ការបែកញើស គឺជារឿងធម្មជាតិ និងអាចធ្វើអោយរាងកាយត្រជាក់ដែរ។ ប៉ុន្តែ បើមានក្លិនខ្លួនវិញ វាគឺជារឿងដែលមិនគ្រាន់តែធ្វើអោយអ្នកអាម៉ាសមុខទេ តែក៏ធ្វើអោយមនុស្សនៅជុំវិញខ្លួនគ្មានផាសុខភាពរស់នៅជាមួយគ្នាដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្របំបាត់ក្លិនខ្លួនមួយចំនួនតូចដែលអ្នកអាចធ្វើបាន។
បំបាត់ក្លិនខ្លួន បែបធម្មជាតិរាល់ថ្ងៃ
ការព្យាបាលដោយធម្មជាតិ ដូចជាប្រេងដើមតែ និងប្រេងផ្កាឡាវ៉ែនឌើ ក៏អាចប្រើប្រាស់សម្រាប់បំបាត់ក្លិនខ្លួនបានដែរ។ បើយើងនិយាយអំពីប្រេងធម្មជាតិវិញ វាអាចទៅជួយប្រឆាំងបាក់តេរី និងផ្តល់ជាក្លិនដ៏គួរអោយពេញចិត្តផងដែរ។ អ្នកគ្រាន់តែចាក់វាពីរបីដំណក់ រួចលាបនៅកន្លែងណា ដែលចេញញើសច្រើន ជាពិសេសក្លៀកតែម្តង។
ចៀសវាងអាហារហឹរ
ការទទួលទានអាហារហឹរនៅរដូវក្តៅអាចធ្វើអោយរន្ធញើសរីកធំ និងបញ្ចេញក្លិនអាក្រក់បាន។ ដូច្នេះ យកល្អគួរតែទទួលទានអាហារបែបនេះតិចតួច និងប្តូរជាអាហារស្រស់ៗអោយបានច្រើនវិញ។
ពាក់សម្លៀកបំពាក់ធ្វើពីអំបោះ
នៅរដូវក្តៅ អ្នកគួរតែស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះជានិច្ច ព្រោះវាអាចជួយបឺតស្រូបញើស និងបង្ការកុំអោយមានញើសចេញច្រើន។ ជាមួយគ្នានេះដែរ អ្នកត្រូវតែរកខោអាវរលង់ៗ ដើម្បីអោយស្បែកងាយស្រួលក្នុងការដកដង្ហើម។ ការស្លៀកពាក់ពណ៌ស្តើងៗ ក៏ជួយគ្រប់គ្រងការបែកញើសបានដែរ៕