ជំងឺរលាកថ្លើមដោយសារជាតិពុល កើតឡើងនៅពេលដែលថ្លើមរបស់អ្នកមានការរលាកដោយសារតែការប៉ះពាល់ទៅនឹងសារធាតុពុល។
ជំងឺរលាកថ្លើមដោយសារជាតិពុល ក៏អាចកើតមាននៅពេលដែលអ្នកប្រើថ្នាំនានាច្រើនពេក។ ថ្លើមមានតួនាទីបញ្ចេញចោល ឬបំបែកថ្នាំ និងសារធាតុគីមីចេញពីចរន្តឈាមរបស់អ្នក។

ការបំបែកជាតិពុលអាចធ្វើអោយខូចថ្លើម។ បើទោះបីជាថ្លើមមានសមត្ថភាពដ៏អស្ចារ្យមួយសម្រាប់ការបង្កើតឡើងវិញក្តី ប៉ុន្តែ ការប៉ះពាល់ទៅនឹងសារធាតុពុលជាប់ជានិច្ច អាចបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលនៅពេលខ្លះ បញ្ហាទាំងនេះមិនអាចត្រឡប់មករកសភាពដើមវិញបានឡើយ។
ជំងឺរលាកថ្លើមដោយសារជាតិពុលអាចត្រូវបានបង្កឡើងដោយ ៖
• ជាតិអាល់កុល ៖ ញ៉ាំស្រាច្រើន និងច្រើនឆ្នាំមកហើយអាចនាំអោយមានជំងឺរលាកថ្លើម។
• ប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេក ៖ ថ្នាំបំបាត់ការឈឺចាប់ដូចជាពពួកថ្នាំ Paracetamol (Acetaminophen) ថ្នាំ Aspirin ថ្នាំ Ibuprofen (Advil , Motrin IB …) និងថ្នាំពពួក Naproxen (Aleve) អាចធ្វើអោយខូចថ្លើមរបស់អ្នកបាន ជាពិសេសប្រសិនបើអ្នកប្រើញឹកញាប់ ឬរួមបញ្ចូលគ្នាជាមួយនឹងការសេពគ្រឿងស្រវឹង។
• ថ្នាំមួយចំនួន ៖ ថ្នាំមួយចំនួនបានភ្ជាប់ទៅនឹងការរងរបួសថ្លើមធ្ងន់ធ្ងររួមមានថ្នាំដែលលាយបញ្ចូលគ្នាដូចជា Augmentin (Amoxicillin, Clavulanate), Halothane, Isoniazid, Valproic Acid (Depakene), Phenytoin (Dilantin, Phenytek), Azathioprine (Azasan, Imuran), Niacin (Niaspan), Atorvastatin (Lipitor), Lovastatin (Mevacor), Pravastatin (Pravachol), Simvastatin (Zocor), Fluvastatin (Lescol), Rosuvastatin (Crestor), Ketoconazole និងថ្នាំជាច្រើនទៀត។
• ឱសថបុរាណ និងពពួកអាហារបំប៉ន ៖ ឱសថបុរាណមួយចំនួនត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ដល់ថ្លើមរួមមាន Cascara, Chaparral, Comfrey, Kava និង Ephedra ។ កុមារអាចទៅជាខូចថ្លើមបាន ប្រសិនបើពួកគេច្រឡំប្រើថ្នាំគ្រាប់វីតាមីនថាជាស្ករគ្រាប់ ហើយប្រើវាច្រើន។
• សារធាតុគីមីឧស្សាហកម្ម ៖ សារធាតុគីមីដែលអ្នកអាចនឹងត្រូវប៉ះពាល់នៅកន្លែងការងារអាចបណ្តាលអោយមានផលអាក្រក់ចំពោះថ្លើម។ សារធាតុគីមីទូទៅដែលអាចបណ្តាលអោយខូចថ្លើមរួមមានទឹកសំអាត (Carbon Tetrachloride) សារធាតុដែលត្រូវបានគេប្រើដើម្បីផលិតជ័រប្លាស្ទិក (Vinyl Chloride) ថ្នាំសំលាប់ស្មៅ (Paraquat) និងក្រុមនៃសារធាតុគីមីឧស្សាហកម្មដូចជា Polychlorinated Biphenyls៕