ពិបាកនោម ឬនោមទាស់ គឺជាលក្ខខណ្ឌមួយដែលត្រូវបានកំណត់ដោយការឈឺចាប់ និងភាពមិនស្រួល នៅខណៈពេលបត់ជើងតូច។ វាអាចជាការក្រហាយ ឬការមានអារម្មរណ៍ថាឈឺចាក់ឈៀបៗក្នុងអំឡុងកំពុងនោម។

ភាគច្រើន វាត្រូវបានបង្កឡើងដោយសារតែការឆ្លងមេរោគ បាក់តេរីដែលកើតឡើងនៅក្នុងបំពង់បង្ហូរនោម។ មូលហេតុផ្សេងទៀតក៏អាចបណ្តាលអោយពិបាកនោមនេះផងដែរ។ ការរលាកប្លោកនោម ឬការឆ្លងមេរោគក្នុងបំពង់ទឹកនោមផ្នែកខាងក្រោមកើតឡើងជាទូទៅនៅលើស្ត្រី ហើយការពិបាកនោម គឺជារោគសញ្ញាទូទៅនៃការឆ្លងមេរោគនេះ។ វាកើតឡើងនៅពេលដែលបាក់តេរីចូលទៅក្នុងបង្ហូរនោម។ បញ្ហានេះអាចកើតឡើងក្នុងអំឡុងពេលរួមភេទ ឬដោយសារតែការឆ្លងពពួកបាក់តេរីពីរន្ធគូថទៅលើប្រដាប់ភេទ។ បំពង់ទឹកនោមរបស់ស្ត្រីខ្លី ហើយវាងាយស្រួលណាស់សម្រាប់បាក់តេរីក្នុងការធ្វើដំណើរឡើងទៅប្លោកនោម និងបង្កអោយមានការឆ្លងមេរោគ។




ការឆ្លងមេរោគក្នុងប្លោកនោមក៏អាចកើតមាននៅលើបុរសផងដែរ និងអាចកើតឡើងនៅលើបុរសដែលមានអាយុលើសពី ៥០ ឆ្នាំ។ វាត្រូវបានកំណត់ដោយការរីកធំនៃក្រពេញប្រូស្តាត។ ជំងឺរលាកផ្លូវទឹកនោមផ្នែកខាងលើក៏កើតមានឡើងក្នុងលក្ខណៈដូចគ្នានេះផងដែរ ប៉ុន្តែ នៅទីនោះ បាក់តេរីធ្វើដំណើររហូតទៅដល់តម្រងនោមពីប្លោកនោម ដោយហេតុនេះ វាអាចបង្កអោយមានការឆ្លងមេរោគនៅក្នុងតម្រងនោម។ ការឆ្លងមេរោគបែបនេះ គឺជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម និងលក្ខខណ្ឌនៃជំងឺសរសៃប្រសាទដែលជាអ្នកបញ្ជាលើការប្រព្រឹត្តទៅនៃប្លោកនោម។
ជំងឺកាមរោគ ឬការប៉ះពាល់ជាមួយសារធាតុធ្វើអោយរលាកអាចបណ្តាលអោយមានអាការៈនោមទាស់នេះ។ ការឈឺចាប់ក្នុងអំឡុងពេលនោម គឺជារឿងធម្មតា។
នោមទាស់ក៏អាចទាក់ទងទៅនឹងការរលាកទ្វារមាសផងដែរ។ នោមទាស់អាចកើតឡើងដោយរួមបញ្ចូលជាមួយនឹងរោគសញ្ញាផ្សេងទៀតផងដែរ។ រោគសញ្ញាទាំងនេះរួមមានការនោមញឹក ឈឺនោមទៅបន្ទប់ទឹកសឹងមិនទាន់ គ្មានសមត្ថភាពក្នុងការគ្រប់គ្រងការនោមបាន ឈឺពោះផ្នែកខាងក្រោម ក្នុងទឹកនោមមានឈាម ទឹកនោមមានក្លិនខ្លាំង និងទឹកនោមមានកករជាដើម។
នៅក្នុងករណីនៃជំងឺរលាកផ្លូវទឹកនោម និងរលាកប្លោកនោម ការព្យាបាលដោយខ្លួនឯង គឺពិតជាមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ការជាសះស្បើយ។ ញ៉ាំទឹកអោយបានច្រើន និងសារធាតុរាវផ្សេងទៀត មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាអាចជួយបញ្ចេញមេរោគ និងបាក់តេរីពីប្រព័ន្ធទឹកនោមបាន។ វិធីព្យាបាលដ៏មានប្រសិទ្ធិភាពខ្លាំងនៅក្នុងការព្យាបាលការឆ្លងមេរោគ គឺការញ៉ាំទឹកក្រេនបឺរី។ ទឹកក្រេនបឺរី អាចជួយរារាំងបាក់តេរីពីការភ្ជាប់ខ្លួនទៅក្នុងស្រទាប់ខាងក្នុងនៃបំពង់ទឹកនោម។ អនាម័យល្អ និងការរក្សាប្រដាប់ភេទអោយស្អាត គឺជាការចាំបាច់ដើម្បីទប់ស្កាត់លក្ខខណ្ឌដែលបណ្តាលអោយនោមទាស់នេះបានផងដែរ៕