ប្រសិទ្ធភាពនៃអារ៉ូមាថេរ៉ាភី (aromatherapy ការព្យាបាលដោយប្រើក្លិនក្រអូប) មានកំណត់របស់វា។ ទោះបីជាយ៉ាងណា ការសិក្សាមួយចំនួនបានបង្ហាញថា ការព្យាបាលដោយប្រើក្លិនក្រអូបប្រហែលជាមានប្រយោជន៍សម្រាប់សុខភាពផងដែរ ដូចជា ៖
- កាត់បន្ថយអាការៈថប់បារម្ភ និងរោគធ្លាក់ទឹកចិត្ត
- បង្កើនគុណភាពនៃជីវិត ជាពិសេសសម្រាប់មនុស្សដែលមានសុខភាពឈឺរ៉ាំរ៉ៃ។

ជាតិប្រេងដែលគេយកមកប្រើ ត្រូវបានទាញយកពីផ្នែកផ្សេងៗគ្នានៃរុក្ខជាតិ ហើយបន្ទាប់មកត្រូវបានគេយកមកចំហុយ។ កំហាប់ប្រេងខ្ពស់អាចត្រូវបានស្រូបដោយផ្ទាល់ ឬដោយប្រយោល ឬត្រូវបានលាបលើស្បែកតាមរយៈការម៉ាស្សា ឡេលាបស្បែក ឬអំបិលងួតទឹក។
ច្រមុះស្រូបយកក្លិនក្រអូប រួចបញ្ជូនបន្តតាមរយៈប្រព័ន្ធសរសៃប្រសាទទៅកាន់ផ្នែកមួយនៃក្បាលដែលគ្រប់គ្រងអារម្មណ៍របស់អ្នក។ ប្រេងរុក្ខជាតិជាច្រើនត្រូវបានគេទទួលស្គាល់ថា មានសុវត្ថិភាពនៅពេលដែលបានប្រើដោយផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលចំណីអាហារ និងឧសថ (FDA) មិនបានត្រួតពិនិត្យទៅលើប្រេងដែលគេយកមកប្រើនោះទេ។ ពេលលាបលើស្បែក ប៉ះពាល់ដែលអាចនឹងកើតឡើងមានដូចជា ប្រតិកម្មរលាកស្បែក និងចាញ់ពន្លឺព្រះអាទិត្យ។
យ៉ាងណាមិញ ការស្រាវជ្រាវបន្ថែមទៀត គឺពិតជាចាំបាច់ ដើម្បីកំណត់ពីរបៀបដែលប្រេងទាំងនោះអាចប៉ះពាល់ដល់កុមារ និង ស្ត្រីដែលមានផ្ទៃពោះ ឬបំបៅកូនប៉ុណ្ណា ដើម្បីរកវិធីដោះស្រាយពេលមានប្រតិកម្ម និងការព្យាបាលផ្សេងៗទៀត។ ប្រសិនបើអ្នកកំពុងតែពិចារណាលើការព្យាបាលបែបនេះ សូមអ្នកពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងអ្នកឯកទេស ដើម្បីអោយបានដឹងច្បាស់ពីហានិភ័យដែលអាចកើតមាន និងផលប្រយោជន៍របស់វា៕