនាំ ក៏អាចបន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃផងដែរ។

ដោយយោងតាមអង្គការសុខភាពពិភពលោក រង្វង់ចង្កេះមិនគួរលើសពី ០,៨ ម៉ែត្រចំពោះស្ត្រី និងមិនគួរលើសពី ១ ម៉ែត្រចំពោះបុរសនោះទេ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលបានធ្វើលំហាត់ប្រាណលើស ៥ ដងក្នុងមួយសប្តាហ៍មានអត្រា ២៩% ក្នុងការថយចុះហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ បើធៀបទៅនឹងអ្នកដែលមិនបានធ្វើលំហាត់ប្រាណសោះ៕
គេបានណែនាំអោយមនុស្សទូទៅធ្វើលំហាត់ប្រាណ ៣០ ទៅ ៦០ នាទីនៃការហាត់ប្រាណកម្រិតមធ្យម អោយបានយ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍ ឬពី ២០ នាទី ទៅ ៦០ នាទីការហាត់ប្រាណកម្រិតធ្ងន់ អោយបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត CMAJ (Canadian Medical Association Journal) វេជ្ជបណ្ឌិត Behrens និងមិត្តរួមការងាររបស់គាត់បានសង្កេតមើលទៅលើជនជាតិអាមេរិកជាង ១១៣.០០០ នាក់ ដែលមានអាយុចន្លោះពី ៥០ ឆ្នាំ ទៅ ៧០ ឆ្នាំ ដែលមិនមានជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺមហារីក ឬជំងឺបេះដូង នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវនោះទេ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា បន្ទាប់ពីការតាមដានរយៈពេលជាង ១០ ឆ្នាំ មនុស្សជាង ៣.៦០០ នាក់បានវិវត្តទៅជាជំងឺស្ទះសួតរ៉ាំរ៉ៃ។ ទំហំចង្កេះ គឺជាកត្តាចំបងនៃហានិភ័យជំងឺស្ទះសួតរ៉ាំរ៉ៃ។
គេបានសម្គាល់ឃើញថា ចំពោះអ្នកដែលធាត់ និងជក់បារី ការជក់បារី គឺជាបញ្ហាធំមួយ។