ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សធាត់ ជាពិសេសអ្នកដែលមានដុះក្បាលពោះធំៗ អាចប្រឈមមុខនឹងការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺស្ទះសួតរ៉ាំរ៉ៃ។
អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីដែលមានទំហំចង្កេះលើសពីមួយម៉ែត្រ និងបុរសដែលមានទំហំចង្កេះលើសពី ១,១ ម៉ែត្រ អាចនឹងកើនឡើងហានិភ័យ ២% ក្នុងការវិវត្តទៅជាជំងឺសួតនេះ បើធៀបទៅនឹងអ្នកដែលមានទំហំចង្កេះធម្មតា។
ជំងឺស្ទះសួតរ៉ាំរ៉ៃ (ត្រូវបានគេស្គាល់ថា ជាជំងឺខ្យល់ក្នុងសួត និងជំងឺរលាកទងសួតរ៉ាំរ៉ៃ) គឺជាមូលហេតុទីបីនៃការស្លាប់នៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត ហ្គាន់ដុយឡា បេរ៉េន (Gundula Behrens) បាននិយាយថា ជំងឺស្ទះសួតរ៉ាំរ៉ៃ អាចត្រូវបានការពារដោយការជៀសវាងការជក់បារី ការស្រូបយកខ្យល់ពុល និងធូលីផ្សេងៗដែលបណ្តាលអោយខូចសួត។
លោក Behrens បាននិយាយទៀតថា ប៉ុន្តែ ការរក្សារង្វង់ចង្កេះធម្មតា និងកម្រិតនៃការធ្វើលំហាត់ប្រាណដែលគេបានណែនាំ ក៏អាចបន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃផងដែរ។
ដោយយោងតាមអង្គការសុខភាពពិភពលោក រង្វង់ចង្កេះមិនគួរលើសពី ០,៨ ម៉ែត្រចំពោះស្ត្រី និងមិនគួរលើសពី ១ ម៉ែត្រចំពោះបុរសនោះទេ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលបានធ្វើលំហាត់ប្រាណលើស ៥ ដងក្នុងមួយសប្តាហ៍មានអត្រា ២៩% ក្នុងការថយចុះហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ បើធៀបទៅនឹងអ្នកដែលមិនបានធ្វើលំហាត់ប្រាណសោះ៕
គេបានណែនាំអោយមនុស្សទូទៅធ្វើលំហាត់ប្រាណ ៣០ ទៅ ៦០ នាទីនៃការហាត់ប្រាណកម្រិតមធ្យម អោយបានយ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍ ឬពី ២០ នាទី ទៅ ៦០ នាទីការហាត់ប្រាណកម្រិតធ្ងន់ អោយបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត CMAJ (Canadian Medical Association Journal) វេជ្ជបណ្ឌិត Behrens និងមិត្តរួមការងាររបស់គាត់បានសង្កេតមើលទៅលើជនជាតិអាមេរិកជាង ១១៣.០០០ នាក់ ដែលមានអាយុចន្លោះពី ៥០ ឆ្នាំ ទៅ ៧០ ឆ្នាំ ដែលមិនមានជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺមហារីក ឬជំងឺបេះដូង នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវនោះទេ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា បន្ទាប់ពីការតាមដានរយៈពេលជាង ១០ ឆ្នាំ មនុស្សជាង ៣.៦០០ នាក់បានវិវត្តទៅជាជំងឺស្ទះសួតរ៉ាំរ៉ៃ។ ទំហំចង្កេះ គឺជាកត្តាចំបងនៃហានិភ័យជំងឺស្ទះសួតរ៉ាំរ៉ៃ។
គេបានសម្គាល់ឃើញថា ចំពោះអ្នកដែលធាត់ និងជក់បារី ការជក់បារី គឺជាបញ្ហាធំមួយ។
អ្នកស្រាវជ្រាវបាននិយាយថា មួយវិញទៀត អ្នកដែលមិនគ្រប់ទម្ងន់ មានការកើនឡើងហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃនេះដល់ទៅ ៥៦% ផងដែរ។ Behrens បាននិយាយថា នេះអាចជាលទ្ធផលនៃកង្វះអាហាររូបត្ថម្ភ និងការបន្ថយម៉ាសសាច់ដុំ ឬការរលាកដែលបន្ថយសមត្ថភាពនៃសួតអោយជាសះស្បើយដោយខ្លួនវា៕