ជំងឺរលាកសួត ភាគច្រើនបំផុតបណ្ដាលមកពីបាក់តេរី និងវីរុស ដែលវាអាចចម្លងទៅអ្នកដទៃបានយ៉ាងងាយ។ វាក៏អាចបង្កឡើងដោយការដកដង្ហើមចូលនូវរបស់អ្វីមួយពីខាងក្រៅ ហើយនៅក្នុងករណីដ៏កម្រមួយចំនួន ដែលមកពីការឆ្លងពពួកមេរោគផ្សិត ជាធម្មតាមិនអាចចម្លងទៅអ្នកដទៃបាននោះទេ។
មូលហេតុនៃជំងឺរលាកសួតរួមមាន ៖
ពពួក បាក់តេរី
ជំងឺរលាកសួត គឺជាការរលាក (ហើម) ជាលិកានៅក្នុងសួតម្ខាង ឬទាំងសងខាង។ ជាទូទៅ វាបណ្តាលមកពីការបង្ករោគ។ មូលហេតុទូទៅបំផុតនៃជំងឺរលាកសួតចំពោះមនុស្សពេញវ័យ គឺបាក់តេរីដែលមានឈ្មោះថា Streptococcus Pneumonia។ ចំពោះប្រភេទផ្សេងទៀតនៃបាក់តេរីដែលអាចបង្កអោយមានជំងឺរលាកសួតអាចរួមមាន ៖
• Haemophilus Influenzae
• Staphylococcus Aureus
• Mycoplasma Pneumoniae។
ពពួក វីរុស
វីរុសក៏អាចបណ្តាលអោយមានជំងឺរលាកសួតផងដែរ ហើយភាគច្រើនបំផុត គឺមកពីវីរុស Respiratory Syncytial Virus (RSV) ហើយពេលខ្លះ មកពីពពួកវីរុសគ្រុនផ្តាសាយ (Influenza type A or B Virus)។
ពពួក ផ្សិត
នៅក្នុងចក្រភពអង់គ្លេស ជំងឺរលាកសួតដែលបណ្តាលមកពីពពួកផ្សិត គឺជាករណីដ៏កម្រនៅលើមនុស្សដែលមានសុខភាពល្អធម្មតា។ Pneumocystic Jirovecii Pneumonia នៅតែជាផ្សិត ដែលនាំមុខគេក្នុងការបង្កជំងឺរលាកសួត ចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាអ្នកដែលបានឆ្លងមេរោគអេដស៍ជាដើម។
ការស្រូបសារធាតុណាមួយចូលទៅក្នុងសួត
ជំងឺរលាកសួតក៏អាចបង្កឡើងដោយការដកដង្ហើមស្រូបយកនូវរបស់អ្វីមួយចូលទៅក្នុងសួត ដូចជាបំនែកនៃអាហារ ឬសារធាតុគ្រោះថ្នាក់មួយចំនួនទៀត ដូចជាផ្សែងជាដើម។ ប្រសិនបើអ្នកដកដង្ហើមចូលទៅនូវសារធាតុណាមួយនាំអោយឆ្លងពពួកបាក់តេរី នោះវាក៏អាចនាំអោយមានការចម្លងជំងឺផងដែរ៕