ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា វាមានសារៈសំខាន់ខ្លាំងប៉ុណ្ណាក្នុងការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែ ថាតើពេលណា គឺជាពេលល្អបំផុតក្នុងការទទួលទានទឹកទៅ? ជាធម្មតា យើងគ្រប់គ្នាទទួលទានទឹកនៅពេលណាដែលមានអារម្មណ៍ថាស្រេក។ វា គឺល្អហើយ ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរចំពោះសុខភាពទៀតនោះអ្នកគួរទទួលទានតាមពេលវេលាដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ ៖

១. នៅពេលភ្ញាក់ពីដំណេក

សាកស្រមៃទៅមើល នៅពេលដែលអ្នកបញ្ឆេះរថយន្តក្នុងសីតុណ្ហភាពក្រោមសូន្យ បន្ទាប់មកដាក់លេខជាន់ហ្គែរ ដោយមិនរងចាំឲ្យក្ដៅម៉ាស៊ីនបន្តិចសិន នោះវានឹងទៅជាយ៉ាងណា។ ប្រាកដណាស់គ្រោះមហន្តរាយ ឬបញ្ហាផ្សេងៗនឹងកើតមានឡើងមិនយូរមិនឆាប់។រាងកាយរបស់មនុស្សក៏ដូចគ្នា ភ្ញាក់ឡើងដោយមិនទទួលទានទឹក ហើយចាប់ផ្ដើមធ្វើសកម្មភាពផ្សេងៗ វាហាក់ដូចជាអ្នកបង្ខំឲ្យរាងកាយធ្វើការដោយមិនផ្ដល់អ្វីសោះ ជាពិសេសប្រសិនបើអ្នករំលងអាហារពេលព្រឹក នោះបញ្ហាសុខភាពផ្សេងៗប្រាកដជាឆាប់នឹងកើតមានជាក់ជាមិនខាន។

២. ៣០ នាទី មុនពេលអាហារ

អ្នកជំនាញផ្នែកសម្រកទម្ងន់ជាច្រើននឹងណែនាំប្រាប់អ្នកនូវវិធីសាស្ត្រនេះ ដើម្បីការពារកុំឲ្យទទួលទានអាហារច្រើនពេក ដោយសារនៅពេលអ្នកទទួលទានទឹកមុនអាហារនោះ អ្នកនឹងមានអារម្មណ៍ថាឆ្អែត។ក្រៅពីជួយក្នុងការសម្រកទម្ងន់ហើយនោះ ការទទួលទានទឹកខណៈពេលនេះ ក៏ជួយជម្រុញមុខងារត្រឹមត្រូវនៃកោសិកាដែលធ្វើឲ្យការរំលាយអាហារកាន់តែមានភាពប្រសើរឡើងផងដែរ។

៣. នៅពេលអ្នកឃ្លាន

ប្រសិនបើអ្នកស្រេកទឹកនៅចន្លោះពេលអាហារ ចូរទទួលទានទឹកមួយកែវជាមុនសិនដើម្បីតេស្តថាតើអ្នកស្រេកទឹក ឬឃ្លានអាហារ។ មនុស្សមួយចំនួនគិតថា ពួកគេឃ្លាន នៅពេលដែលតាមពិតទៅ គឺគ្រាន់តែស្រេកទឹក។ ការទទួលទាននៅមុនពេលបរិភោគអាហារសម្រន់ផ្សេងៗ នឹងជួយឲ្យអ្នកឆាប់ឆ្អែត ហើយថែមទាំងជួយរក្សាកម្រិតត្រឹមត្រូវនៃការទទួលយកកាឡូរីផងដែរ។

៤. នៅពេលអ្នកអស់កម្លាំង

ធ្លាប់មានអារម្មណ៍ថា ហត់ ឬអស់កម្លាំង ពេលខ្លះដែរទេ? ជាពិសេសក្នុងពេលថ្ងៃ? ភាពអស់កម្លាំង គឺជាញឹកញយបណ្ដាលមកពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា ហត់អស់កម្លាំង ចូរទទួលទានទឹកធម្មតា ១កែវ ហើយអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុនជាមិនខាន។

៥. នៅមុនពេលធ្វើលំហាត់ប្រាណ

ការទទួលទានទឹក ១ កែវ នៅមុនពេលហាត់ប្រាណ គឺជួយការពារប្រឆាំងនឹងការបាត់បង់ ឬខ្សោះជាតិទឹកក្នុងរាងកាយកំឡុងពេល និងក្រោយពេលអ្នកធ្វើលំហាត់ប្រាណ។​ ជាតិទឹក គឺមានសារៈសំខាន់ក្នុងការការពារប្រឆាំងទៅនឹងបញ្ហានៃការស្លាប់ជាលិកាដោយសារសីតុណ្ហភាពត្រជាក់ រួមទាំងបញ្ហាអស់កម្លាំងខ្លាំងក្នុងអាកាសធាតុក្ដៅ ខណៈដែលចរន្តឈាមដើរតួនាទីការពារក្នុងសីតុណ្ហភាពខ្លាំងទាំង ២ ហើយត្រូវការទឹកដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។

៦. ក្រោយពេលធ្វើលំហាត់ប្រាណ

បន្ទាប់ពីហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយខ្លាំងក្លា អ្នកចាំបាច់ត្រូវទទួលទានទឹកច្រើន ដើម្បីបំពេញនូវសារធាតុ ឬជាតិទឹកដែលបានបាត់បង់តាមរយៈការនោម និងហូរញើស។ បរិមាណទឹកដែលអ្នកត្រូវការ គឺអាស្រ័យលើសុខភាព, ទម្ងន់ និងថាតើអ្នកបានធ្វើលំហាត់ប្រាណក្នុងអាកាស ឬសីតុណ្ហភាពក្ដៅ ឬត្រជាក់ ជាពិសេសសម្រាប់រយៈពេលយូរ ឬយ៉ាងណា។ ត្រូវប្រាកដថាអ្នកមិនទទួលទានទឹកច្រើនពេក ហើយលឿនពេកបើមិនដូច្នេះទេវាអាចបណ្ដាលឲ្យឈឺចាប់ក្នុងពោះ។

៧. ពីរបីនាទីមុនពេលចូលគេង

ធ្វើបែបនេះ គឺនឹងជួយបំពេញសារធាតុរាវក្នុងរាងកាយដែលបាត់បង់កំឡុងពេលយប់។

៨. នៅពេលឈឺ

នៅពេលរាក, ក្អួត ជាដើម គឺវាបណ្ដាលឲ្យអ្នកបាត់បង់ជាតិទឹកក្នុងរាងកាយ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការទទួលទានទឹកខណៈពេលនេះ ដើម្បីបំពេញជាតិទឹកដែលបាត់បង់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង