ជាធម្មតា អ្នកដែលមានគ្រួសក្នុងតម្រងនោម ប្រាកដជាមិនបានដឹងថា ពួកគេមានបញ្ហានេះឡើយ រហូតដល់គ្រួសធ្វើចលនានៅក្នុងតម្រងនោម ឬចេញមកក្រៅ។ គ្រួសតូចអាចចេញតាមបំពង់បង្ហូរទឹកនោមមកក្រៅ និងមិនអាចបណ្តាលអោយមានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែ គ្រួសធំអាចធ្វើអោយស្ទះដល់ផ្លូវនៃទឹកនោម ជាហេតុបណ្តាលអោយមានរោគសញ្ញាដូចខាងក្រោម ៖

- ឈឺដូចគេចាក់ ដែលចាប់ផ្តើមនៅចង្កេះ
- ឈឺរាលដាលទៅផ្នែកខាងក្រោមនៃពោះ និងក្រលៀន នៅពេលដែលដុំគ្រួសធ្វើដំណើរឆ្លងកាត់ប្រព័ន្ធបង្ហូរទឹកនោម
- នោមចេញឈាម
- ចង្អោរ និងក្អួត
- ចង់នោមជារឿយៗ ឬភ្លាមៗ
- គ្រុនក្តៅ ឬញាក់។

ប្រសិនបើគ្រួសធំពេក វាអាចបណ្តាលអោយស្ទះ ដែលបង្កអោយមានជំងឺមួយដែលគេហៅថា hydronephrosis។ ជំងឺនេះកើតមាននៅពេលដែលតម្រងនោមម្ខាងហើម ដោយសារការចាល់ទឹកនោមទៅក្នុងតម្រងនោម។ អ្នកដែលមានជំងឺនេះអាចមានអារម្មណ៍ឈឺចង្កេះ ឬឈឺពោះខ្លាំង។ ការថតកាំរស្មីអ៊ិច ធ្វើអេកូសាស្ត្រ ឬស្កេន អាចបញ្ចាក់ថា អ្នកមាន ឬគ្មានជំងឺនេះ។ បើមិនបានព្យាបាលនោះទេ វាអាចបណ្តាលអោយខូចតម្រងនោមតែម្តង។
ក្នុងករណីអ្នកមានអារម្មណ៍ឈឺនៅខាងក្នុង ឃើញមានឈាមនៅក្នុងទឹកនោម ឬមានរោគសញ្ញាដទៃទៀតនៃជំងឺគ្រួសក្នុងតម្រងនោមដូចការរៀបរាប់ខាងលើ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យអោយបានឆាប់៕