​បើ​យោង​ទៅតាម​ទូរទស្សន៍ CNN បានអោយដឹងថា ផ្លែ​បឺរី (​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​អង់​ទី​អុក​ស៊ីដង់​ខ្ពស់បំផុត​) គឺជា​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត​ដល់​ភ្នែក​របស់​អ្នក​។ ផ្លែ​បឺ​រី​ពណ៌​ខៀវ​ដែល​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ដ៏​ច្រើន​នោះ គឺជា​អត្ថប្រយោជន៍​ជាពិសេស​ក្នុង​ការថែរក្សា​សុខភាព​ភ្នែក​។ ជីវជាតិ​សំខាន់ៗ​របស់​ផ្លែ​បឺ​រី​ពណ៌​ខៀវ​អាចជួយ​បង្ការ​ជំងឺ​ជា​ច្រើន​ដែលនាំអោយ​ខ្វាក់ភ្នែក​បាន​។

​វីតាមីន C
​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ផ្ទុក​ទៅ​ដោយ​វីតាមីន C ប្រមាណ ១៤ មី​លី​ក្រាម​ក្នុង​មួយ​ពែង​។ វីតាមីន C គឺជា​សមាសធាតុ​ដ៏​សំខាន់​ក្នុង​ការការពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​ដែល​ទៅ​បំផ្លាញ​ភ្នែក និង​បង្ក​ជំងឺ​។ បើ​យោង​ទៅតាម​សារព័ត៌មាន Journal of Orthomolecular Medicine បានអោយដឹងថា វីតាមីន C ទៅ​កាត់បន្ថយ​សម្ពាធ​ក្នុង​ភ្នែក ហើយ​វា​អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​ជំងឺ​ក្លូកូម​។ ជំងឺ​នេះ​សម្តៅ​ទៅលើ​ជំងឺ​ភ្នែក​ដែល​មាន​ការខូចខាត​សរសៃប្រសាទ​អុបទិច ហើយក៏​ជា​ជំងឺ​ទី​ពីរ ដែល​ច្រើនតែ​ធ្វើអោយ​ជនជាតិ​អាមេរិក​ខ្វាក់ភ្នែក​។ វីតាមីន C ក៏​មាន​តួនាទី​ជួយ​ថែរក្សា​ជាលិកា​ក្នុង​ភ្នែក និង​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ភ្នែក​ដោយសារ​ភាព​ចាស់ជរា​ទៀតផង​។

​វីតាមីន A
​វីតាមីន A គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ដែល​គេ​រកឃើញ​នៅក្នុង​ផ្លែ​បឺ​រី​ពណ៌​ខៀវ (​មាន ៨០ IU ក្នុង​ផ្លែ​បឺរី​មួយពែង​) ដែល​វា​ក៏​ជួយ​ការពារ​ភ្នែក​ពី​ការខូចខាត​ដោយ​សារ​រ៉ាឌីកាល់​សេរី និង​ជួយ​អោយ​ភ្នែកមាន​សុខភាព​ល្អ​ទៀតផង​។ វីតាមីន A ជួយ​ប្រឆាំងនឹង​ការ​រលាក​របស់​ភ្នែក​។ វីតាមីន A អាច​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ភ្នែក​ស្ងួត​។

​អង់​ទី​អុកស៊ី​ដង់​ផ្សេងៗ​ទៀត​
​វីតាមីន E ក្នុង​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ប្រហែល​ជា​ជួយ​បញ្ឈប់​ការបង្កើត​ជំងឺភ្នែកឡើងបាយ​បាន​។ ផ្លែ​បឺ​រី​ពណ៌​ខៀវក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Anthocyanins សម្រាប់​ដើរតួ​ជា​អង់​ទី​អុក​ស៊ីដង់​។ បន្ថែម​ពីលើ​ការថែទាំ​សុខភាព សារធាតុ Anthocyanins ក៏​ជួយ​ថែរក្សា​សុខភាព​ភ្នែក​ផងដែរ​។ វា​ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​រលាក​ដោយសារ​ជំងឺ​ភ្នែក និង​ខូច​ភ្នែក​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​។​

​ស័ង្គសី​
​ទឹក​ផ្លែ​បឺ​រី​ពណ៌​ខៀវ​មួយពែង​មាន​ជាតិស័​ង្គ​សីប្រមាណ ០,២៤ មី​លី​ក្រាម​។ ជាតិ​ស័ង្គសី គឺជា​ជាតិ​រ៉ែ​ផ្សេង​មួយទៀត​សម្រាប់​ជួយ​អោយ​ភ្នែកមាន​សុខភាព​ល្អ ហើយ​វា​ក៏​ជួយ​ការពារ​ពី​ជំងឺ​ភ្នែក​ដោយសារ​ភាព​ចាស់ជរា និង​ជំងឺខ្វាក់មាន់​ផងដែរ​។ ជាតិ​ស័ង្គសី ក៏​ជួយ​អោយ​រាងកាយ​បឺត​ស្រូប​ជាតិ​វីតាមីន​ផ្សេងទៀត​ដូចជា​វីតាមីន A បាន​យ៉ាង​ល្អ​ជាង​មុន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង