ការស្ងួតបបូរមាត់ គឺជាបញ្ហាកើតមានជាញឹកញាប់នៅរដូវក្តៅ។ ការរក្សាបាននូវភាពសំណើមជាប់បានយូរ គឺជារឿងសំខាន់ណាស់ ហើយអ្នកក៏គួរតែមានការយកចិត្តទុកដាក់អោយបានច្រើនផងដែរ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដើម្បីជួយបង្ការភាពស្ងួតរបស់បបូរមាត់ ៖
កុំលិតបបូរមាត់
វាគឺជាទម្លាប់ដែលកើតមានជាញឹកញាប់មួយក្នុងការលិតបបូរមាត់គ្រប់ពេល។ ដូច្នេះ អ្នកគួរតែឈប់ធ្វើបែបនេះ ព្រោះវារិតតែធ្វើអោយបបូរមាត់ស្ងួតកាន់តែខ្លាំងប៉ុណ្ណោះ។
ប្រើថ្នាំលាបបបូរមាត់ដែលល្អ
យកល្អ អ្នកគួរតែចំណាយលុយទិញថ្នាំលាបបូរមាត់ដ៏ល្អមួយដែលអាចជួយផ្តល់សំណើម និងភាពទន់ដល់បបូរមាត់អ្នកបាន។ ពេលទិញ អ្នកគួរតែពិនិត្យទៅលើកម្រិតនៃសារធាតុការពារពីកម្តៅព្រះអាទិត្យផងដែរ។ បើសិនជាអ្នកមិនចង់ប្រើផលិតផលកែសម្ផស្សទេនោះ ចូរសាកល្បងប្រើប្រេងវ៉ាសូលីន។
ទទួលទានទឹកអោយបានច្រើន
ការបង្គ្រប់ជាតិទឹក គឺជារឿងសំខាន់ណាស់សម្រាប់រដូវក្តៅ។ ដូច្នេះ អ្នកគួរតែទទួលទានទឹកអោយបានយ៉ាងហោចណាស់ពី ២,៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។
ជ្រើសរើសផលិតផលកែសម្ផស្សដែលផ្តល់សុខភាព
ស្ត្រីគ្រប់រូបចូលចិត្តប្រើប្រាស់គ្រឿងសំអាងសម្រាប់តុបតែងខ្លួនណាស់។ ប៉ុន្តែ ពេលប្រើផលិតផលទាំងនោះសម្រាប់លាបលើបបូរមាត់នោះ ចូរប្រាកដថាអ្នកបានប្រើផលិតផលដែលផ្តល់សុខភាព។
ចៀសវាងការប្រើផលិតផលលាងមុខដែលគ្រោះថ្នាក់
ចូរចៀសវាងការប្រើផលិតផលលាងសម្អាតមុខដែលគ្រោះថ្នាក់ដល់សុខភាពស្បែក ព្រោះវាប្រហែលជាមានហានិភ័យចំពោះស្បែក និងបបូរមាត់ជាពិសេសបាន។ បើសិនជាអ្នកប្រើវាសម្រាប់ព្យាបាលមុន ឬបញ្ហាផ្សេងៗនោះ ចូរការពារបបូរមាត់អ្នកពីការប៉ះពាល់នឹងហ្វូមលាងមុខផង៕