នៅ​ពេល​អាយុ​កាន់តែ​ច្រើន ការ​ប្រែប្រួល​របស់​រាង​កាយ​ក៏​កាន់តែ​ច្រើន​ដែរ​។ ហើយ​ដំណាក់កាល​មួយ​ដែល​ខ្លាំង​បំផុត​សម្រាប់​ជីវិត​ស្ត្រី​គ្រប់​រូប​នោះ គឺ​ការ​រ៉ាំ​ង​រដូវ​តែ​ម្តង ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​រហូត​ដល់​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ ក្តៅ​ពេញ​ខ្លួន និង​ឡើង​ទម្ងន់​ជាដើម​។

យ៉ាងណាមិញ អ្វី​ដែល​ស្ត្រី​ភាគច្រើន​មិន​បានដឹង​នោះ​គឺថា ការ​រ៉ាំ​ង​រដូវ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​បេះដូង​ទៀត​។ ថ្វីបើ​កត្តា​ផ្សេង​ៗ​ដូច​ជា អាយុ និង​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​បេះដូង ដែល​វា​មិន​អាច​ផ្លាស់​ប្តូរ​បាន​ក៏​ដោយ តែ​គាត់​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​នេះ​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​។

ខណៈ​ពេល​ដែល ការ​រ៉ាំ​ង​រដូវ​គឺជា​រឿង​ធម្មជាតិ ការ​ថយ​ចុះ​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​រាង​កាយ​ដោយសារ​តែ​អ័រម៉ូន​នោះ​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​បេះដូង​បាន​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​នាំ​ឲ្យ​ស្ត្រី​រ៉ាំ​ង​រដូវ​រួច​ងាយ​នឹង​កើត​ជំងឺ​បេះដូង​៖
•​ ​ការ​ថយ​ចុះ​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្រោយ​រ៉ាំ​ង​រដូវ នឹង​ធ្វើ​ឲ្យ​សរសៃឈាម​ទៅ​ជា​រឹង និង​មិនសូវ​មាន​ភាពយឺត ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម និង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​តែ​ម្តង​។
•​ ​រឿង​ដែល​កើត​មាន​ជា​ញឹកញាប់​នោះ​គឺថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច​មាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ ជា​ពិសេស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែ​ម្តង ដូច្នេះ​វា​ពិតជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ណាស់​។
•​ ​ការ​ធាត់ ឬ​ឡើង​ទម្ងន់​នៅ​ម្តុំ​ក្បាលពោះ​ក្រោយ​រ៉ាំ​ង​រដូវ​ក៏​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​ខ្ពស់​ដែរ​។
•​ ​អ្វី​ដែល​មិនសូវ​មាន​គេ​ដឹង​នោះ​គឺថា ស្ត្រី​រ៉ាំ​ង​រដូវ​រួច​ងាយ​នឹង​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុ​យ​លី​ន ព្រមទាំង​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ ហើយ​កាលណា​កើត​ជំងឺ​នេះ​ហើយ​គឺ​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។
•​ ​កាលណា​ស្ត្រី​ឈាន​ដល់​អាយុ ៥០​ឆ្នាំ គាត់​ពិតជា​ងាយ​មាន​បញ្ហា​បេះដូង​ដើរ​ខុស​ចង្វាក់​ណាស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង