វិកលចរិក គឺជាពាក្យបច្ចេកទេសវេជ្ជសាស្ត្រ ដែលគេប្រើសំដៅទៅលើបញ្ហាសុខភាពផ្លូវចិត្ត ដែលបានបញ្ឈប់មនុស្សម្នាក់ពីការគិតគូរច្បាស់លាស់ និងមិនអាចបែងចែកបានពីភាពខុសគ្នារវាងការពិត និងការស្រមើរស្រមៃបាន ហើយសំដែងចេញជាសកម្មភាពធម្មតាៗ។ រោគសញ្ញាចម្បងធំៗពីរនៃជំងឺវិកលចរិកមានដូចជា ៖
ការមមើរមមាយ (Hallucination)
វាគឺជាការទទួលដឹងនូវអ្វីមួយដែលមិនមានឡើយនៅក្នុងការពិត។ ការមមើរមមាយ អាចកើតឡើងនៅគ្រប់ញ្ញាណទាំងប្រាំរបស់អ្នក។
• ចក្ខុវិញ្ញាណ ៖ អ្នកដែលមានបញ្ហាវិកលចរិកអាចមើលឃើញពណ៌ និងរូបរាង ឬ មើលឃើញមនុស្ស ឬសត្វដែលមិនមានសោះ។
• សោតវិញ្ញាណ ៖ គេអាចលឺសម្លេងនានាជាច្រើនដូចជា សម្លេងខឹង ឬសម្លេងមិនល្អ ឬជាសម្លេងដែលគេឌឺដងអោយខ្លួន។
• កាយវិញ្ញាណ ៖ ការមមើរមមាយដែលគេជួបញឹកញាប់ គឺមានអារម្មរណ៏ថាមានសត្វល្អិតកំពុងវៀរនៅលើស្បែករបស់គេ។
• ឃានវិញ្ញាណ ៖ ធម្មតា ជាក្លិនចម្លែក ឬក្លិនមិនល្អ។
• ជីវហាវិញ្ញាណ ៖ គេអាចត្អូញត្អែរពីការមានរសជាតិមិនល្អជាប់នៅក្នុងមាត់របស់ពួកគេ។
ភាន់ច្រឡំ ឬការជឿលើអ្វីមួយដែលមិនមែនជាការពិត (Delusion)
គឺជាជំនឿយ៉ាងមុតមាំទៅលើអ្វីមួយដែលមិនគួរអោយជឿ ចម្លែកៗ ឬមិនពិតជាក់ស្តែង។ ឧទាហរណ៏ ៖
• មនុស្សម្នាក់ដែលមានជំងឺវិកលចរិក ជាញឹកញាប់ជឿថាមានបុគ្គលណាម្នាក់ ឬមនុស្សមួយក្រុមបានរៀបចំផែនការសម្លាប់ ឬធ្វើបាបពួកគេ ដែលជាហេតុធ្វើអោយគេមានឥរិយាបទមិនប្រក្រតី។
• មនុស្សខ្លះទៀតដែលមានជំងឺវិកលចរិកអាចគិតថា ខ្លួនឯងអស្ចារ្យលើសគេ ដោយជឿជាក់ថា ពួកគេមានអនុភាព ឬអំណាចដ៏អស្ចរ្យណាមួយ។ ឧទាហរណ៍ គេអាចគិតថា ពួកគេគឺជាអ្នកគ្រប់គ្រងប្រទេសមួយ ឬមានអនុភាពអាចប្រោសមនុស្សដែលស្លាប់អោយរស់វិញបាន។
ការរួមបញ្ចូលគ្នានៃរោគសញ្ញាវិកលចរិកទាំងពីរនេះចូលគ្នា អាចបណ្តាលអោយមានការរំខានធ្ងន់ធ្ងរទៅនឹងការទទួលញ្ញាណ ការគិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺ៕