មិនខុសពីផ្លែប៊ឺរតែម្ដងនោះទេ ស្លឹកនៃផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាសុខភាពរាងកាយជៀសផុតពីបញ្ហាជំងឺផ្សេងៗប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថាតើអ្នកអាចទទួលបានអត្ថប្រយោជន៍ពីស្លឹកប៊ឺរបានដោយរបៀបណាទៅ? ងាយណាស់! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកវាទៅឆុងជាតែ ហើយទទួលទានពី ១ ទៅ ២ ពែង រាល់ថ្ងៃជាការស្រេច។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីធ្វើ ឬឆុងតែស្លឹកប៊ឺរ រួមជាមួយអត្ថប្រយោជន៍ចំពោះសុខភាពនៃតែនេះ ៖

– របៀបឆុង ៖ ជាដំបូងត្រូវលាងស្លឹកផ្លែប៊ឺរស្រស់ចំនួនពី ៣ ទៅ ៤ ស្លឹកជាមួយទឹកធម្មតាឱ្យស្អាត។ បន្ទាប់មក បុកកំទេចស្លឹកប៊ឺរ ហើយចាប់ផ្ដើមដាក់ដាំស្លឹកប៊ឺរនេះក្នុងទឹកធម្មតាចំនួន ២ ពែង រហូតដល់ពុះសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុកឲ្យទឹកស្លឹកប៊ឺរចុះត្រជាក់បន្តិច សឹមស្រងកាក ឬស្លឹកប៊ឺរចេញ ជាការស្រេច។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូល ដើម្បីបង្កើនរសជាតិ។

– អត្ថប្រយោជន៍នៃការទទួលទានតែស្លឹកប៊ឺរចំពោះសុខភាព

១. ព្យាបាលជំងឺរាគ និងបញ្ហាផ្សេងទៀតនៃប្រព័ន្ធរំលាយអាហារ

ធ្លាប់ដឹងទេថា ការទទួលទានតែស្លឹកប៊ឺរ ១ ពែង អាចជួយគ្រប់គ្រងព្យាបាលជំងឺរាគបាន? នោះក៏ព្រោះតែស្លឹកប៊ឺរមានផ្ទុកសារធាតុ astringent និង antimicrobial ជួយកម្ចាត់ប្រយុទ្ធប្រឆាំងមេរោគបង្កជំងឺ។ តែស្លឹកប៊ឺរ ក៏មានប្រសិទ្ធិភាពជួយដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារផងដែរ រួមបញ្ចូលទាំងការលើសជាតិហ្គាស និងហើមឈឺពោះ។

២. កាត់បន្ថយទំហំនៃគ្រួសក្នុងតម្រងនោម

នោះក៏ព្រោះ តែស្លឹកប៊ឺរ មានផ្ទុកនូវសមាសធាតុមួយចំនួនដែលអាចជួយបំបែក ឬបង្រួមទំហំនៃគ្រួសក្នុងតម្រងនោមបានប្រកបដោយប្រសិទ្ធិភាព។

៣. កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូងឮ

តែស្លឹកប៊ឺរ ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ជាលទ្ធផល ហានិភ័យនៃជំងឺបេះដូងក៏ត្រូវបានកាត់បន្ថយផងដែរ ខណៈដែលសម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងបំផុតមួយបង្កជំងឺបេះដូង។ ដូច្នេះប្រសិនបើសម្ពាធឈាមរបស់អ្នកលើសពី ឬខ្ពស់ជាង 120/80 mmHg ចូរចាប់ផ្ដើមទទួលទានតែស្លឹកប៊ឺរជាប្រចាំ។

៤. បំបាត់អាការៈឈឺក្បាល និងការឈឺចាប់ផ្សេងទៀត

ថ្នាំបំបាត់ការឈឺចាប់អាចផ្ដល់ផលអវិជ្ជមានជាច្រើនចំពោះសុខភាព។  ដូច្នេះប្រសិនបើអ្នកមិនចង់ប្រើប្រាស់ថ្នាំប្រភេទនេះនៅពេលឈឺក្បាលទេនោះ អ្នកអាចឆុងតែស្លឹកប៊ឺរ ១ ពែងទទួលទានជំនួសក៏បាន។ តែស្លឹកប៊ឺរ មានផ្ទុកសារធាតុ analgesic ដែលជួយធ្វើឱ្យស្ពឹក និងកាត់បន្ថយការឈឺចាប់។ តែប្រភេទនេះក៏ជួយបំបាត់ការឈឺចាប់លើរាងកាយច្រើនទៀតផងដែរ រួមបញ្ចូលទាំងអាការៈឈឺខ្នងផ្នែកខាងក្រោម និងជង្គង់។

៥. គ្រប់គ្រងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម

ទាំងអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺនេះ អាចចាប់ផ្ដើមទទួលទានតែស្លឹកប៊ឺរ ២ ពែង រាល់ថ្ងៃ។ ការធ្វើបែបនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះពួកគេ ក៏ព្រោះតែស្លឹកប៊ឺរស្រស់មានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។

សម្គាល់ ៖ ទោះបីជា តែស្លឹកប៊ឺរ ល្អប្រសើរយ៉ាងណាចំពោះសុខភាពក៏ដោយ ក៏អ្នកមិនគួរប្រើប្រាស់តែនេះជំនួសថ្នាំដែលចេញតាមវេជ្ជបញ្ជាត្រឹមត្រូវ ឬរបៀបព្យាបាលដែលវេជ្ជបណ្ឌិតរបស់អ្នកបានណែនាំតែម្ដងដែរ។ ហើយប្រសិនបើអ្នកចង់ប្រើប្រាស់តែស្លឹកប៊ឺរសម្រាប់ព្យាបាលជំងឺនោះក៏កុំភ្លេចប្រាប់ដល់គ្រូពេទ្យរបស់អ្នកឱ្យបានដឹងជាមុនផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង